ក្រសួងធម្មការ ចេញសេចក្តីណែនាំ៣ចំណុច ស្តីពីការផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩
ព័ត៌មានជាតិ
369

រាជធានីភ្នំពេញ ៖ ក្រសួងធម្មការ និងសាសនា នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញនូវសេចក្តីណែនាំមួយ ដែលមានខ្លឹមសារសំខាន់ៗចំនួន៣ចំណុច ស្ដីពីការផ្អាកការរៀបចំ ពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ក្នុងសេចក្តីណែនាំដែលចុះហត្ថលេខា និងបោះត្រា ដោយលោករដ្ឋមន្ត្រី ឈិត សុខុន បានបញ្ជាក់ថា ក្រសួងធម្មការ និងសាសនា សូមថ្វាយថ្វាយប្រគេន និងជូនដំណឹងសម្ដេចព្រះសង្ឃនាយកទាំងពីរគណៈ ថ្នាក់ដឹកនាំគ្រប់សាសនា និងលោកមន្ទីរធម្មការនិងសាសនា រាជធានី/ខេត្ត ព្រះមេត្តា-មេត្តាជ្រាបថា ដើម្បីចូលរួមបដិបត្តិ តាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលអាចនឹងធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា ត្រូវប្រឈមនឹងហានិភ័យខ្ពស់ នៃការឆ្លងរីករាលដាលទ្រង់ទ្រាយធំ នៅទូទាំងប្រទេសនៃជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា ដែលមានកម្រិតនៃការឆ្លងរីករាលដាលឆាប់រហ័ស។

យោងលើភាពចាំបាច់ ក្នុងការបន្តគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសដើម្បីធានាការពារអាយុជីវិត និងសុខភាពរបស់ប្រជាជន ខណៈដែលព្រះរាជាណាចក្រកម្ពុជា កំពុងបើកដំណើរការសាលារៀនឡើងវិញ ក៏ដូចជាកំពុងរៀបចំផែនការ ដើម្បីឆ្ពោះទៅបើកដំណើរការប្រទេសពេញលេញឡើងវិញ នាពេលខាងមុខ, ក្រសួងសូមណែនាំដូចខាងក្រោម៖

១.សហការជាមួយព្រះមេគណ ព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ផ្សព្វផ្សាយដល់គ្រប់វត្តអារាម នៅទូទាំងប្រទេសនូវសេចក្តីសម្រេច របស់រាជរដ្ឋាភិបាល ស្តីពីការផ្អាកការរៀបចំ ពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ។

២.ផ្សព្វផ្សាយដល់គ្រប់វត្តអារាម និងវិហាពាហិរសាសនា ត្រូវអនុវត្តនៅវិធានការនានា របស់ក្រសួងសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួន ជាពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ច នូវវិធានការ «៣ កុំ និង៣ការពារ» របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី។

៣.ត្រូវសហការជួយសម្របសម្រួល ជាមួយយន្តការដែលមានការពាក់ព័ន្ធទាំងអស់ ដើម្បីធានាការនាំយកចង្ហាន់ និងទេយ្យទានចាំបាច់នានា ប្រគេនដល់ព្រះសង្ឃនៅតាមវត្តអារាមនានា។

គួររំលឹកថា ក្រោយមានការផ្ទុះឡើងនូវករណីឆ្លងជំងឺកូវីដ-១៩ នៅតាមបណ្តាវត្តមួយចំនួន ក្នុងរាជធានីភ្នំពេញ, រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃម្សិលមិញ បានសម្រេចផ្អាករៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌក្នុងឆ្នាំនេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលបន្ថែមទៀត៕


Telegram