រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ នេះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានចុះធ្វើការប្រមូលជនអនាថា ប្រុសស្រីក្មេងចាស់៣១នាក់ ក្នុងមូលដ្ឋានខណ្ឌ នៅតំបន់វត្តកោះ ផ្សាររាត្រី និងសូរិយាម៉ល ដើម្បីធ្វើសំណាកតេស្តរហ័ស រកកូវីដ១៩ ។
ការចុះប្រមូលជនអនាថា នេះធ្វើឡើង ក្រោយមានការណែនាំដោយលោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានចាត់ឲ្យកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះប្រមូលជនអនាថាបានសរុប ចំនួន៣១នាក់ ក្នុងនោះរួមមាន មនុស្សចាស់ ២៧នាក់ ស្រី១៣នាក់ និងក្មេង៤នាក់។
ប្រភពព័ត៌មានមន្រ្តីសាលាខណ្ឌដូនពេញបានឲ្យដឹងថា កន្លងមកអាជ្ញាធរខណ្ឌតែងតែចុះប្រមូលជាញឹកញាប់ដែរ តែនៅតែមានជនអនាថាជាហូរហែ មកដេកតាមចិញ្ជើមផ្លូវ តាមវត្ត ជាដើម-ល-។ រហូតដល់ព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ បានបន្តចុះប្រមូលជនអនាថា បានចំនួន៣១នាក់ យកមកទុកនៅកន្លែងក្បែរសាលាខណ្ឌដូនពេញ ដើម្បីរកចាំមន្រ្តីជំនាញសុខាភិបាល មកធ្វើសំណាក់ ក្រោយធ្វើសំណាករួច រកឃើញមានស្ត្រីម្នាក់លទ្ធផល វិជ្ជមានកូវីដ-១៩ ត្រូវបានបញ្ជូនទៅព្យាបាល ។ ចំណែកអ្នកផ្សេងទៀតទាំងចាស់ទាំងក្មេង លទ្ធផល អវិជ្ជមាន ត្រូវបានកម្លាំងអាជ្ញាធរបញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ។
ជាចុងក្រោយអាជ្ញាធរខណ្ឌដូនពេញ សំណូមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមអនុវត្តវិធានការ របស់ក្រសួងសុខាភិបាល និង ៣កុំ ៣ការពារ ប្រសាសន៍របស់ប្រមុខដឹកនាំ ដើម្បីចូលរួមបង្ការទប់ស្កាត់ កាត់ផ្ដាច់ជំងឺ កូវីដ-១៩ ឲ្យជោគជ័យក្នុងសហគមន៍យើងទាំងអស់គ្នា៕ នង មឿន