ខេត្តព្រះសីហនុ ៖ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ តាមបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងនគរបាលប៉ុស្តិ៍ទំនប់រលក សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រុកស្ទឹងហាវ ដឹកនាំដោយលោក ស៊ុន ពិសី អភិបាលរងស្រុកស្ទឹងហាវ និងក្រុមមុជទឹកអង្គភាពកំពង់ផែស្វយត័ក្រុងព្រះសីហនុ ក្រុមការងារក្រុមហ៊ុន ជី.ធី.វី.ស៊ី ស្ពីដប៊ូត កម្ពុជា (G.T.V.C) ដឹកនាំផ្ទាល់ដោយ លោកឧកញ៉ា ទៀ វិចិត្រ កំពុងបន្តរកជនរងគ្រោះ មានឈ្មោះ ស៊ន មករា (ហៅឧត្តម) ដែលបានបាត់ខ្លួន ដោយសារករណីលិចទូកនេសាទមួយគ្រឿង នៅចំណុចចុងអូរ ប្រមាណចំងាយ១០០ម៉ែត្រ ស្ថិតនៅក្រុម១ ភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ។
សូមបញ្ជាក់ផងដែរថា នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង២រសៀល ម្សិលមិញ មានករណីលិចទូកនេសាទមួយគ្រឿង នៅចំណុចចុងអូរ ប្រមាណចំងាយ១០០ម៉ែត្រ នៅលើទូកនេសាទមានគ្នាចំនួន ២នាក់៖
១-ឈ្មោះ មាឃ សៀក ភេទប្រុស អាយុ៤៧ឆ្នាំ (ឪពុក) មុខរបរនេសាទ។
២-ឈ្មោះ ស៊នមករា (ហៅឧត្តម) ភេទប្រុស អាយុ១៤ឆ្នាំ (បាត់ខ្លួនរកមិនទាន់ឃើញ) ។ជនរងគ្រោះទាំងពីរ ជាពលរដ្ឋរស់នៅក្រុម១០ ភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។
ក្រោយមកទល់ពេលនេះ ប៉ូលិសកំពុងបន្តរុករក ជនរងគ្រោះស៊ន មករា (ហៅឧត្តម) នៅឡើយ ៕