សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិបាលខេត្ត ស្រាវជ្រាវនិងបំភ្លឺជុំវិញករណីហាម​ឃាត់ប្រជាជនមិនឱ្យ សម្លាប់ពពែយកសាច់
ព័ត៌មានជាតិ
460

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើឱ្យរដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអភិបាលខេត្តមួយ ស្រាវជ្រាវនិងបំភ្លឺជុំវិញករណី​ហាមឃាត់ប្រជាជនមិនឱ្យសម្លាប់ពពែ យកសាច់ ដែលមានរូបថតវីដេអូឃ្លីបរយៈពេល ១៖ ៤៦​នាទី ត្រូវបានផ្សព្វផ្សាយនាព្រឹកថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០២១នោះ។

នៅលើផេកហ្វេសប៊ុកផ្លូវការ នាព្រឹកថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំៗ០២១ សម្ដេចតេជោ​នាយក​រដ្ឋ​មន្ត្រី​​បានសរសេរដោយលើកជាសំណួរថា “តើមន្ត្រីយើងធ្វើដល់ថ្នាក់នេះជាមួយ​ប្រ​ជា​ជនមែនទេ។ រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិបាលខេត្តដឹងរឿងនេះឬទេ។ តើរាជរដ្ឋាភិ​បាល​មាន​ដែលហាមឃាត់ប្រជាជនមិនឱ្យសម្លាប់ពពែយកសាច់ជាអាហារពីពេលណាមក ទើប​បាន​ជាមន្ត្រីយើងធ្វើមកលើប្រជាជនបែបនេះ”។ សម្ដេចតេជោបនប្តថា យើងលើកទឹកចិត្តឱ្យប្រជា​ជនចិញ្ចឹមសត្វ មិនមែនទុកសម្រាប់ទុកតាំងពិព័រណ៍ទេ គឺសម្រាប់ជាចំណីអាហារ។ ហេតុអី​បាន​ប្រជាជនចិញ្ចឹមសត្វគ្មានសិទ្ធិសម្លាប់សត្វយកសាច់ទទួលទាន ហើយតម្រូវឱ្យសុំច្បាប់។ សម្ដេចតេជោគូសបញ្ជាក់ថា “បើមានក្នុងច្បាប់ គឺត្រូវធ្វើវិសោធនកម្មច្បាប់។ ខ្ញុំមិនដឹងថារូប​ភាព​ក្នុងវីដេអូនេះកើតនៅក្នុងខេត្តណាទេ។ សុំរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិបាលខេត្តស្រាវ​ជ្រាវហើយចូលមកបំភ្លឺឱ្យខ្ញុំតាមហ្វេសបុកនេះ ដើម្បីឱ្យប្រជាជនបានដឹងជាទូទៅ។ ខ្ញុំហួសចិត្តនិងអាណិត ប្រជាជនជាទីគោរពស្រលាញ់របស់ខ្ញុំ”។

គួរបញ្ជាក់ដែរថា ភ្លាមៗបន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាប្រតិកម្មចំពោះ វិដេអូឃ្លីប ដែលបង្ហាញពីសកម្មភាពមន្រ្តី​ជំនាញ​ក្រសួង​កសិកម្ម ចុះទៅហាមឃាត់មិនឱ្យប្រជាពលរដ្ឋសម្លាប់ពពែយកសាច់នោះ ឯកឧត្ដម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មបានបំភ្លឺតបជូនសម្តេចតេជោអំពីករណីនេះថា «ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខ្ញុំសូមអនុញ្ញាតគោរពជម្រាបជូនសម្តេច តេជោ មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា ការចិញ្ចឹមសត្វ និងការសម្លាប់សត្វក្នុងគោលបំណង​ដើម្បី​ផ្គត់ផ្គង់ ជីវភាពក្នុងគ្រួសារ គឺពុំមានទោសទណ្ឌ និងមានចែងនៅក្នុងច្បាប់ស្តីពីសុខភាព​សត្វ​និងផលិតកម្មសត្វនោះទេ ហើយក៏គ្មានជាប់ពាក់ព័ន្ធទៅ ការប្រព្រឹត្តបទល្មើសអ្វីដែរ លើក​លែងតែការសម្លាប់សត្វក្នុងគោលបំណងធ្វើអាជីកម្មតែប៉ុណ្ណោះ។ ដោយឡែកទាក់ទង​ទៅនឹង​បញ្ហាខាងលើ ខ្ញុំសង្ឃឹមថា អាជ្ញាធរមូលដ្ឋាន ខេត្តកណ្តាល ដែលបានធ្វើការកិច្ចការនេះ​ផ្ទាល់​និងផ្តល់ជូនរបាយការណ៍លម្អិតជូនសម្តេចតេជោ បានជ្រាបដ៏ខ្ពង់ខ្ពស់បន្ថែម។ ដោយក្តីគោរព​ដ៏ខ្ពង់ខ្ពង់បំផុតពីខ្ញុំបាទ»។

គួររម្លឹកផងដែរថា ជាមួយនឹងរូបថតវីដេអូឃ្លីបដែលមានរយៈពេល១៖៤៦ នាទីនៅព្រឹក​ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ចេញប្រតិកម្ម ចំពោះសកម្ម​ភាពមន្ត្រីជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទដែលចុះទៅហាមឃាត់មិនឱ្យ​ប្រជាពលរដ្ឋសម្លាប់សត្វពពែ។ សម្តេចតេជោក៏បានកំហិតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្ម និង អភិបាល​ខេត្តនោះ បំភ្លឺជូនសម្តេចតាមហ្វេសប៊ុក ដើម្បីឱ្យប្រជាជនបានដឹងទូទៅវិញ៕ AKP  


Telegram