សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃបានបង្ហាញពីលទ្ធផលនៃកិច្ចប្រតិបត្តិការបង្ក្រាបគ្រឿងញៀន ក្នុងខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ គឺក្នុងរយៈពេលពេញមួយខែនោះ សមត្ថកិច្ចបង្ក្រាបបានបទល្មើសគ្រឿងញៀនសរុបចំនួន៥៣៩ករណី ធៀបនឹងខែសីហា ឆ្នាំ២០២១ មាន៤៤០ករណី កើនលើស៩៩ករណី ស្មើនឹង២២,៥ភាគរយ។ ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបគ្រឿងញៀនខែកញ្ញាឆ្នាំ២០២១នេះ សមត្ថកិច្ចបានចាប់យកគ្រឿងញៀនសរុបចំនួនជាង២៦គីឡូក្រាម ធៀបនឹងខែសីហា ឆ្នាំ២០២១ គឺមានជាង៥៧គីឡូក្រាម ថយចុះជាង៣១គីឡូក្រាម ស្មើនឹងជាង៥៤ភាគរយ។ នេះបើយោងតាមផេកហ្វេសប៊ុកផ្លូវការរបស់សម្ដេចក្រឡាហោម ស ខេង។
បើតាមសម្ដេចក្រឡាហោម ស ខេង គ្រឿងញៀនបង្ក្រាបបានរួមមាន មេតំហ្វេតាមីនក្រាមម្សៅ ជាង១៣គីឡូក្រាម មេតំហ្វេតាមីនគ្រាប់ជាង១៣១ក្រាម អ៊ិចស្តាស៊ីជាង៨គីឡូក្រាម កេតាមីនជាង១គីឡូក្រាម Nimetazepam ជាង១គីឡូក្រាម សាធាតុគីមីផ្សំជាង៤គីឡូក្រាម និងកញ្ឆាស្ងួតជាង៤គីឡូក្រាម។ សម្ដេចក្រឡាហោមបានបញ្ជាក់ថា ក្នុង ចំណោមបទល្មើសគ្រឿងញៀននោះ មានករណីជួញដូរ រក្សាទុក៤៦៣ករណី ករណីប្រើប្រាស់៧៥ករណី ករណីសំយោគ កែច្នៃ១ករណី និងបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ១ ០៣៩ នាក់ ស្រី៧៣នាក់ ធៀបនឹងខែសីហា ឆ្នាំ២០២១ មាន៨៦១នាក់ កើនលើស១៧៨ នាក់ ស្មើនឹង២០,៦ភាគរយ ក្នុងនោះជនស្ស័យជួញដូរ រក្សាទុក៨៣២ករណី ជនសង្ស័យ ប្រើប្រាស់គ្រឿងញៀន២០៥នាក់ ជនសង្ស័យសំយោគ កែច្នៃ២នាក់។ ទន្ទឹមនេះ ក៏មានជនបរទេស៤១នាក់ស្ថិតក្នុងចំណោមជនសង្ស័យទាំងនោះដែរ។
សម្ដេចក្រឡាហោមបានបន្ដថា ក្នុងចំណោមបទល្មើសគ្រឿងញៀន៥៣៩ករណីនោះ ករណីគ្រឿងញៀនធំៗដែលមានប្រភពចរាចរឆ្លងកាត់តាមច្រកព្រំដែនគោកក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចជំនាញស្រាវជ្រាវឃើញ និងបង្ក្រាបបានចាប់ពី១គីឡូក្រាមឡើងទៅមានចំនួន៤ករណី ស្មើនឹង៤ក្រុម ឃាត់ខ្លួនជនសង្ស័យ០៦នាក់ និងរឹបអូសគ្រឿងញៀនសរុបបានជាង១៦គីឡូក្រាម និងសាធាតុគីមីផ្សំបានជង៤គីឡូក្រាម។ នៅក្នុងខែកញ្ញានោះដែរ សមត្ថកិច្ចក៏បានអនុវត្តន៍វិធានការរដ្ឋបាលបានចំនួន១៣១លើក បានអញ្ជើញម្ចាស់អាជីវកម្ម និងអ្នកពាក់ព័ន្ធមកស្ដាប់ការណែនាំចំនួន២៨លើក ស្មើនឹង៦៥៧នាក់ ចុះអប់រំម្ចាស់ទីតាំងអាជីវកម្មចំនួន១០៣លើក និង១គោលដៅ។ ចុះធ្វើតេស្តរកសាធាតុញៀនក្មេងទំនើង ជនមានតម្រុយប្រើប្រាស់គ្រឿងញៀន និងឆ្មក់ត្រួតពិនិត្យអ្នកបើកបររថយន្តដឹកទំនិញ ដឹកកម្មករ ដឹកអ្នកដំណើរ បុគ្គលិកកម្សាន្ត កាស៊ីណូ សណ្ឋាគារ ខារ៉ាអូខេ សរុប៥០លើក ស្មើនឹង១៣៤នាក់ រកឃើញអ្នកផ្ទុកសាធាតុញៀន៤៨នាក់យកទៅទទួលសេវាបន្សាប និងព្យាបាល។
សម្ដេចក្រឡាហោម ស ខេង ក៏បានសម្ដែនូវការកោតសរសើរ និងការលើកទឹកចិត្តខ្ពស់ ជូនចំពោះថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធទាំងអស់ ទាំងស៊ីវិល នគរបាល និងកងរាជអាវុធហត្ថ ដែលបានរួមសហការគ្នាយ៉ាល្អក្នុងកិច្ចប្រតិបត្តិការបង្ក្រាបគ្រឿងញៀន ដើម្បីរួមចំណែកការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ជូនជាតិ និងប្រជាជន។ ជាថ្មីម្ដងទៀត សម្ដេចក្រឡាហោមក៏បានផ្ញើសារជូនជនរួមជាតិ គ្រប់មជ្ឈដ្ឋានសង្គម និងកម្លាំងអនុវត្តន៍ច្បាប់ទាំងអស់ សូមចូលរួមគាំទ្រ និងអនុវត្តន៍ពាក្យស្លោកជាតិ ៣ការពារ ១រាយការណ៍ គឺ៖ កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឋជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឬមិត្តភក្កិក៏ដោយ ។ កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឋជនគ្រឿងញៀន។ សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តន៍ច្បាប់ដោយម៉ឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវៈរបស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តន៍ច្បាប់ ។ ចំពោះមួយរាយការណ៍៖ ត្រូវរាយការណ៍ ផ្តល់ព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ដើម្បីយើងអាចបន្តរួមកម្លាំងសាមគ្គីជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលជាសត្រូវនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងធនធានមនុស្ស ជាពិសេសធនធានយុវជន ដែលជាសសរទ្រូងប្រទេសជាតិ៕ ប្រភព AKP