រាជធានីភ្នំពេញ ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ បានចូលខ្លួនទៅផាកពិន័យ នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោហើយ ខណៈដែលលោកបានជិះម៉ូតូ មិនបានពាក់មួកសុវត្ថិភាព ពេលដឹកនាំកំលាំងចុះអន្តរាគមន៍ទប់ទំនប់និងពិនិត្យស្ថានភាពទឹកជំនន់តាមសណ្តរស្ទឹងព្រែកត្នោត ក្នុងខណ្ឌដង្កោ កាលពីថ្ងៃទី២៦តុលាម្សិលម៉ិញ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា៖
បន្ទាប់ ពី មានការរិះគន់ លោក ឃួង ស្រេង អភិបាល រាជធានី ភ្នំពេញ មិនពាក់ មួកសុវត្ថិភាព ពេល បេីកម៉ូតូ នោះ នៅព្រឹក ថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០២១ នេះ លោក ឃួង ស្រេង បានចូលខ្លួនទៅ បង់ការផាកពិន័យ ចំពោះ កំហុស ឆ្គង អចេតនា នេះ រួចហើយ នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ។
មន្ត្រីដដែលបានបញ្ជាក់ថា តាមការពិត ទៅ ពេលនោះ លោកអភិបាល រាជធានីភ្នំពេញ ក៏បាន យកមួកសុវត្ថិភាពមកពាក់ដែរ ប៉ុន្តែ ដោយកញ្ចក់ មួកសុវត្ថិភាព ស្រអាប់ ពេក ពិបាក មេីលផ្លូវ ម្យ៉ាងទៀត ដោយមានការបន្ទាន់ចុះពិនិត្យមេីលស្ថានភាពទឹកជំនន់ ដេីម្បី រកដំណោះស្រាយ ជួយប្រជាជន លោក អភិបាល ក៏បេីកម៉ូតូទៅដោយមិនបានពាក់មួក សុវត្ថិភាព ។ ប៉ុន្តែ ទោះជាយ៉ាងណាក្ដី លោក អភិបាល ទទួល យកនូវមតិរិះគន់ដេីម្បី ស្ថាបនា ទើបនៅព្រឹកថ្ងៃទី២៧តុលានេះ លោកអភិបាល ក៏ចូលខ្លួនទៅ អោយ មន្ត្រី ចរាចរណ៍ ធ្វើ ការ ផាក ពិន័យទៅតាមច្បាប់ សូមបងប្អូន មេត្តា យោគយល់ ចំពោះ កំហុស អចេតនា នេះ ផង ។
ក្រោយពីបានចូលខ្លួនទៅបង់ការផាកពិន័យ នៅអធិការខណ្ឌដង្កោហើយ នៅថ្ងៃដដែលនោះដែរលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានបន្តចុះទៅដឹកនាំ អាជ្ញាធរនិងកងកម្លាំងបន្តទៀតនៅខណ្ឌដង្កោ ដើម្បីសង្គ្រោះ ប្រជាពលរដ្ឋ ខណៈពេលរដ្ឋមានទុក្ខ ដោយគ្រោះទឹកជំនន់នេះ៕