អភិបាលខេត្តព្រះសីហនុ ព្រមានចាត់វិធានការក្ដៅ ចំពោះម្ចាស់ សណ្ឋាគារ និងកាស៊ីណូពាក់ព័ន្ធការបង្ខាំងមនុស្ស
ខេត្តព្រះសីហនុ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានព្រមានចាត់វិធានការរដ្ឋបាល និងច្បាប់ចំពោះម្ចាស់អគារ សណ្ឋាគារ និងកាស៊ីណូ ដែលមានការពាក់ព័ន្ធទោះក្នុងរូបភាពដោយប្រយោល ឬដោយផ្ទាល់ក្ដី ទៅលើការបង្ខាំង ការបង្ខំឱ្យមនុស្សធ្វើការ ការជួញដូរតាមរូបភាពទទួលមនុស្សឆ្លងដែនដោយខុសច្បាប់ឱ្យធ្វើការ ដែលមានការចាត់តាំងជាដើម។
តាមរយៈសេចក្ដីប្រកាស ព័ត៌មាន, លោក គួច ចំរើន បានបញ្ជាក់ថា «ក្នុងករណីរកឃើញម្ចាស់អគារ សណ្ឋាគារ និងកាស៊ីណូប្រព្រឹត្តបទល្មើស ដូចមានចែងខាងលើ រដ្ឋបាលខេត្តនឹងចាត់វិធានការ ផ្អាកទីតាំងអាជីវកម្ម ជាបណ្តោះអាសន្ន និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោស បុគ្គលដែលមានការពាក់ព័ន្ធ ស្របតាមច្បាប់ជាធរមាន ព្រមទាំងស្នើសុំរាជរដ្ឋាភិបាល ដើម្បីលុបអាជ្ញាប័ណ្ណ អាជីវកម្មជាស្ថាពរ»៕