ខេត្តតាកែវ៖ អគ្គលេខាធិការរងទី០១ កាកបាទក្រហមកម្ពុជា បានធ្វើការក្រើនរំលឹកទៅដល់ស្រ្តីក្នុងអំឡុងពេលពពោះ ត្រូវតែថែរក្សាសុខភាពឱ្យបានល្អទាំងម្តាយនិងកូនក្នុងផ្ទៃ ពិសេសត្រូវការពារខ្លួនពីជំងឺកូវីដ១៩ និងអនុវត្ត៣កុំ៣ការពារឱ្យបានត្រឹមត្រូវ ។
ថ្លែងនៅក្នុងឱកាសអញ្ជើញផ្សព្វផ្សាយប្រធានបទអំពី «ការលុបបំបាត់ការចម្លង មេរោគអេដស៍ និងស្វាយពីម្តាយទៅកូន» ដើម្បីចូលរួមទិវាពិភពលោក ប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ២០២១ ព្រមទាំង សួរសុខទុក្ខ និងនាំយកអំណោយរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក បាទក្រហម កម្ពុជា ប្រគល់ជូនពលរដ្ឋមានផ្ទុកមេរោគអេដស៍ចំនួន ១៥គ្រួសារ ស្ថិតនៅភូមិភ្នំខ្លែង ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ នៅព្រឹកថ្ងៃពុធ ទី១៣ ខែតុលា ឆ្នាំ២០២១នេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរង ទី១ កាកបាទក្រហមកម្ពុជា តំណាង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម កម្ពុជា បានមានប្រសាសន៍ដោយពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ ព្រមទាំងថែរក្សាសុខភាពឱ្យបានល្អ រស់នៅប្រកបដោយអនាម័យដោយប្រកាន់ខ្ជាប់នូវ ហូបស្អាត ផឹកស្អាត និងរស់ស្អាតទាំងអស់គ្នា ជាពិសេសត្រូវចូលរួមការពារទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុវត្តវិធានការ ៣កុំ ៣ការពារ ឱ្យបានគ្រប់ៗគ្នា ។
លោកជំទាវ ម៉ែន នារីសោភ័គ មានប្រសាសន៍បន្តទៀតថា ការប្រកាន់ភ្ជាប់នូវអនាម័យ ដោយរស់នៅស្អាត ហូបស្អាត និងបរិស្ថានជុំវិញល្អ វានឹងធ្វើឱ្យយើងដែលជាម្តាយនឹងកូនក្នុងផ្ទៃមានសុខភាពល្អរឹងមាំ ហើយកូនក្រោយពេលកើតមាន ក៏រីកលូតលាស់បានល្អមានសុខភាពល្អថែមទៀត ហើយរួមផ្សំនឹងយើងចេះប្រុងប្រយ័ត្ន និងការពារខ្លួនឯងពីជំងឺកូវីដ១៩ ទើបសហគមន៍របស់យើងគ្មានការឆ្លងរីករាលដាលជំងឺកូវីដ១៩ និងអាចឈានទៅបើកប្រទេសឡើងវិញ តាមការគ្រោងទុក ។
ជាមួយគ្នានេះដែរ លោកជំទាវ ម៉ែន នារីសោភ័គ ក៏បានណែនាំបន្ថែមទៀតទៅដល់ស្រ្តីដែលកំពុងពពោះ ត្រូវបន្តផ្សព្វផ្សាយបន្ថែមទៀតទៅដល់បងប្អូនស្រ្តីដូចគ្នាដែលកំពុងពពោះ ដែលមិនបានមកចូលរួម ឱ្យពួកគាត់បានដឹងអំពីសារៈប្រយោជន៍នៃការថែទាំសុខភាព និងរបៀបនៃការហូបអាហារដែលមានជីវជាតិសម្រាប់ចិញ្ចឹមសេរីរាង្គកូនក្នុងផ្ទៃឱ្យរីកធំធាត់ និងមានសុខភាពល្អ ពិសេសត្រូវតែចូលរួមអនុវត្តឱ្យបានគ្រប់ៗគ្នានូវវិធានការរបស់ក្រសួងសុខាភិបាល និងអនុវត្ត៣កុំ៣ការពារ ៕ ប្រភព មន្ទីរព័ត៌មានខេត្តតាកែវ