អាជ្ញាធរខេត្តកំពង់ស្ពឺកំពុងរកមធ្យោបាយរំដោះជំនន់ទឹកភ្លៀងស្ទឹងព្រែកត្នោតឱ្យបានលឿន ខណៈទឹកបានវាយលុកខ្លាំងគំរាមកំហែងលិចក្រុងច្បារមន ដែលបង្កការលំបាកដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
ព័ត៌មានជាតិ
419

ខេត្តកំពង់ស្ពឺ ៖  ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានឱ្យដឹងថា កាលពីថ្ងៃទី២៣ខែ តុលាឆ្នាំ២០២១ អាជ្ញាធរបានបើកទ្វារទឹកទម្លាក់មកផ្នែកខាងក្រោមមួយចំនួន ហើយនៅថ្ងៃទី២៤ខែតុលាម្សិល មិញនេះ អាជ្ញាធរបានបិទ ទំនប់ស្ទឹងព្រែកត្នោតវិញ ដោយសារជាទូទៅមិនអាចបើកជាគំហុកបានទេ ព្រោះធ្វើឱ្យប៉ះពាល់មកដល់រាជធានីភ្នំពេញនិងខេត្តកណ្តាល។

ឯកឧត្តមបន្ថែមថា ការ សម្រេចបើកទ្វារទឹកនៃសំណង់បង្ហៀរទឹកស្ទើរគ្រប់កន្លែង ដើម្បីការពារបាក់ស្រុតទំនប់ និងជន់លិចលំនៅឋាន និងដំណាំកសិផលរបស់ប្រជា ពលរដ្ឋ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងច្រើនថ្ងៃជាប់ៗគ្នា។ ពិសេសនៅស្រុកសំរោងទង មានបរិមាណទឹកភ្លៀងបានធ្លាក់ក្នុងកម្រិត ១០០ ម.ម ក្នុង១ថ្ងៃ ធ្វើឱ្យទឹកនៅទំនប់បង្ហៀរទឹកជណ្ដើរកាច់ ជន់ឡើងពេញប្រៀប និងហៀរលើខ្នងទំនប់ ដែលតម្រូវឱ្យមន្ត្រីជំនាញបង្ខំចិត្តបើកទ្វារទឹកធំៗទាំងអស់នៃទំនប់នេះ ដើម្បីការពារបាក់ស្រុត និងជន់លិចផ្ទះនិងផលដំណាំរបស់ប្រជា ពលរដ្ឋ។

ឯកឧត្តមបញ្ជាក់ថា អាជ្ញាធរក្រុង ស្រុកនិងមន្ទីរជំនាញបានចុះជួយអន្តរាគមន៍ជាបន្ត បន្ទាប់ ធ្វើឱ្យស្ថានការណ៍នៅតំបន់ខ្លះមានការធូរស្រាលត្រឹមរយៈពេលខ្លី ប៉ុន្តែតំបន់ងាយប្រឈមមួយចំនួនត្រូវប្រើរយៈពេលយូរបន្ថែមទៀត ។ ដូច្នេះ អាជ្ញាធរខេត្តនិងមន្ទីរជំនាញកំពុងរិះរកមធ្យោយបាយដ៏មានប្រសិទ្ធភាពមួយក្នុងការដោះស្រាយបញ្ហាជនលិចនេះ។

លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹកនិង ឧតុនិយមខេត្តកំពង់ស្ពឺបានឱ្យដឹងដែរថា ខេត្តកំពង់ស្ពឺមានភ្លៀងធ្លាក់៣មេធំៗ ទឹកនេះបានបន្តធ្លាក់មកជន់នៅលើស្ទឹងព្រែកត្នោត លិចចូលក្នុងលំនៅឋានប្រជាពលរដ្ឋ ក្នុងតំបន់ទំនាបៗជាច្រើន ទាំងនៅក្នុងស្រុកនិងក្រុង ពិសេសនៅក្នុងក្រុងច្បារមនតែម្ដង ដែលមានភូមិសរុបប្រមាណជាង២០ត្រូវបានជន់លិច។ លោកបន្តថា ទោះបីទឹកនេះជន់លិចនៅក្នុងក្រុងស្រុកមួយចំនួនក៏ពិតមែន ប៉ុន្តែមិនប៉ះពាល់ធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋនោះទេ ព្រោះខេត្តកំពង់ស្ពឺគឺឋិតនៅផ្នែកខាងលើ។ ដូចនេះដើម្បីបញ្ចៀសនូវការជន់លិចនៅផ្នែកខាងក្រោម អាជ្ញាធរខេត្តកំពង់ស្ពឺកំពុងរិះរកមធ្យោបាយ បើករំដោះទឹកបានលឿន ព្រោះបើកច្រើនធ្វើឱ្យលិចទីក្រុងភ្នំពេញនិងខេត្តកណ្តាល។

