រាជធានីភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានថ្លែងថា ឆ្នាំនេះ ក៏ដូចជាឆ្នាំ២០២០ដែរ បន្ថែមពីលើជំងឺកូវីដ-១៩ និងមេរោគបំប្លែងថ្មី គ្រោះមហន្តរាយដោយធម្មជាតិបានបំផ្លិចបំផ្លាញអាយុជីវិតមនុស្ស ទ្រព្យសម្បត្តិ ដូចមានខ្យល់កន្ត្រាក់ ជំនន់ទឹកភ្លៀង រន្ទះបាញ់ បាក់ច្រាំងទន្លេ រាំងស្ងួត ជំងឺឆ្លង និងគ្រោះមហន្តរាយដោយមនុស្ស អគ្គិភ័យជាដើម។ល។ កើតមានស្ទើរគ្រប់រាជធានី ខេត្តនៅទូទាំងប្រទេស។
នៅក្នុងសារលិខិត ក្នុងឱកាសទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ដោយផ្ដោតលើប្រធានបទ«បង្កើនការត្រៀមបង្ការហានិភ័យគ្រោះមហន្តរាយ ដើម្បីភូមិ ឃុំមានសុវត្ថិភាព និងភាពធន់» សម្ដេចតេជោនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា ក្នុងការត្រៀមបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ រាជរដ្ឋាភិបាលបានបង្កើនសមិទ្ធផលជាច្រើន ដូជាការពង្រឹងការគ្រប់គ្រងធនធានទឹក ការស្ដារនិងកសាងហេដ្ឋារចនាសម្ព័ន្ធស្រោស្រព អាងស្តុទឹក ប្រឡាយ សំណង់ទ្វារទឹក ប្រព័ន្ធរំដោះទឹក និងទំនប់ការពារទឹកជំនន់។ ពង្រឹងយន្តការតាមដានព្យាករណ៍ និងផ្សព្វផ្សាយព័ត៌មានជលសាស្ត្រនិងឧតុនិយម ឱ្យកាន់តែមានសុក្រឹត្យភាពនិងទាន់ពេលវេលា ដើម្បីកាត់បន្ថយនូវគ្រោះមហបន្តរាយដែលបណ្ដាលមកពីទឹកជំនន់ រាំងស្ងួត។ ធ្វើការស្រាវជ្រាង និងអភិវឌ្ឍន៍ ដើម្បីបង្កើនផលិតភាពស្រូវ ដំណាំផ្សេងៗ ការប្រើប្រាស់ពូជដែលមានគុណភាព ភាពធន់នឹងការប្រែប្រួលអាកាសធាតុ។ ធ្វើការស្ដារ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ពង្រឹងការគ្រប់គ្រងបរិស្ថាន គ្រប់គ្រងសំរាម សំណល់រឹង សំដៅថែរក្សាគុណភាពបរិស្ថាន និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ។ ទន្ទឹមនេះ បន្តអភិវឌ្ឍន៍វិស័យសុខាភិបាល កាត់បន្ថយការឈឺនិងស្លាប់ ដោយសារជំងឺឆ្លងឱ្យកាន់តែល្អប្រសើរ។
សម្តេចតេជោបានបន្តថា មណ្ឌលសុខភាព សាលារៀន អគារសាធារណៈ ក៏ត្រូវបានសាងសង់ខ្ពស់ពីទឹកជំនន់។ល។ ហើយក្នុងការឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយ រាជរដ្ឋាភិបាលបានផ្ដោតសំខាន់ទៅលើការគាំពារដល់ប្រជាជនក្នុងពេលនិងក្រោយពេលគ្រោះមហន្តរាយ តាមរយៈយន្តការរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ដោយមានកិច្ចសហការពីកាកបាទក្រហមកម្ពុជា ចលនាយុវជន និងគ្រប់តួអង្គពាក់ព័ន្ធ ពិសេសតួអង្គសំខាន់នោះគឺ កងយោធពលខេមរភូមិន្ទ នគរបាលជាតិ កងរាជអាវុធហត្ថ ដែលបានបំពេញកាតព្វកិច្ចប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងការស្រោចស្រង់អាយុជីវិតប្រជាជននៅពេលមានវិបត្តិគ្រោះមហន្តរាយកើតឡើងផង។
សម្ដេចតេជោ ថ្លែងសង្កត់ធ្ងន់ថា ជារួមការគ្រប់គ្រងគ្រោះមហន្តរាយ គឺជាការងារអន្តរវិស័យ និងមានលក្ខណៈប្រទាក់ក្រឡា ដែលតម្រូវឱ្យមានការចូលរួមពីប្រជាជនយើងម្នាក់ៗ គ្រួសារ សហគមន៍ ក្រសួង-ស្ថាប័ន ផ្នែកឯកជន សង្គមស៊ីវិល សំដៅកាត់បន្ថយហានិភ័យដែលមានស្រាប់ត្រៀមបង្ការហានិភ័យថ្មី ដើម្បីបញ្ចៀសគ្រោះមហន្តរាយ៕ AKP