សម្ដេចក្រឡាហោម ស ខេង ណែនាំឲ្យអភិបាលខេត្តទាំងអស់ អាចពិចារណា និងសិក្សាអំពីវិធីដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការតាម ឯកឧត្តម ម៉ៅ ធនិន
ព័ត៌មានជាតិ
305

ខេត្តកំពត ៖ យោងតាមផេកផ្លូវការរបស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានឲ្យដឹងថា នារសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ម្សិលមិញនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តកំពត។

ពិធីនេះប្រារព្ធឡើងបន្ទាប់ពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រាស់បង្គាប់តែងតាំងឯកឧត្តម ម៉ៅ ធនិន ជាអភិបាលនៃគណៈអភិបាលខេត្តកំពត ជំនួសឯកឧត្តម ជាវ តាយ ដែលត្រូវបានត្រាស់បង្គាប់តាំងតែងជាអភិបាល នៃគណអភិបាលខេត្តពោធិ៍សាត់។

ឯកឧត្តម ជាវ តាយ បានឡើងថ្លែងរបាយការណ៍ស្វាគមន៍ជូនសម្ដេចក្រឡាហោម គណៈធិបតី ព្រមទាំងអង្គពិធីអំពីស្ថានភាពទូទៅរបស់ខេត្តកំពត និងសមិទ្ធផលការងារបំរើជាតិ និងប្រជាជន ដែលរដ្ឋបាលខេត្តសម្ដេចបានក្នុងពេលដែលឯកឧត្តមបំពេញតួនាទីជាអភិបាលនៃគណៈអភិបាលខេត្តកំពត។ ជាមួយគ្នានេះឯកឧត្តម ម៉ៅ ធនិន បានថ្លែងប្ដេជ្ញាចិត្តចូលកាន់មុខតំណែង បន្ទាប់ពីទទួលព្រះរាជក្រឹត្យ និងត្រារដ្ឋបាលខេត្ត។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់អំពីមូលហេតុនៃការផ្លាស់ប្ដូរអភិបាលខេត្តមួយចំនួននារយៈពេលចុងក្រោយនេះ ក្នុងនោះក៏រួមមានទាំងឯកឧត្តម ម៉ៅ ធនិន ដែលបានផ្លាស់ប្ដូរមកជាអភិបាលខេត្តកំពត បន្ទាប់ពីបានបញ្ចប់អាណត្តិការងារ៨ឆ្នាំពីអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងថាការផ្លាស់ប្ដូរទាំងនេះគឺសុទ្ធតែផ្អែកលើច្បាប់។

សម្ដេចឧបនាយករដ្ឋមន្រ្តី បានស្នើថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋខេត្តកំពត សូមផ្ដល់ការគាំទ្រ ឯកឧត្តម ម៉ៅ ធនិន សម្រាប់ការបំពេញភារកិច្ចបំរើជាតិ និងប្រជាជន ក្នុងតួនាទីជាអភិបាលនៃគណៈអភិបាលខេត្តកំពត និងបានថ្លែងអំណរគុណ ព្រមទាំងកោតសរសើរខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តម ជាវ តាយ សម្រាប់លទ្ធផលនៃការបំពេញភារកិច្ចក្នុងរយៈពេលកន្លទៅនេះ។

ពីវេធិការអធិបតីនេះដែរ សម្ដេចបានណែឱ្យថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការទាំងអស់ ខិតខំរួមគ្នាជាមួយឯកឧត្តម ម៉ៅ ធនិន ដើម្បីអនុវត្តឱ្យបានជោគជ័យនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា រួមទាំងការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ហើយត្រូវរៀនរស់ជាមួយស្ថានភាពកូវីដ-១៩ ដើម្បីធានាប្រក្រតីភាពនៃការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

សម្ដេចក៏បានគូសបញ្ជាក់អំពីដំណើរការឈានទៅរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ត្រូវធ្វើយ៉ាងណាឱ្យដំណើរការបោះឆ្នោតនេះប្រព្រឹត្តទៅដោយរលូនរាប់ចាប់តាំងពីការចាប់ផ្ដើមដំណើរការចុះឈ្មោះបោះឆ្នោត និងការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បាននិងកំពុងដំណើរការនាពេលនេះ។

សម្ដេចបានបន្តលើកឡើងអំពីដំណើរការផ្ទេរមុខងារ សិទ្ធិអំណាច និងធនធាន ពីថ្នាក់ជាតិមកថ្នាក់ក្រោមជាតិ ដែលជារឿងថ្មីថ្មោងមួយទៀតក្នុងដំណើរការកំណែទម្រ់វិមជ្ឈការ និងវិសហមជ្ឈការ។ ជាមួយគ្នានេះ សម្ដេចបានជំរុញឱ្យខិតខំយកចិត្តទុកដាក់ផ្សព្វផ្សាយ អនុវត្ត និងធ្វើយ៉ាងណាឱ្យមានការចូលរួមគាំទ្រពីប្រជាពលរដ្ឋ សម្រាប់ការគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព។សម្ដេចក៏បានណែនាំពិនិត្យលទ្ធភាពរៀបចំប្រឡងប្រណាំងអនុវត្តគោលនយោបាយនេះ។

សម្ដេចក្រឡាហោមក៏បានបន្តណែនាំឱ្យថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ចំណុះរដ្ឋបាលខេត្ត ពិសេសអាជ្ញាធរមូលដ្ឋាន សូមខិតខំប្រមូលបញ្ហា មតិយោបល់ សំណូមពរនានារបស់ប្រជាពលរដ្ឋ យកមកដោះស្រាយឱ្យបានទាន់ពេលវេលា ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព និងថាអភិបាលខេត្តទាំងអស់អាចពិចារណា និងសិក្សាអំពីវិធីដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការរបស់ឯកឧត្តម ម៉ៅ ធនិន។

សម្ដេចបានក៏បានផ្ដាំផ្ញើជាថ្មីទៀតឱ្យខិតខំពង្រឹងកិច្ចសហប្រតិបត្តិការរវាគណៈអភិបាល និងក្រុមប្រឹក្សា ខិតខំរួមគ្នាថែរក្សាការពារសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ដើម្បីធានាជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ព្រមទាំងខិតខំឱ្យបានកាន់តែសកម្មថែមទៀតនូវកិច្ចការជួយសង្គ្រោះប្រជាពលរដ្ឋជួបការលំបាក ទាំងនៅក្នុងស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩ និងរងគ្រោះដោយមហន្តរាយធម្មជាតិផ្សេងៗ៕


Telegram