រាជធានីភ្នំពេញ ៖ លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍លើកឡើងថា ក្នុងនាមអាជ្ញាធរដែលជាម៉ែ ជាឪរបស់បងប្អូនប្រជាពលរដ្ឋ ត្រូវការពារអាយុជីវិតបងប្អូនប្រជាពលរដ្ឋ ទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ការបញ្ជាក់បែបនេះរបស់លោកឃួង ស្រេងបានធ្វើឡើងនាព្រឹកថ្ងៃទី១០ខែតុលាឆ្នាំ២០២១ នេះ
ខណៈដែលលោកបានដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរដែនដី ចុះពិនិត្យស្ថានភាពទឹកជំនន់នៅតាមបណ្ដោយស្ទឹងព្រែកត្នោត ស្ថិតក្នុងភូមិសាស្រ្តខណ្ឌដង្កោរាជធានីភ្នំពេញ ខណៈដែរទឹកស្ទឹងនៅតែបន្តហក់ឡើង ដែលជាការព្រួយបារម្ភមួយរបស់
អាជ្ញាធររាជធានីភ្នំពេញ ក្នុងកិច្ចការពារអាយុជីវិតនិងទ្រព្យសម្បត្តិប្រជាពលរដ្ឋ។
លោកឃួង ស្រេងបានមានប្រសាសន៍លើកឡើងថា អាជ្ញាធរ ជាម៉ែ ជាឪ របស់បងប្អូនប្រជាពរដ្ឋ គឺត្រូវរក្សាអាយុជីវិតបងប្អូនប្រជាពលរដ្ឋ មានន័យថា នៅពេលមានទឹកជំនន់កើតឡើង អាជ្ញាធរ ត្រូវចុះពិនិត្យមើលស្ថានភាពទឹក ដើម្បីស្វះស្វែងរកវិធានការផ្សេងៗ ក្នុងកិច្ចការពារទប់ស្កាត់កុំឲ្យបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ។ នៅពេលមានជម្ងឺកូវីដ-១៩ កើនឡើង អាជ្ញាធរ ក៏បានពុះពារ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ មានន័យថា យើងមានគោលដៅតែមួយ គឺរក្សាអាយុជីវិតបងប្អូនប្រជាពលរដ្ឋ ទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនោះដែរ លោកឃួង ស្រេង ក៏បានធ្វើការណែនាំអោយ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញ ត្រូវតាមដានស្ថានភាពទឹកឲ្យបានជាក់លាក់ ពេលដែលមានបញ្ហាអ្វីកើតឡើង យើងអាចត្រៀមជាមុន ដើម្បីសង្គ្រោះប្រជាពលរដ្ឋ កុំឱ្យបាត់បង់ជីវិតនិងខូចខាតទ្រព្យសម្បត្តិ។
លោកឃួង ស្រេងបានបញ្ជាក់ទៀតថា ពាក់ព័ន្ធនឹងទឹកជំនន់តាមស្ទឹងព្រែកត្នោតឆ្នាំនេះ អាជ្ញាធររាជធានីភ្នំពេញ បានត្រៀមលក្ខណៈរួចរាល់ហើយ ដើម្បីសង្គ្រោះប្រជាពលរដ្ឋ ពេលមានហានិភ័យកើតឡើង ។ប៉ុន្តែលោកសង្ឃឹមនិងជឿជាក់ថា ទឹកជំនន់ព្រែកត្នោតឆ្នាំនេះ និងមិនបង្កគ្រោះមហន្តរាយដល់ប្រជាពលរដ្ឋនោះទេ។
ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញ លោកម៉ៅ ប៊ុនធឿន ក្នុងឱកាសអមដំណើរលោកឃួង ស្រេង នៅព្រឹកថ្ងៃទី១០ តុលានេះ បានបញ្ជាក់ឲ្យព័ត៌មានយើងដឹងថា សម្រាប់ស្ទឹងព្រែកត្នោតនៅផ្នែកខាងលើ ទឹកមានកម្ពស់៥,១៦ម៉ែត្រ ស្រុកចុះ០,៦២ ។
នៅចំណុចរលាំងជ្រៃ ទឹកមានកំពស់៧,២៨ម៉ែត្រ កើនឡើងលើសម្សិលមិញ០,២៨ ម៉ែត្រ ។ យើងបាន
បើកទ្វារទឹកចំនួន៥ដើម្បីកុំឲ្យទឹកចាល់។
លោក ម៉ៅ ប៊ុនធឿន បន្តទៀតថា កម្ពស់ទឹកស្ទឹងព្រែកត្នោតដែលត្រូវប្រកាស ឲ្យមានការប្រុងប្រយ័ត្ននោះ គឺចាប់ពី ៧ម៉ែត្រកន្លះទៅ៨ម៉ែត្រ ក្នុងនោះសម្រាប់ទ្វារទឹកកំពង់ទួល មានកំពស់៥,១៨ម៉ែត្រកើនឡើង០,៣៨ ម៉ែត្រ បើប្រៀបធៀបកាលពីថ្ងៃទី០៩តុលាម្សិលមិញ ។សម្រាប់ទ្វាទឹកកំពង់ទួលចំនួន៥ យើងបានបើកអោយដំណើរការចំនួន៤ទ្វាទឹក៕