ពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅភូមិព្រែកជីក៦២នាក់ ត្រូវបាននគរបាលស្រុកមង្គលបុរី ជួយជម្លៀសមកទួលសុវត្ថិភាព
ខេត្តបន្ទាយមានជ័យ ៖ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ដើម្បីជាការឆ្លើយតបនូវការលំបាកចំពោះមុខរបស់ប្រជាពលរដ្ឋ ដែលកំពុងនៅតំបន់ដែលកំពុងជន់លិចដោយទឹកជំនន់ អាចប្រឈមគ្រោះថ្នាក់និងហានិភ័យផ្សេងៗ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជាដល់កងកម្លាំងគ្រប់ប៉ុស្តិ៍ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកមង្គលបូរី ដឹកនាំដោយលោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ យកទូកម៉ាស៊ីនជាច្រើនគ្រឿងចុះល្បាតនិង ជម្លៀសប្រជាពលរដ្ឋ នៅតំបន់ដាច់ស្រយ៉ាល ដែលរងគ្រោះដោយទឹកជំនន់ នៅតំបន់ទឹកជន់លិចខ្លាំង ក្នុងភូមិព្រែកជីក មកកាន់ទីទួលសុវត្ថិភាព និងសាងសង់ជម្រោកជូនពលរដ្ឋទាំងនោះស្នាក់នៅបណ្ដោះអាសន្ន នៅផ្លូវវាងក្រុង សរុប ១៤គ្រួសារ ប្រុស៦២នាក់ ស្រី៣៧នាក់៕