សម្តេចតេជោ ប្រកាសត្រៀមចាប់ផ្ដើមអញ្ជើញចូលរួមសម្ពោធសមិទ្ធផលនានាឡើងវិញ ខណៈសម្ដេចនឹងអញ្ជើញសម្ពោធអគារ ក្រសួងរៀបចំដែនដីថ្មី នៅថ្ងៃទី០៨ ខែវិច្ឆិកា ខាងមុខ
ព័ត៌មានជាតិ
66

រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបាន ប្រកាសចាប់ផ្ដើមអញ្ជើញ ចូលរួមសម្ពោធ សមិទ្ធផលនានាឡើងវិញ ខណៈសម្ដេចនឹងអញ្ជើញសម្ពោធអគារក្រសួងរៀបចំដែនដីថ្មី នៅថ្ងៃទី០៨ ខែវិច្ឆិកា ខាងមុខ ដែលបានខកខានដោយសារជំងឺកូវីដ១៩នាពេលកន្លងមក ។ ថ្លែងក្នុងឱកាសដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ដោយសារការត្រៀមបម្រុងរបស់យើង រៀនរស់នៅជាមួយនឹងជំងឺកូវីដ ១៩ ការងារចាប់ផ្ដើមដំបូងរបស់សម្តេច គឺសម្ពោធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថ្មី ដែលកំណត់យកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ បន្ទាប់មកទៀត ត្រូវពិនិត្យមើលកម្មវិធីមួយចំនួន ដែលបានលុបនាពេលកន្លងមក ដូចជា ស្ពានមិត្តភាពចិន ស្ទឹងត្រង់-ក្រូចឆ្មារ និងសម្ពោធសមិទ្ធផលខេត្តព្រះសីហនុ និងកម្មវិធីផ្សេងៗទៀតជាដើម ។« សូមឱ្យមានការរៀបចំការចាប់ផ្តើម ដំបូងរបស់ខ្ញុំគឺសម្ពោធ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយកំណត់យក ថ្ងៃទី០៨ ខែវិច្ឆិកា ដើម្បីចាប់ផ្តើមឡើងវិញឱ្យមានដំណើរការ បើយើងនៅតែក្នុងរូង គឺក្នុងពេលដែលយើងឱ្យសិស្សសាលាចូលរៀន ដូចជាមិនល្អមើល ហើយនឹងមិនត្រូវសង្វាក់នៃការងារទៀតផង ។ បន្ទាប់ទៅត្រូវមើលកម្មវិធីមួយចំនួនទៀតដែលយើងបានលុបចោល ដូចជាការសម្ពោធស្ពាន មិត្តភាពកម្ពុជាចិន ស្ទឹងត្រង់-ក្រូចឆ្មារ ការសម្ពោធសមិទ្ធផលនៅខេត្តព្រះសីហនុ ដែលយើងបានធ្វើយ៉ាងធំ និង អស់ថវិកាយ៉ាងច្រើន ដោយយើងត្រូវធ្វើការសម្ពោធកម្មវិធីដែលយើងចោលមួយចំនួនកន្លងទៅ គឺអាចរៀបចំឡើងវិញដើម្បីឱ្យដំណើរការ » ។ សម្តេចតេជោ ហ៊ុន សែនក៏បានបញ្ជាក់បន្ថែមថា ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសហើយថា ចាប់ពីខែវិច្ឆិកាទៅ គឺសាលាបើកជាទូទៅតែម្តង បើយើងមិនបើកជាទូទៅទេ ការស្លាប់ដោយសារសេដ្ឋកិច្ច ប្រហែលជាពិសេសជាង ការស្លាប់ដោយសារកូវីដ១៩ទៅទៀត ៕


Telegram