បុមបៃ៖ រដ្ឋមន្រ្ដីរដ្ឋម្នាក់បាននិយាយកាលពីថ្ងៃពុធ (១២ តុលា) ថា រដ្ឋអំណាចឥណ្ឌា បានបញ្ឈប់ការផលិត ស៊ីរ៉ូក្អក នៅរោងចក្រ ម៉ៃដេន ផាម៉ាស៊្យូទិក បន្ទាប់ពីរបាយការណ៍របស់អង្គការសុខភាពពិភពលោក(WHO) ថា ថ្នាំនេះអាចជាប់ពាក់ព័ន្ធនឹងការស្លាប់របស់កុមាររាប់សិបនាក់នៅក្នុងប្រទេសហ្គាំប៊ី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២។
រដ្ឋមន្ត្រីសុខាភិបាលនៅរដ្ឋ ហារីណា (Haryana) លោក អាន់នីល វីជ (Anil Vij) បានប្រាប់ Reuters ដៃគូ ANI ថា អាជ្ញាធរបានត្រួតពិនិត្យរោងចក្រ ម៉ៃដេន(Maiden) នៅជិតទីក្រុង សុនីផាត (Sonipat) ក្នុងរដ្ឋ ហើយបានរកឃើញការរំលោភលើការអនុវត្តល្អចំនួន១២។ លោក វីជ បាននិយាយថា ការផលិតត្រូវបានបញ្ជាឱ្យបញ្ឈប់ផងដែរ។
ជាមួយគ្នានេះ អង្គការសុខភាពពិភពលោកបាននិយាយ កាលពីសប្តាហ៍មុន ថា ការវិភាគមន្ទីរពិសោធន៍លើផលិតផល ពីរោងចក្រ ម៉ៃដេន (Maiden) ចំនួនបួនគឺ ប្រូម៉េតថាហ្ស៊ីន អ័រ៉ល់ ស៊ូលូសិន (Promethazine Oral Solution), កូស្មិចម៉ាលីន ប៉េប៊ី ខប់ស៊ីរ៉ប (Kofexmalin Baby Cough Syrup), ម៉ាខហ្វ ប៉េប៊ី ខប់ស៊ីរ៉ប (Makoff Baby Cough Syrup) និង ម៉ាហ្គ្រីប អិន ខូលស៊ីរ៉ប (Magrip N Cold Syrup) មានបរិមាណ«មិនអាចទទួលយកបាន»នៃ ឌីអេទីលីន គ្លីកូល (diethylene glycol) និង អេទីឡែន គ្លីកូល (ethylene glycol) ដែលអាចពុល និងធ្វើ ឲ្យ ខូចតម្រងនោមស្រួចស្រាវ។
ក្នុងនោះផងដែរ ប៉ូលីស ហ្គាំប៊ី នៅក្នុងរបាយការណ៍ស៊ើបអង្កេតបឋមមួយកាលពីថ្ងៃអង្គារ បាននិយាយថា ការស្លាប់របស់កុមារចំនួន៦៩នាក់ ដោយសារខូច ក្រលៀនស្រួចស្រាវ ត្រូវបានផ្សារភ្ជាប់ទៅនឹងថ្នាំក្អកដែលផលិតនៅក្នុងប្រទេសឥណ្ឌា និងបាននាំចូលតាមរយៈក្រុមហ៊ុនដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។
គេហទំព័រព័ត៌មាន Moneycontrol បានដកស្រង់សម្តីអ្នកត្រួតពិនិត្យថ្នាំ នៅក្នុងរដ្ឋ Haryana ដែលនិយាយក្នុងរបាយការណ៍មួយថា រោងចក្រ ម៉ៃដេន (Maiden) មិនបានធ្វើតេស្ដគុណភាពនៃ ប្រូភីលីន គ្លីកូល( propylene glycol), ឌីអេទីលីន គ្លីកូល(diethylene glycol) និង អេទីឡែន គ្លីកូល (ethylene glycol) ខណៈ ដែលក្រុមមួយចំនួននៃប្រូភីលីន គ្លីកូល មិនមានកាលបរិច្ឆេទផលិត និងផុតកំណត់ផងដែរ។
នេះវាគឺជាឧប្បត្តិហេតុដ៏អាក្រក់បំផុតមួយ ដែលពាក់ព័ន្ធនឹងថ្នាំ ពីប្រទេសឥណ្ឌា ដែលជារឿយៗត្រូវបានគេដាក់ឈ្មោះថា «ឱសថស្ថាននៃពិភពលោក»៕