ទំនិញខូចគុណភាព ដែលមានទាំង ទឹកដោះគោ នំ ស្ករគ្រាប់ និងសាប៊ូ សរុបចំនួន១៥០គីឡូក្រាម ត្រូវបានមន្ត្រីជំនាញដកហូត
ខេត្តតាកែវ ៖ មន្ត្រីក.ប.ប ខេត្តតាកែវ បានចុះត្រួតពិនិត្យទំនិញតាមបណ្ដាទីផ្សារ និងផ្ទះលក់ទំនិញ ក្នុងខេត្តតាកែវ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ក្នុងគោលបំណងទប់ស្កាត់ ការចែកចាយទំនិញ ខូចគុណភាព នៅលើទីផ្សារ ក្នុងព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF ។
ក្នុងប្រតិបត្តិការត្រួតពិនិត្យនេះ ទំនិញដែលខូចគុណភាព ដែលបានរកឃើញ មានដូចជា ទឹកដោះគោ នំ ស្ករគ្រាប់ និងសាប៊ូ សរុបចំនួន ១៥០គីឡូក្រាម ត្រូវបានមន្ត្រីក.ប.ប. រកឃើញ និងដកហូតយកមករក្សាទុកដើម្បីកម្ទេចចោល។
ជាមួយគ្នានេះផងដែរ ម្ចាស់ទំនិញខាងលើត្រូវបានមន្ត្រីជំនាញធ្វើការពិន័យអន្តរការណ៍ និងណែនាំឱ្យបញ្ឈប់ការដាក់តាំងលក់ទំនិញខូចគុណភាព និងហួសសុពលភាពប្រើប្រាស់៕