ទឹកក្រូចឆ្មាមានអត្ថប្រយោជន៍ធំៗដល់ទៅ ៧ យ៉ាង!
សុខភាព
647

មិនថាប្រុសឬស្រីក៏អាចពិសារទឹកក្រូចឆ្មាបានដែរ ទឹកក្រូចឆ្មាមិនត្រឹមតែមានរសជាតិឆ្ងាញ់នោះទេ តែទឹកក្រូចឆ្មា មានអត្ថប្រយោជន៍ធំៗដល់ទៅ ៧ យ៉ាង៖

១. វាជួយបំពេញជាតិវីតាមីន C

ទឹកក្រូចឆ្មាក៏ជាប្រភពនៃជាតិវីតាមីនC ដែលរាងកាយត្រូវការផងដែរ។ គួរបញ្ជាក់ថា ជាតិវីតាមីនC មានតួនាទីជួយទប់ស្កាត់ជំងឺសរសៃឈាមបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល និង សម្ពាធឈាមទាប។

២. ជួយឱ្យស្បែកមានសុខភាពល្អ

កាលណារាងកាយរបស់អ្នកសម្បូរទៅដោយជាតិវីតាមីន C វាជួយឱ្យស្បែកមានសភាពរឹងមាំ ពោលគឺកាត់បន្ថយនូវស្នាមជ្រីវជ្រួញ ស្បែកស្ងួត ឬ ការខូចខាតផ្សេងៗនៃស្បែកដែលបណ្ដាលមកពីការត្រូវពន្លឺថ្ងៃ។

៣. វាជួយក្នុងការសម្រកទម្ងន់

ទឹកក្រូចឆ្មាក៏មានអត្ថប្រយោជន៍ពិសេសមួយទៀតក្នុងការជួយទប់ស្កាត់នូវការឡើងទម្ងន់នៃរាងកាយ។ ចំណុចនេះពិតជាមានប្រសិទ្ធភាពពិតមែន ជាពិសេសសម្រាប់មិត្តនារីដែលមានបំណងចង់ធ្វើការសម្រកទម្ងន់ ឬ រក្សាទម្ងន់ជាដើម។

៤. វាជួយបំពេញជាតិទឹក

ដូចដែលអ្នកបានដឹងស្រាប់មកហើយ រាងកាយមនុស្សស្រីត្រូវការជាតិទឹកយ៉ាងតិច ២,៥ លីត្រ ក្នុង១ថ្ងៃ ឯមនុស្សប្រុសត្រូវការប្រមាណ ៣,៥ លីត្រ។ ដូចនេះក្រៅពីទឹកធម្មតា អ្នកអាចផ្លាស់ប្តូររសជាតិដោយបន្ថែមជាមួយការពិសារទឹកក្រូចឆ្មាផងដែរ ព្រោះវាក៏ជាប្រភពនៃជាតិទឹកដែរ។

៥. វាជួយដល់ការរំលាយអាហារ

មានមនុស្សមួយចំនួនដែលជ្រើសរើសពិសារទឹកក្រូចឆ្មាពីព្រលឹមដើម្បីជួយសម្រួលបញ្ហាទល់លាមក។ ទឹកក្តៅអ៊ុនៗលាយជាមួយក្រូចឆ្មាពេលព្រឹកមានប្រសិទ្ធភាពខ្លាំង ជាពិសេសក្នុងការជួយសម្រួលដល់ការរំលាយអាហារ។

៦. វាជួយទប់ស្កាត់ជំងឺគ្រួសក្នុងតម្រងនោម

គួរឱ្យដឹងថា ជាតិអាស៊ីតក្នុងក្រូចឆ្មាមាននាទីជួយទប់ស្កាត់នូវការកកើតគ្រួសក្នុងតម្រងនោម ដែលក្នុងនោះវាជួយកាត់បន្ថយជាតិអាស៊ីតនៅក្នុងទឹកនោម និង ជួយបំបែកដុំគ្រួសឱ្យទៅជាបំណែកតូចៗវិញបាន។ យ៉ាងណាមិញ វាតម្រូវឱ្យអ្នកពិសារទឹកឱ្យបានច្រើនជាប្រចាំ និង គ្រប់គ្រាន់តាមបរិមាណដែលរាងកាយត្រូវការ។

៧.ជួយឱ្យផ្លូវដង្ហើមស្រស់ស្រាយ

អ្នកធ្លាប់យកផ្លែក្រូចឆ្មាមកលាងដៃដើម្បីកាត់ក្លិនឆ្អេះឆ្អាបនៅលើដៃ ក្រោយពេលបរិភោគរួចទេ? ពិតណាស់ ក្រូចឆ្មាក៏មានតួនាទីលាងជម្រះ និង បំបាត់រាល់ក្លិនមិនល្អដែរ។ ដូច្នេះ ពេលអ្នកផឹកទឹកក្រូចឆ្មាចូល នោះវាក៏ជួយបំបាត់នូវបញ្ហាក្លិនមាត់ដែលបណ្តាលមកពីការបរិភោគនូវអាហារនានា និង ជួយសម្រួលឱ្យផ្លូវដង្ហើមមានលក្ខណៈស្រស់ស្រាយវិញផងដែរ ៕


Telegram