រាជធានីភ្នំពេញ ៖ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានធ្វើការផ្ដាំផ្ញើឲ្យលោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សានិងសិស្សទាំងអស់ត្រូវគោរពប្រតិបត្តិឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) សម្រាប់ដំណើរការគ្រឹះស្ថានសឹក្សាឡើងវិញ ក្នុងបរិបទនៃជំងឺកូវីដ-១៩ របស់ក្រសួងអប់រំយុវជន និងកីឡា និងសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ខណៈដែលសាលាត្រូវបានបើកឲ្យដំណើរការឡើងវិញនៅថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២១នេះ។
ការលើកឡើងបែបនេះរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើឡើង ខណៈដែលលោកដឹកនាំអាជ្ញាធរនិងមន្ទីរអប់រំយុវជននិងកីឡាចុះពិនិត្យមើលការបើកឱ្យដំណើរការគ្រឹះស្ថានសិក្សារដ្ឋនិងឯកជនឡើងវិញនាព្រឹកថ្ងៃទី១៥ខែកញ្ញានេះ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ ,វិទ្យាល័យចតុមុខ និងសាលារៀន ICS ស្ថិតក្នុងខណ្ឌដូនពេញរាជធានីភ្នំពេញ។
លោកឃួង ស្រេងបានមានប្រសាសន៍លើកឡើងថា ដើម្បីអោយដំណើរការនៃការបើកសាលារៀនឡើងវិញជាជំហានដំបូងនេះ ទទួលបាននូវភាពជោគជ័យ លោកស្នើអោយលោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សានិងសិស្សានុសិស្សទាំងអស់ ត្រូវតែអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) របស់ក្រសួង អប់រំយុវជននិងកីឡា ពិសេសគឺការអនុវត្តនូវអនុសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន៣កុំនិង៣ការពារ។
លោកឃួង ស្រេងបានបញ្ជាក់ផងដែរថា អាជ្ញាធររាជធានី ក្នុងនាមជាម៉ែ ជាឪ ប្រជាពលរដ្ឋ យើងពិតជាមានការព្រួយបារម្ភខ្លាំងការបើកសាលាឡើងវិញនេះ ដោយហេតុនេះហើយ ទើបរដ្ឋបាលរាជធានីភ្នំពេញ យកចិត្តទុកដាក់ខ្លាំងបំផុត ទៅលើការធ្វើតេស្តកូវីដ-១៩ លើលោកគ្រូអ្នកគ្រូបុគ្គលិកសិក្សានិងអាណាព្យាបាលសិស្ស ជាមួយនិងការ សម្អាតបរិស្ថានទីធ្លាសាលារៀន និងការបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងសាលាផងដែរ។ ការងារនេះយើងមិនបញ្ចប់ត្រឹមនេះទេ គឺនៅតែបន្តធ្វើ ដើម្បីកុំឲ្យមានការរីករាលដាលឆ្លងជំងឺកូវីដ-១៩ ដែលធ្វើយ៉ាងណាឲ្យដំណើរការនៃការបើកសាលារៀនឡើងវិញនេះទទួលបានភាពជោគជ័យ។
លោកបានបញ្ជាក់បន្ថែមថា ការបើកសាលារៀនឡើងវិញនេះ អាជ្ញាធររាជធានីភ្នំពេញក៏ដូចជាក្រសួងអប់រំនិងយុវជននិងកីឡា មិនមានការបង្ខិតបង្ខំអោយ
សិស្សានុសិស្ស ត្រូវតែចូលមករៀននៅក្នុងសាលាដាច់ខាត នោះទេ គឺស្ថិតទៅលើការស្ម័គ្រចិត្តរបស់ឪពុក ម្ដាយ អាណាព្យាបាលសិស្សានុសិស្ស ពោលគឺពួកគាត់ អាចចូលរៀននៅតាមសាលាក៏បាន ឬរៀនតាម online ក៏បាន។
ពាក់ព័ន្ធនឹងការបើកសាលាឡើងវិញ លោកឃួង ស្រេងក៏បានបញ្ជាក់ផងដែរថា គ្រប់បណ្ដាគ្រឹះស្ថានរដ្ឋនិងឯកជន ដែលរដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបើកឲ្យដំណើរការសម្រាប់ថ្ងៃទី ១៥ខែកញ្ញានេះ
គឺរដ្ឋបាលរាជធានីភ្នំពេញ បានពិនិត្យឃើញថា សាលាទាំងអស់នោះ បានអនុវត្តបានយ៉ាងខ្ជាប់ខ្ជួននូវ គោលការណ៍ប្រតិបត្តិស្តង់ដា (SOP) របស់ក្រសួង អប់រំយុវជននិងកីឡានិងការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញរួចហើយ។