រាជធានីភ្នំពេញ ៖ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យជនរួមជាតិ យោគយល់ចំពោះការផ្អាកការៀបចំពីធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាដាលនៃជំងឺកូវីដ-១៩ ពិសេសមេរោគបំប្លែងខ្លួនថ្មីប្រភេទ Delta ក្នុងខណៈដែលទីវត្តអារាមមួយចំនួនកំពុងមានហានិភ័យនៃជំងឺរាតត្បាតនេះ។
ក្នុងសារជាសំលឡេងជូនជនរួមជាតិ នាថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២១ ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ-១៩ នៅតាមវត្តអារាមសម្ដេចតេជោបានថ្លែងថា«ក្នុងឋានៈជាប្រមុខនៃរាជរដ្ឋាភិបាល ពិតជាមិនអាចឱបដៃឈរមើល ការស្លាប់ ការឆ្លង និងឈានទៅដល់ការស្លាប់របស់ប្រជាជនយើងដោយសារការធ្វេសប្រហែសនោះទេ»។ សម្ដេចតេជោសង្ឃឹមថា ព្រះសង្ឃ ក៏ដូចជាបងប្អូនជនរួមជាតិរបស់យើង ដែលជាពុទ្ធបរិស័ទ ពុទ្ធសាសនិក ពិតជានឹងយោគយល់បាននូវការសម្រេចចិត្តរបស់សម្ដេច ដើម្បីធានាទៅដល់ជីវិតរបស់ប្រជាជនយើង។
សម្ដេចតេជោនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា អ្វីដែលគួរឱ្យបារម្ភបំផុត មិនមែនបញ្ហានៅក្នុងទីវត្តអារាមទេ ការឆ្លងចាប់ផ្ដើមពីទីអារ៉ាម ក៏ប៉ុន្តែនៅពេលដែលប្រជាពលរដ្ឋរបស់យើងបានធ្វើដំណើរចេញពីទីអារាម នាំនូវជំងឺ ទៅកាន់ក្នុងផ្ទះសម្បែងតែម្ដង ដោយសារប្រជាពលរដ្ឋរបស់យើងទៅធ្វើបុណ្យ។ ដូច្នេះសភាពការណ៍នេះ គឺជាសភាពការណ៍ដ៏អាក្រក់ សម្រាប់ការព្យាការណ៍ទុករបស់ខ្ញុំព្រះករុណាខ្ញុំ។ សម្ដេចតេជោលើកឡើងថា កាលពីឆ្នាំទៅយើងសម្រេចផ្អាកមិនឱ្យមានការចូលឆ្នាំ និងមានវិធានការហ្មត់ចត់សម្រាប់ពេលភ្ជុំបិណ្ឌ ដែលពេលនោះមិនមានជំងឺឆ្លងនៅតាមសហគមន៍ ហើយក៏មិនទាន់មានប្រភព ដែលតា ដែលជាវីរុសឆ្លងលឿនបំផុត សាហាវបំផុត និងគ្រោះថ្នាក់បំផុត។ តែឥឡូវនេះ ដែលតា បានលុកលុយនៅគ្រប់ទីកន្លែងទៅហើយ ទោះបីជាទើបនឹងមាន ៥ ០០០ ឬ ៦ ០០០ ករណី ក៏ប៉ុន្តែវាបានពង្រាយនៅទូទាំងប្រទេសរួចស្រេចទៅហើយ។ សម្ដេចតេជោថ្លែងថា “ពិតហើយយើងមិនឱ្យព្រះសង្ឃដាច់ចង្ហាន់នោះទេ ប្រជាជនយើងក៏នៅមានឱកាស ចាត់តាំងសម្របសម្រួលគ្នាជាមួយអាជ្ញាធរ ដើម្បីនាំយកនូវចង្ហាន់ ឬក៏នាំនូវទេយ្យវត្ថុ ដើម្បីយកទៅប្រគេនព្រះសង្ឃបានដដែល ហើយយើងទាំងអស់គ្នាក៏អាចធ្វើបុណ្យសែនព្រេននៅតាមផ្ទះតាមប្រពៃណីផងដែរ”។
សម្ដេចតេជោថ្លែងសង្កត់ធ្ងន់ថា បញ្ហាទាំងអស់នេះ ជាបញ្ហាប្រឈមដ៏ធ្ង់ធ្ងរ គ្រោះថ្នាក់សម្រាប់ជាតិនិងសាសនារបស់យើង ដែលខ្ញុំព្រះករុណាខ្ញុំត្រូវយកវិធានការចាំបាច់ ហើយវាអាចប៉ះទង្គិចជាមួយនឹងការគិតគូរបស់មនុស្សខ្លះ ដែលមិនយល់នូវអ្វីដែលហៅថាវិធានការដើម្បីការពារជីវិត ការពារជាមួយនិងការរីរាលដាលនៃជំងឺឆ្លងដ៏កាចសាហាវនេះ។
សម្ដេចតេជោបានបញ្ជាក់ទៀតថា យើងនូវតែបន្តឱ្យមន្ត្រីរាជការ បុគ្គលិកក្រុមហ៊ុននានា បានឈប់សម្រាកទៅតាមអនុក្រិត្យដែលមានក្នុងការឈប់សម្រាកនៃថ្ងៃភ្ជុំបិណ្ឌ។ យើងនៅតែបន្តឱ្យបងប្អូនបានធ្វើដំណើរទៅកំសាន្តនៅទីនេះ នៅទីនោះ ជាពិសេសលើកទឹកចិត្តឱ្យទៅកំសាន្តនៅតាមតំបន់ទេសចរណ៍ធម្មជាតិ ទេសចរណ៍នៅតាមសហគមន៍ ដែលមានការរៀបចំបានល្អ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋរបស់យើងបានស្គាល់នូវប្រទេសខ្លួនឯង បានស្គាល់នៅរមណីយដ្ឋានទេសចរណ៍ធម្មជាតិរបស់ខ្លួន។
សម្ដេចតេជោនាយករដ្ឋមន្ត្រីថ្លែងសង្កត់ទៀតថា បញ្ហាមានធ្ងន់មានស្រាល តែបញ្ហាអាយុជីវិត និងសុខភាពរបស់ប្រជាជន ជាបញ្ហាអាទិភាពខ្ពស់បំផុត។ ការពារជីវិតបានមានពេលវេលាច្រើនណាស់ ដើម្បីនឹងធ្វើបុណ្យធ្វើទានតទៅទៀត ប្រសិនបើយើងស្លាប់ដោយសារកូវីដ១៩ គឺយើងគ្មានឱកាសធ្វើបុណ្យទេ។ សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាល សង្ឃឹមថា ជនរួមជាតិ ពិតជាមានការយោគយល់ដល់ការលំបាក របស់សម្ដេច ក្នុងការសម្រេចចិត្តធ្វើបែបនេះ ដើម្បីធានាដល់ជីវិត ធានាដល់សុខភាពរបស់របស់ប្រជាជនម្នាក់ៗ ក៏ដូជាសុខភាពសាធារណៈ៕ ក្រសួងព័ត៌មាន