អភិបាលរាជធានីជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ អនុវត្ត ឲ្យបានម៉ឺងម៉ាត់ ក្នុងការទប់ស្កាត់ជំងឺកូវី-១៩ និងរាល់ការចេញ-ចូលគ្រឹះស្ថានសិក្សា ផ្សារ និងទីតាំងអាជីវកម្មដ្ឋាននានា ត្រូវ បង្ហាញបណ្ណចាក់វាក់សាំង
ព័ត៌មានជាតិ
517

រាជធានីភ្នំពេញ ៖ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ យកចិត្តទុកដាក់ឲ្យបានម៉ឺងម៉ាត់បន្ថែមទៀត ក្នុងការទប់ស្កាត់នូវការរីករាលដាលជំងឺកូវី-១៩ ដើម្បីឈានទៅរកការបើកដំណើរការឡើងវិញលើគ្រប់វិស័យ នាពេលឆាប់ៗ ខាងមុខនេះ។

ការជំរុញបែបនេះរបស់លោកឃួង ស្រេង បានធ្វើឡើងក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) នៅរសៀល

ថ្ងៃទី១១ខែតុលានេះ ជាមួយនឹងអាជ្ញាធរខណ្ឌទាំង១៤ មន្ទីរពាក់ព័ន្ធនឹងកម្លាំងមានសមត្ថកិច្ចចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ។

លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ដើម្បីបង្ការនិងទប់ស្កាត់ឲ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩ រដ្ឋបាលរាជធានីភ្នំពេញ បាន

ដាក់ចេញនូវគោលការណ៍ថ្មីៗមួយចំនួនទៀត ដូចជា រាល់ពេលចេញ-ចូលគ្រឹះស្ថានសិក្សា ផ្សារ និងទីតាំងអាជីវកម្មដ្ឋាននានា ក្នុងរាជធានីភ្នំពេញត្រូវ បង្ហាញបណ្ណចាក់វាក់សាំងកូវីដ-១៩ ឬ បណ្ណចាក់ចាំក់សាំងបង្ការជំងឺកូវីដ-១៩ ឬ លិខិត បញ្ជាក់ការចាក់ចាក់សាំងបង្ការជំងឺកូវីដ-១៩ ដើម្បីយើងទប់ស្កាត់កូវីដ-១៩ ឲ្យបានល្អប្រសើរ ចៀសវាងការរីករាលដាលបន្តទៀត ហើយកិច្ចការងារនេះ រដ្ឋបាលរាជធានីភ្នំពេញក៏បានចេញនូវសេចក្តីជូនដំណឹងរួចហើយដែរ កាលពីសប្តាហ៍មុននេះ។ដូច្នេះលោកអភិបាលរាជធានីសូមអោយអាជ្ញាធរខណ្ឌខណ្ឌទាំង១៤ ត្រូវអនុវត្តការងារនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ។ លោកជឿជាក់ថា បើយើងអនុវត្តការងារនេះ បានល្អប្រសើរ និងមានភាពម៉ឺងម៉ាត់នោះ វានឹងកាត់បន្ថយបាននូវការរីករាលដាលជំងឺកូវីដ-១៩ បន្តទៀត។

ក្នុងឱកាសនោះដែរលោកឃួង ស្រេង ក៏បានថ្លែងនូវការកោតសរសើរយ៉ាងខ្លាំងផងដែរ ចំពោះអាជ្ញាធរខណ្ឌទាំង១៤ ក្រុមការងារពាក់ព័ន្ធ ក្រុមគ្រូពេទ្យគ្រប់ក្រុមទាំងអស់ដែលកន្លងមកត្រូវបានប្រជាពលរដ្ឋដាក់រហ័សនាមថាជាកងទ័ពអាវស បានយកចិត្តទុកដាក់ក្នុងការថែទាំនិងព្យាបាលប្រជាពលរដ្ឋបានល្អ និងក៏ដូចជា កម្លាំងមានសមត្ថកិច្ចទាំងអស់ ដែលបានលះបង់អស់កម្លាំងកាយចិត្ត បំពេញការងារ ទាំងយប់ ទាំងថ្ងៃ ដើម្បីទប់ស្កាត់នូវការរីករាលដាលជំងឺកូវី-១៩នេះ ពោលគឺអាជ្ញាធរនិងកងម្លាំងយើង អនុវត្តបានយ៉ាងល្អ ទៅតាមអនុសាសន៍របស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី គឺការរក្សា អាយុជីវិត បងប្អូនប្រជាពលរដ្ឋអោយបានគង់វង់ ។ ប៉ុន្តែបើទោះបីជាយ៉ាងណាក្តី លោកឃួង ស្រេង ក៏នៅតែជំរុញឲ្យអាជ្ញាធរខណ្ឌទាំងអស់ អនុវត្តការងារ ក្នុងការទប់ស្កាត់ការរីករាលដាលនេះឲ្យបានម៉ឺងម៉ាត់បន្ថែមទៀត ដែលអាចឈានទៅរកការបើកដំណើរការឡើងវិញ

លើគ្រប់វិស័យ នាពេលឆាប់ៗ ខាងមុខនេះ។

គួរបញ្ជាក់ផងដែរថា បើយោងទៅលើសេចក្ដីណែនាំលេខ០២៧/២១សណន ចុះថ្ងៃទី០៥តុលា របស់រដ្ឋបាលរាជធានីភ្នំពេញ គឺរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការណែនាំបន្ថែម ដល់បងប្អូនប្រជាពលរដ្ឋ គណៈគ្រប់គ្រង គ្រឹះស្ថានសិក្សា គណៈកម្មការផ្សារ ម្ចាស់អាជីវកម្មដ្ឋាន ម្ចាស់ទីតាំង អាជីវករ វិស័យឯកជន និងសាធារណជន ទាំងអស់ ត្រូវមានកាតព្វកិច្ចបង្ហាញបណ្ណចាក់វាក់សាំងកូវីដ-១៩ ឬ បណ្ណចាក់វាក់សាំងបង្ការជំងឺកូវីដ-១៩ ឬ លិខិត បញ្ជាក់ការចាក់វាំកំសាំងបង្ការជំងឺកូវីដ-១៩ រាល់ពេលចេញ-ចូលគ្រឹះស្ថានសិក្សា ផ្សារ និងទីតាំងអាជីវកម្មដ្ឋាននានា ក្នុងរាជធានីភ្នំពេញ ដើម្បីត្រៀមលក្ខណៈ សម្រាប់ការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី និងឈានទៅរកការបើកដំណើរការឡើងវិញលើគ្រប់វិស័យ នាពេលឆាប់ៗ ខាងមុខនេះ ៕


Telegram