រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានទទួលវ៉ាក់សាំងដូសទី៣ ឬដូសជំរុញ។
តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក សម្តេចតេជោ បានគូសបញ្ជាក់ថា នៅទូទាំងប្រទេសកម្ពុជា ប្រជាពលរដ្ឋចាក់ដូសទី៣ឬដូសជំរុញ បានប្រមាណជិត៧៨ម៉ឺននាក់រួចទៅហើយ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានបន្តថា យើងនឹងបន្តការចាក់ដូសទី៣ឱយបានគ្រប់ៗគ្នាសម្រាប់បងប្អូន ដែលបានចាក់ដូសទី១ និងដូសទី២រួចរាល់ ទៅតាមពេលវេលា ដែលត្រូវចាក់ដោយគិតពីដូសទី២ទៅដូសទី៣ក្នុងរយះពេលពី៤ទៅ៦ខែ។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចាក់វ៉ាក់សាំងដូសទី១ និងទី២ ជាប្រភេទវ៉ាក់សាំងអាស្ត្រាហ្សេនីកា។ ដូសទី១ សម្តេចបានចាក់នៅថ្ងៃទី០១ ខែមីនា ហើយដូសទី២ ចាក់នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។
គួរបញ្ជាក់ផងដែថា គិតត្រឹមយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១១,៤៧០,៦៥៣នាក់ ។ប្រភពក្រសួងព័ត៍មាន