អភិបាលរាជធានីភ្នំពេញ ពិនិត្យទីតាំងបាក់ទ្វារទប់ទឹកមួយកន្លែង ក្នុងសង្កាត់ទៀន ខណ្ឌដង្កោ
ព័ត៌មានជាតិ
179

រាជធានីភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន កងកម្លាំងទាំងបីប្រភេទ កម្លាំងបញ្ជារការដ្ឋានកងអង្គរ័ក្ស ដេីម្បីត្រួតពិនិត្យស្ថានភាពបាក់ដាច់ទ្វារទប់ទឹកមួយកន្លែង ដែលបង្កដោយសារជំនន់ស្ទឹងព្រែកត្នោត ។

តាមការអោយដឹងពីមន្ត្រីមូលដ្ឋានបានអោយដឹងថា ទ្វារទប់ទឹកមួយកន្លែង នេះ មានទីតាំងនៅចន្លោះរវាងក្នុងភូមិសាលា និងភូមិ កន្តុយទឹក សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ បានបាក់ទំនប់តាំងពីម៉ោងប្រមាណ១២ និង៣០នាទីយប់ថ្ងៃទី២៦ ឈានដល់ថ្ងៃទី២៧ខែតុលា ឆ្នាំ២០២១ ហើយការបាក់ដាច់ទ្វារទប់ទឹកនៅត្រង់ចំនុច ភូមិ កន្ទុយទឹក សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលបានហូរមកពីផ្នែកខាងលើសង្កាត់ទៀន អាចនិងរងផលប៉ះពាល់ ដល់ភូមិសាស្ត្រសង្កាត់មួយចំនួនដូចជា សង្កាត់គងនយ សង្កាត់ទៀន សង្កាត់ស្ពានថ្ម សង្កាត់ព្រែកកំពឹស និងសង្កាត់រលួស ក្នុងខណ្ឌដង្កោ ដោយត្រូវជម្លៀសប្រជាជនចេញពីលំនៅដ្ឋាន ដើម្បីរកទីទួលសុវត្ថិភាពជាបន្ទាន់។

តាមរយៈការបាក់ទ្វារទឹកនេះ ឯកឧត្តម ឃួង ស្រេង បានដឹកនាំ ចាប់តាំងពីពេលកើតហេតុនៃបាក់ទ្វារទឹកនេះភ្លាម តែម្តង ដោយបានបញ្ជារអោយកងកម្លាំងធ្វើការជម្លៀសប្រជាជនមកកាន់ទួលសុវត្តិភាពជាបន្តបន្ទាប់ និងមិនទាន់មានប្រជាពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់ដល់ជីវិតនៅក្នុងហេតុការបាក់ទ្វារទឹកនេះទេ ។

ឯកឧត្តម ឃួង ស្រេង ក៏បានធ្វើការណែនាំអោយកងកម្លាំង និងមន្ត្រីជំនាញ សហការគ្នា ធ្វើការយកបាវខ្សាច់ ចាក់ទប់បិទមុខទឹក ដើម្បីកុំអោយហូរទៅផ្នែកខាងក្រោមនៃសង្កាត់គងនយ សង្កាត់ទៀន សង្កាត់ស្ពានថ្ម សង្កាត់ព្រែកកំពឹស និងសង្កាត់រលួសផងដែរ ៕ ប្រភព៖ ទទក


Telegram