រដ្ឋបាលខេត្តព្រះសីហនុ សម្រេចបើកឱ្យដំណើរការ ផ្សារចំនួន០៣
ព័ត៌មានជាតិ
486

ខេត្តព្រះសីហនុ ៖ គិតត្រឹមថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ នេះ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីសម្រេចបើកឱ្យដំណើរការ ផ្សារចំនួន០៣ មានដូចជា ផ្សារលើ ផ្សារដារ៉ាសំណាង និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ក្រុងព្រះសីហនុ (ហៅផ្សារចិន)នៅក្នុងក្រុងព្រះសីហនុ ដែលបានបំពេញគ្រប់លក្ខខណ្ឌ និងបានឆ្លងកាត់ការត្រួតពិនិត្យនិងវាយតម្លៃ ពីអនុគណៈកម្មការទី៦ (អនុគណៈកម្មការរៀបចំ គ្រប់គ្រងផ្សារ ភោជនីយដ្ឋាន អាហារដ្ឋាន និងអាជីវកម្មលក់ដូររបស់ប្រជាពលរដ្ឋ)។

ដោយឡែកចំពោះផ្សារនៅក្នុងស្រុកព្រៃនប់ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ក្រុមការងារអនុគណៈកម្មការទី៦ បានចុះបានពិនិត្យ និងផ្សព្វផ្សាយដល់អ្នកគ្រប់គ្រងផ្សារចំនួន ០៣ គឺផ្សារវាលរេញ ផ្សារអូរចំណារ និងផ្សារកោះខ្យង អំពីលក្ខខណ្ឌនៅក្នុងការបើកដំណើរការផ្សារឡើងវិញ ជាពិសេសការអនុវត្តតាមវិធានរដ្ឋបាល និងសុខាភិបាល ក្នុងការចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។ មកដល់ពេលនេះ ក្រុមការងារអនុគណៈកម្មការទី៦ បានទទួលពាក្យស្នើសុំបើកដំណើរការផ្សារឡើងវិញ មានចំនួន០២ផ្សារ គឺផ្សារវាលរេញ និងផ្សារអូរចំណារ។ ក្នុងនោះក្រុមការងារអនុគណៈកម្មការទី៦ នឹងចុះទៅត្រួតពិនិត្យ តាមពាក្យស្នើសុំ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ខាងមុខនេះ។

សូមជម្រាបជូនពីលក្ខខណ្ឌមួយចំនួនចំពោះបងប្អូនអាជីវករដើម្បីអាចចូលទៅបើកលក់ដូរវិញបានមានដូចខាងក្រោម៖

-អាជីវករដែលអនុញ្ញាតឱ្យចូលលក់ដូរបានលុះណាតែមានប័ណ្ណចាក់វ៉ាក់សាំងរួចពីរដង។

-អាជីវករទាំងអស់អស់ត្រូវយកសំណាករកមេរោគកូវីដ-១៩ តាមការចាំបាច់ស្របតាមការជូនដំណឹងរបស់អ្នកគ្រប់គ្រង ផ្សារឬអាជ្ញាធរមូលដ្ឋាន។

-ក្នុងផ្សារត្រូវបាញ់ថ្នាំ/អាកុល សម្លាប់មេរោគរាល់សប្តាហ៍។

-ករណីមានបុគ្គលណាមានអាការៈសង្ស័យត្រូវសហការជាមួយក្រុមគ្រូពេទ្យដើម្បីយកសំណាកភ្លាម។

-អាជីវករទាំងអស់ត្រូវរៀបចំតូបរបស់ខ្លួនឱ្យមានលក្ខណៈស្រឡះទូលាយមានខ្យល់ចេញចូលគ្រប់គ្រាន់ និងរៀបចំដាក់អោយរបៀបរៀបរយ មានអាកុល ពាក់ម៉ាស់និងមិនអនុញ្ញាតឱ្យប្រមូលផ្ដុំគ្នាឡើយ។

-អ្នកមកទិញឥវ៉ាន់ឬអតិថិជនត្រូវតែតម្រង់ជួរដោយរក្សាគម្លាតឱ្យបាន១,៥ ម៉ែត្រពីគ្នា។

ប្រសិនបើម្ចាស់តូបមិនអនុវត្តតាមការណែនាំនេះឬមិនធ្វើតាមការណែនាំរបស់គណៈគ្រប់គ្រងផ្សារ ម្ចាស់ផ្សារឬមន្ត្រីមានសមត្ថកិច្ចហើយត្រូវបានរកឃើញថាមានហានិភ័យខ្ពស់ក្នុងការចម្លងមេរោគកូវីដ-១៩ នឹងត្រូវផ្អាកមិនឱ្យប្រកបអាជីវកម្មនៅក្នុងផ្សារឡើយ។ ម្ចាស់ផ្សារត្រូវទទួលខុសត្រូវនិងធានាបាននូវ ការអនុវត្តការណែនាំនេះឱ្យមានប្រសិទ្ធភាព។

ឯឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ថាគ្រប់ផ្សារទំាងអស់ដែលបានបិទកន្លងមក គឺត្រូវតែរៀបចំសណ្តាប់ធ្នាប់ អនាម័យឱ្យបានលើស្អាតត្រឹមត្រូវ ចំពោះបងប្អូនអាជីវករត្រូវយកសំណាកឱ្យបានរួចរាល់ និងអនុវត្តតាមលក្ខខណ្ឌដែលបានរដ្ឋបាលខេត្តបានចេញ ទើបអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ។

ជាមួយគ្នានេះ ឯឧត្តមអភិបាលខេត្ត ក៏បានស្នើឱ្យបងប្អូនអាជីវករទាំងអស់ ត្រូវរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ឱ្យបានល្អប្រសើរ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមវិធានការណែនាំ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីតដ-១៩ និងធានាបាននូវសុវត្ថិភាពទាំងអស់គ្នា៕


Telegram