សាងសង់រំលោភលើចិញ្ចើមផ្លូវសារធាណៈ ណែនាំច្រើនដងហើយឲ្យបញ្ឈប់នឹងរុះរើចេញ នៅតែមិនស្តាប់ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ដឹកនាំកម្លាំងចុះមករុះរើតែម្តង
ព័ត៌មានជាតិ
170

រាជធានីភ្នំពេញ ៖ ដោយមានបញ្ជាផ្ទាល់ពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅវេលាម៉ោង៨ និង៣០នាទី ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម សុយ សារិទ្ធិ អភិបាលរងរាជធានីភ្នំពេញ និងលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានដឹកនាំក្រុមការងារ ចុះធ្វើការរុះរើសំណង់សាងសង់រំលោភលើចិញ្ចើមផ្លូវសារធាណៈ ស្ថិតនៅភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយមាន លោក ប៉ាង លីដា អភិបាលរងខណ្ឌ និងក្រុមការងារ បានចុះអនុវត្តការងាររុះរើសំណង់ដោយផ្ទាល់។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅ អាជ្ញាធរធ្លាប់បានជម្រាបជូន លោក ចាន់ ផល្លា ដែលមានទីលំនៅភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ឲ្យបញ្ឈប់រាល់ការសាងសង់ និងរុះរើសំណង់តូបជួលចេញពីដីចំណីផ្លូវសាធារណៈ និងប្រព័ន្ធលូបង្ហូរទឹក ដោយកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ អាជ្ញាធរក៏ធ្លាប់បានហាមឃាត់ម្តងរួចហើយដែរ ។ ម្តងជា២ដងនៅតែមិនស្តាប់ លុះលើកទី៣ អាជ្ញាធរខណ្ឌ បានទុកពេលឲ្យគាត់រុះក្រោយភ្ជុំ តែមកដល់ពេលនេះគាត់មិនបានរុះរើ ដូច្នេះទើបអាជ្ញាធរខណ្ឌរុះនៅព្រឹកនេះតែម្តង ដោយមិនទទួលខុសត្រូវរាល់ការខូចខាត ឬបាត់បង់ទ្រព្យសម្បត្តិ និងសម្ភារៈផ្សេងដែលមាននៅទីតាំងនេះឡើយ ហើយចំពោះរាល់ការចំណាយក្នុងការអនុវត្តការងារនេះ ជាបន្ទុករបស់លោក ដែលជាម្ចាស់សំណង់ត្រូវតែទទួលខុសត្រូវទាំងស្រុង ករណីមានការរារាំង រឹងរូស ហើយមិនស្តាប់តាមការណែនាំពីអាជ្ញាធរ នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ ៕


Telegram