រាជធានីភ្នំពេញ ៖ ស្ថានភាពទឹកជំនន់ស្ទឹងព្រែកត្នោត នៅតែបន្តហាក់ឡើងជាបន្តបន្ទាប់ ខណៈកាលពីម្សិលមិញនេះ រដ្ឋបាលខណ្ឌដង្កោ ក៏បាន អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមសណ្តស្ទឹងព្រែកត្នោត មេត្តាត្រៀមសម្ភារៈ និងតាមដានស្ថានភាពទឹកជំនន់ជាប្រចាំ ជៀសវាងការបាត់បង់សម្ភារៈ និងអាយុជីវិត និងបានប្រកាសជូនពលរដ្ឋ ដែលរស់នៅជាប់សណ្តរស្ទឹងព្រែកត្នោត ក្នុងនោះ មានសង្កាត់ដង្កោ ខណ្ឌព្រៃស សង្កាត់ព្រៃវែង សង្កាត់ក្រាំងពង្រ សង្កាត់ស្ពានថ្ម សង្កាត់ទៀន សង្កាត់សាក់សំពៅ សង្កាត់ជើង ឯក សង្កាត់ព្រែកកំពឹស និងសង្កាត់គងនយ ឲ្យមានការប្រុងប្រយត្ន័ផងដែរ ខណៈកម្ពស់ទឹក បានហក់ឡើងដល់កម្រិតត្រូវប្រុងប្រយត្ន័ខ្ពស់ ។
ក្នុងនោះ កាលពីម្សិលមិញនេះដែរ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក៏បាន ដឹកនាំ កម្លាំង ចុះអន្តរាគមន៍ ជួយទប់ទំនប់សណ្ដស្ទឹងព្រែកត្នោត ក្នុង ភូមិសាស្ត្រ ខណ្ឌដង្កោ ដែលស្ថានភាពទឹកកំពុងបន្តហក់ឡើងខ្លាំង និង សូមអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមសណ្ដស្ទឹងព្រែកត្នោតត្រូវប្រុងប្រយ័ត្នខ្ពស់ផងដែរ អ្វីដែលប្រជាពលរដ្ឋកោតសរសើរមិនដាច់ពីមាត់នោះ គឺ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជិះម៉ូតូដោយខ្លួនឯង ដើម្បីពិនិត្យស្ថានភាព ទឹកនៅតាមបណ្តាសណ្តស្ទឹង និងបានបញ្ជាឱ្យកងកម្លាំងនិងមន្ត្រីជំនាញ ទប់ស្កាត់ឲ្យបានការហូរច្រោះរន្ធនាគ នៅលើទំនប់សណ្តស្ទឹងព្រែកត្នោត នៅក្នុងភូមិសាស្ត្រសង្កាត់សាក់សំពៅ និងសង្កាត់ព្រៃស ខណ្ឌដង្កោ ដែលអាចបង្កឱ្យមានហានិភ័យដល់ការបាក់ទំនប់ការពារទឹកជំនន់នេះបាន បើមិនមានវិធានការទាន់ពេល ។
ទន្ទឹមនោះ គេក៏ឃើញមានការចូលរួមអន្តរាគមន៍ យ៉ាងសស្រាក់សស្រាំ ពីសំណាក់ កម្លាំងទ័ព មកពីតាមបណ្តាអង្គភាពនានា សរុបជាង ៦០០នាក់ ព្រមទាំងបរិក្ខារសង្គ្រោះ ត្រូវបានត្រៀមរួចជាស្រេច ដើម្បីសង្គ្រោះប្រជាពលរដ្ឋក្នុងខណ្ឌដង្កោ និងកំបូល ដែលប្រឈមការជន់លិចនេះ ក្នុងនោះមានទាំង កម្លាំងបញ្ជាការដ្ឋានអង្គរក្សចំនួន ៤០០នាក់, កម្លាំងយោធភូមិភាគពិសេស ១២០នាក់ ដោយកងកម្លាំងទាំងនេះ ចូលរួមទប់ទំនប់ជាមួយគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ។
រហូតមកទល់យប់មិញនេះ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ក៏បានប្រកាសផងដែរថា
ចាប់ពីម៉ោង ១០យប់នេះ អាជ្ញាធរ បានសម្រេចផ្អាកចរាចរណ៍ជាបណ្តោះអាសន្នស ម្រាប់រថយន្តធុនធំ លើកំណាត់ផ្លូវលេខ២០អា ឬ ១០៤ ចាប់ពីរង្វង់មូលគួរស្រូវ ដល់ផ្សារកំពង់កន្តួត ដោយសារស្ថានភាពទឹកឡើង ហូរកាត់លើថ្នល់នៅទីតាំងមួយចំនួន។ មិនតែប៉ុណ្ណោះ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ កម្លាំងអន្តរាគមន៍ពិសេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី តឹង សុធី ស្នងការរង ក៏បានដឹកនាំកម្លាំងចុះជួយទប់ស្កាត់ទឹកជំនន់ នៅសង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ផងដែរ។
សូមបងប្អូនអ្នកធ្វើដំណើរទាំងអស់មេត្តាជ្រាប ៕