មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ណែនាំដល់ក្រុមគ្រូពេទ្យ និងប្រជាពលរដ្ឋដែលទៅទទួលដូសជំរុញទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវការអនុវត្តន៍វិធានសុខាភិបាលឱ្យបានត្រឹមត្រូវ
ព័ត៌មានជាតិ
469

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានណែនាំដល់ក្រុមគ្រូពេទ្យនិងប្រជាពលរដ្ឋដែលទៅទទួលដូសជំរុញទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវការអនុវត្តន៍វិធានសុខាភិបាលឱ្យបានត្រឹមត្រូវ ដើម្បីរួមគ្នាទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ឱ្យមានប្រសិទ្ធភាពខ្ពស់ ។

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌ ទូទាំងប្រទេស បានមានប្រសាសន៍ថា បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ សម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេស រួមទាំងយុវវ័យនិងកុមារដែលមានអាយុចាប់ពី៦ឆ្នាំឡើងទៅជាបន្តបន្ទាប់នោះ សង្កេតឃើញថា អត្រានៃ ការចម្លងនិងស្លាប់ដោយសារជំងឺកូវីដ-១៩មានការថយចុះគួរឱ្យកត់សម្គាល់ ជាពិសេសបូករួមទាំងការចូលរួមអនុវត្តវិធានការនានាដែលបាន ដាក់ចេញដោយក្រសួងសុខាភិបាលនិងប្រមុខរាជរដ្ឋាភិបាលកម្ពុជាថែមទៀតផង ។

លោកជំទាវបន្តថា ដោយមានការយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាជនបរទេសដែលកំពុងរស់នៅ ក្នុង ប្រទេសកម្ពុជា ប្រមុខរាជរដ្ឋាភិបាលបានបន្តដាក់ចេញយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ឬដូសជំរុញបន្ថែមទៀត ដើម្បីជួយសង្គ្រោះ អាយុជីវិតមនុស្សរាប់លាននាក់ចេញពីគ្រោះមហន្តរាយសុខភាពសាធារណៈ និងស្តារសេដ្ឋកិច្ចជាតិឡើងវិញ ។

ដូច្នេះដើម្បីធានាឱ្យដំណើរការចាក់វ៉ាក់សាំងដូសទី៣ឬដូសជំរុញនេះមានប្រសិទ្ធភាពខ្ពស់នោះ លោកជំទាវ ឱ វណ្ណឌីន បានធ្វើការណែនាំ ដល់ក្រុមគ្រូពេទ្យ ជាពិសេសប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្តតាមការណែនាំឱ្យបានខ្ជាប់ខ្ជួនជាទីបំផុត ។

« នាងខ្ញុំសូមធ្វើការណែនាំដល់ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងទាំងអស់ សូមគោរពឱ្យបានតាមស្តង់ដារប្រតិបត្តិ និងបច្ចេកទេស នៃការចាក់វ៉ាក់សាំងកូវីដ១៩ និងអនុវត្តការពារការចម្លងកូវីដ១៩ឱ្យបានហ្មត់ចត់ជាទីបំផុត ដើម្បីធានាបាននូវសុវត្ថិភាពផ្ទាល់ខ្លួន ក៏ដូចជា អ្នកដែលបានមកចាក់ផងដែរ ហើយចំពោះប្រជាពលរដ្ឋសូមចូលរួមគោរពសណ្ដាប់ធ្នាប់ទៅតាមការណែនាំ និងការរៀបចំរបស់ អាជ្ញាធរ មូលដ្ឋាន ដោយមិនត្រូវប្រជ្រៀតគ្នាដណ្ដើមវ៉ាក់សាំងនោះឡើយ ហើយត្រូវអនុវត្តនូវវិធានការឱ្យបានខ្ជាប់ខ្ជួន ដោយពេលអញ្ជើញមក ទទួលការចាក់វ៉ាក់សាំង គឺត្រូវពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ លាងដៃនិងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើងទៅ និងមិនត្រូវបង្ក ឱ្យមានការកកស្ទះដែលជាហានិភ័យនៃការចម្លងវីរុសកូវីដ១៩ នោះឡើយ » ។

លោកជំទាវបានបន្ថែមថា សម្រាប់ប្រជាពលរដ្ឋដែលដល់វេនចាក់វ៉ាក់សាំង សូមអញ្ជើញទៅចាក់នៅតាមទីតាំង ដែលបានជូនដំណឹង ដោយអាជ្ញាធររាជធានី-ខេត្ត ដើម្បីរក្សាបាននូវភាពមិនកកស្ទះផង និងគោរពតាមគោលការណ៍បច្ចេកទេសវ៉ាក់សាំងផង ។ ជាមួយគ្នានេះ ទោះបីជាបុគ្គលម្នាក់ៗបានទទួលការចាក់វ៉ាក់សាំងកូវីដ១៩រួចហើយក្តី ក៏ត្រូវតែបន្តអនុវត្តនូវវិធានការសុខាភិបាល និងវិធានការរបស់ ប្រមុខរាជរដ្ឋាភិបាល គឺ ៣ការពារ ៖ ពាក់ម៉ាស់ លាងដៃញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពសង្គម និង ៣កុំ គឺកុំទៅកន្លែងដែលមាន មនុស្សកុះករច្រើន កុំទៅកន្លែងបិទជិតដែលគ្មានខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នានៅពេលដែលធ្វើគាវរកិច្ច ដើម្បីចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ នៅក្នុងសហគមន៍ ក៏ដូចជានៅក្នុងប្រទេសកម្ពុជាទាំងមូល ៕ ប្រភព ៖ ក្រសួងព័ត៌មាន


Telegram