ផ្សារសំខាន់ៗចំនួន៣ក្នុងក្រុងសៀមរាប គ្រោងនឹងបើកឲ្យដំណើរការឡើងវិញក្នុងពេលឆាប់ៗខាងមុខនេះ
ព័ត៌មានជាតិ
219

ខេត្តសៀមរាប ៖  លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប មានប្រសាសន៍ថា រដ្ឋបាលខេត្តសៀមរាប គ្រោងនឹងបើកឲ្យដំណើរការផ្សារសំខាន់ៗចំនួន៣ទីតាំង នៅក្នុងក្រុងសៀមរាប រួមមាន ៖ ផ្សារសាមគ្គី-ហ៊ុយគាំង , ផ្សារលើធំថ្មី និងផ្សារសម្តេចតេជោ ហ៊ុន សែន ដើមក្រឡាញ់ ក្នុងពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីមានការបិទខ្ទប់ជាច្រើនលើកនិងជាច្រើនសប្តាហ៍ កន្លងមកហើយនោះ ។

លោក នួន ពុទ្ធារ៉ា មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសអមដំណើរឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ដែលឯកឧត្តម បានដឹកនាំក្រុមការងារចម្រុះ ចុះត្រួតពិនិត្យនិងវាយតម្លៃស្ថានភាពទីតាំងផ្សារទាំងនោះ កាលពីរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១នេះ ក្នុងខណៈពេលដែលទីតាំងផ្សារទាំងនេះ បាននឹងកំពុងដំណើរការសាកល្បងជាបណ្តោះអាសន្នអស់រយៈពេល៣ថ្ងៃកន្លងមកហើយនោះ ។

លោកអភិបាលក្រុងសៀមរាប មានប្រសាសន៍ទៀតថា ការបើកឲ្យដំណើរការឡើងវិញនេះ គឺដោយសារតែបានពិនិត្យឃើញថា ៣ថ្ងៃកន្លងមកក្នុងការបើកឲ្យដំណើរការសាកល្បង ទីតាំងផ្សារទាំងនោះអនុវត្តល្អតាមការណែនាំរបស់ក្រុមការងារ ហើយអត្រាខ្ពស់នៃប្រជាជនដែលបានទទួលការចាក់វ៉ាក់សាំងបង្ការឆ្លងកូវីដ-១៩ គឺជាឋាមពលមួយផ្នែកក្នុងការជំរុញឲ្យមានការសម្រេចចិត្ត ក្នុងការប្រើប្រាស់យន្តការបើកចរន្តសេដ្ឋកិច្ចគ្រួសារពលរដ្ឋ និងសហគមន៍ជាបណ្តើរៗឡើងវិញ ។

ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា ក្នុងគោលបំណងចង់ឲ្យផ្សារទាំងនេះបានដំណើរការឡើងវិញនោះ កាលពីថ្ងៃទី១១ ខែតុលាកន្លងមកនេះ ក្រុមការងារចម្រុះបានចុះណែនាំ និងផ្សព្វផ្សាយដល់អាជីវករឲ្យបានយល់និងបានដឹងអំពីអត្ថប្រយោជន៍នៃការប្រើប្រាស់ប្រព័ន្ធស្កែន QR Code ព្រោះវាជាជំនួយដល់ការគ្រប់គ្រងនិងតាមដានការរាតត្បាតនៃជំងឺកូវីដ-១៩ អាចនឹងច្បាស់លាស់ក្នុងការកំណត់តូប ឬទីតាំងពាក់ព័ន្ធ ដើម្បីជៀសវាងការបិទផ្សារទាំងមូល ក្នុងករណីជួបប្រទះករណីឆ្លងជាយថាហេតុនោះ ដែលនេះគឺជាយន្តការថ្មីមួយទៀត ជួយសម្រួលឲ្យអាជីវកម្មផ្តល់កិច្ចសហការជាមួយក្រុមការងារ បង្កើនភាពរហ័សទាន់សភាពការណ៍ ក្នុងការស្វែងរកអ្នកដែលពាក់ព័ន្ធ ប៉ុន្តែប្រការសំខាន់ គឺក្រុមការងារបានណែនាំឲ្យមានការរៀបចំសណ្តាប់ធ្នាប់ក្នុងផ្សារឡើងវិញ ស្របតាមវិធានការរបស់រាជរដ្ឋាភិបាល ៣ការពារ និង៣កុំ វិធានសុវត្ថិភាពនានាដែលដាក់ចេញដោយក្រសួងសុខាភិបាល និងការប្រតិបត្តិលើការរៀនរស់តាមគន្លងថ្មីនៃបរិបទកូវីដ-១៩។

ឯកឧត្តមអភិបាលខេត្តសៀមរាប មានប្រសាសន៍ទៀតថា អត្រាភាគរយនៃចំនួនប្រជាជនខេត្តសៀមរាបដែលទទួលបានការចាក់វ៉ាក់សាំងបង្ការ គឺជាភាពកក់ក្តៅមួយដែលជម្រុញឲ្យរដ្ឋបាលខេត្ត ប្រើប្រាស់យន្តការបង្ហើបឲ្យមានដង្ហើមនៃចរន្តសេដ្ឋកិច្ចឡើងវិញ ដោយការចាប់ផ្តើមចេញពីដំណោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃរបស់គ្រួសារប្រជាពលរដ្ឋ និងសហគមន៍។ ការរៀនរស់ជាមួយកូវីដ-១៩ គឺជាកម្រាលផ្លូវឆ្ពោះទៅរកគោលដៅមួយ ដែលនៅទីនោះយើងនឹងអាចនិយាយបានថា កូវីដ១៩ វាគ្រាន់តែជាវិបត្តិមេរៀនរបស់អតីតកាលតែប៉ុណ្ណោះ។

គួររំលឹកថា ក្នុងឱកាសនៃការចុះត្រួតពិនិត្យនោះ ឯកឧត្តមអភិបាលខេត្ត ពុំទាន់បានបញ្ជាក់ជាផ្លូវការនៅឡើយថា អំពីកាលបរិច្ឆេទនៃការចេញសេចក្តីប្រកាស ឲ្យបើកផ្សារទាំងនោះជាផ្លូវការនៅពេលណានោះទេ ប៉ុន្តែគោលបំណងនៃការចុះត្រួតពិនិត្យនេះ គឺជាសញ្ញាភ្លើងខៀវ សម្រាប់ពេលវេលាសម្រាប់ការបើកឲ្យដំណើរការផ្សារសំខាន់ៗទាំង៣នេះ ឡើងវិញក្នុងពេលឆាប់ៗខាងមុខនេះ ៕ប្រភពមន្ទីរព័ត៌មានខេត្តសៀមរាប


Telegram