កម្ពុជាផ្តល់វ៉ាក់សាំង Sinovac ចំនួន២០ម៉ឺនដូសជូនដល់រដ្ឋាភិបាលឡាវ
ព័ត៌មានជាតិ
279

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់វ៉ាក់សាំងស៉ីណូវ៉ាក់ចំនួន២០ម៉ឺនដូស ជូនដល់រដ្ឋាភិបាលឡាវ ដើម្បីបង្ការជម្ងឺកូវីដ១៩។ ពីធីប្រគល់-ទទួលវ៉ាក់សាំងនេះបានធ្វើឡើងនៅច្រកព្រំដែនអន្តរជាតិត្រពាំងក្រៀល ក្នុងខេត្តស្ទឹងត្រែង ជាប់ព្រំដែនខេត្តចម្ប៉ាស័ករបស់ឡាវ ដោយមានការចូលរួមដោយ ឯកឧត្តម អ៊ុច បូរឹទ្ធ រដ្ឋលេខាធិការប្រចាំការ ក្រសួងការបរទេស តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយបានប្រគល់ជូន ឯកឧត្តមបណ្ឌិត ប៊ុនហ្វេង ភូមិម៉ាឡៃស៊ិត (Bounfeng Phommalaysith) រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាអនុប្រធានគណ:កម្មការ ការពារគ្រប់គ្រងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៃប្រទេសឡាវ។

ការផ្ដល់វ៉ាក់សាំងរបស់កម្ពុជាជូនរដ្ឋាភិបាលឡាវនៅពេលនេះ គឺជាការបង្ហាញនូវការយកចិត្តទុកដាក់ដ៏ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលចំពោះសុខមាលភាព ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរដែលរស់នៅជាប់ព្រំដែនជាមួយគ្នា។ ការផ្ដល់វ៉ាក់សាំងជូនរដ្ឋាភិបាលឡាវនៅពេលនេះ នឹងសំដៅការលើកកម្ពស់ផ្នែកសុខមាលភាព កាន់តែល្អប្រសើរថែមទៀតសម្រាប់ប្រជាជនឡាវ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្នុងនាមជាប្រទេសជិតខាងភូមិផងរបងជាមួយគ្នា។


Telegram