« បច្ចុប្បន្ននេះទឹកគឺបានចូលមកដល់ក្នុងស្ទឹងទាំងអស់ អ៊ីចឹងធ្វើឱ្យទឹកស្ទឹងមានស្ថានភាពស្ទុះឡើង ព្រោះយើងបើកទ្វារទឹក ហើយសម្រាប់ខេត្តកំពង់ស្ពឺវាលិចនៅភូមិឋានបងប្អូនប្រជាពល រដ្ឋមួយចំនួន ដោយគាត់នៅតំបន់ទាប នៅជាប់នឹងស្ទឹងព្រែកត្នោត។ អ៊ីចឹងយើងបើក ទ្វារទឹកទៅ ក៏បានលិច លិចភូមិមួយចំនួននៅផ្នែកខាង ក្រោម ប្រហែលជា៥ទៅ៦ភូមិ ដោយសារតែគាត់នៅកន្លែងទាបដោយសារតែទំនប់យើងវាខ្ពស់ ប៉ុន្តែពេលនេះយើងបានបិទទ្វារទឹកហ្នឹងវិញហើយនៅទំនប់ជណ្តើរកាច់។ ហើយទាក់ទងទៅនឹងស្រុកបសេដ្ឋ បរិមាណទឹកភ្លៀងមិនបង្កការលំបាកអីច្រើនទេសម្រាប់ខេត្តកំពង់ស្ពឺ ប៉ុន្តែបង្កការលំបាក ទៅក្នុងទឹកដីខេត្តតាកែវ។ ហើយទាក់ទងជំនន់ទឹកស្ទឹងព្រែកត្នោតនេះ និយាយឱ្យខ្លីថាទឹកជំនន់គឺបង្កផលប៉ះ ពាល់ច្រើនជាពិសេសដំណាំ ស្រូវ ប៉ុន្តែខេត្តកំពង់ស្ពឺគឺមានភាពងាយស្រួលជាង ព្រោះដោយសារតែមានដីខ្ពស់ ប៉ុន្តែវាអាចជះឥទ្ធិពលទៅលើខេត្ត កណ្តាល និងរាជធានីភ្នំពេញ ។ អ៊ីចឹងហើយបានជានៅខេត្តកំពង់ស្ពឺនេះកំពុងរកវិធីបិទបើកទ្វារទឹកយ៉ាងម៉េចកុំឱ្យ ទឹកហ្នឹងហូរសម្រុកទៅផ្នែកខាងក្រោម»។

ឯកឧត្តម អភិបាលខេត្តកំពង់ស្ពឺ ក៏បានណែនាំអាជ្ញា ធរពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត លើការគ្រប់គ្រងទំនប់អាងទឹកតាសាល ការ ចែករំលែក និងផ្តល់ព័ត៌មានអំពីកម្ពស់ទឹក ធារទឹក និងបរិមាណណទឹកភ្លៀងរវាងផ្នែកខាងលើ និងផ្នែកខាង ក្រោមនៃស្ទឹងព្រែកត្នោតទាំងមូល ដើម្បីអាចជួយបញ្ចៀស និងកាត់បន្ថយហានិភ័យដោយទឹកជំនន់ដល់រាជធានីភ្នំពេញ និងមួយផ្នែកនៃខេត្តកណ្តាលដែលអាចនឹងកើតមានឡើងដោយសារឥទ្ធិ ពលព្យុះនាចុងរដូវវស្សាឆ្នាំ នេះផងដែរ ។

គួរជម្រាបថា ទំនប់អាងទឹកស្ទឹងព្រែកត្នោត មានប្រវែងសរុប ៧២០ម៉ែត្រ នឹងអាចស្តុកទឹកបាន១៤០លានម៉ែត្រ គូប ជួយកាត់បន្ថយទឹកជំនន់នៅរដូវវស្សា និងជួយផ្គត់ផ្គង់តម្រូវការប្រើប្រាស់បំពេញ បន្ថែមផ្នែកខាងក្រោមនៅរដូវប្រាំង៕ប្រភពក្រសួងព័ត៌មាន

Telegram