ខេត្តកំពង់ចាម ៖ នាថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមដំណើរដោយ ឯកឧត្តមអនុប្រធាន លោក លោកស្រីសមាជិក សមាជិកាគណៈកម្មាធិការសាខា លោកប្រធានអនុសាខាស្រុក ក្រុមកាកបាទក្រហមកម្ពុជាឃុំ និងអ្នកស្ម័គ្រចិត្ត បានអញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៨៥ គ្រួសារ នៅឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ក្នុងនេះ នៅភូមិទួលរកា ១៧គ្រួសារ , និងនៅភូមិដីលើ ៦៨គ្រួសារ ។ នេះបើយោងតាមផេកផ្លូវការរបស់ រដ្ឋបាលខេត្តកំពង់ចាម ។
សូមបញ្ជាក់ថា កាលពីយប់រំលងអធ្រាត្រឈានចូល ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ ពេលកំពុងភ្លៀងធ្លាក់ខ្លាំង ក៏ស្រាប់តែមានខ្យល់កន្ត្រាក់បក់គួច ធ្វើអោយផ្ទះ ៨៧ខ្នង ( ភូមិទួលរកា ១៧ខ្នង និងភូមិដីលើ ៧០ខ្នង) រងការខូចខាត ដោយមានការដួលរលំ របើកសង្កសី ហ្វីប្រូ និងរបើកក្បឿង ។
ភ្លាមៗនោះ សាខា ក៏បានចាត់លោកនាយកប្រតិបត្តិសាខា នាំយកអំណោយមនុស្សធម៌ ផ្តល់មួយជំហានមុន ជូនដល់ ២គ្រួសារ ដែលរងការខូចខាតធ្ងន់ជាងគេ រួចហើយ។ នៅសល់ ៨៥ គ្រួសារ ទៀត សាខា បាន សហការចុះពិនិត្យវាយតម្លៃឡើងវិញជាបន្តបន្ទាប់ ហើយចុងក្រោយ ក៏បានសម្រេចធ្វើការឆ្លើយតប តាមរយៈ ការផ្តល់អំណោយជាគ្រឿងឧបភោគបរិភោគនិងថវិកាមួយចំនួន សម្រាប់ការស្តារ និង ជួសជុលលំនៅដ្ឋាន បងប្អូន ឡើងវិញ ។
ឯកឧត្តម អ៊ុន ចាន់ដា បានចូលរួមសម្តែងការសោកស្តាយជាមួយគ្រួសាររងគ្រោះ ចំពោះគ្រោះធម្មជាតិ ដែលកើតឡើងដោយស្មានមិនដល់នេះ ហើយ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខដោយក្តីអាណិតអាសូរ ពីសំណាក់ ឯកឧត្តម ហ៊ុន ណេង ប្រធានកិត្តិយសសាខា ពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច លោកតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ហើយលោក តែងបានចាត់តំណាង ចុះអន្តរាគមន៍ ផ្តល់ជំនួយសង្រ្គោះ ជួយសម្រាលទុក្ខលំបាក ទាន់ពេលវេលា តាមទិសស្លោក “ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា " និងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បន្តរៀនរស់នៅជាមួយជម្ងឺកូវិដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ពិសេស ត្រូវបង្កើនការប្រុងប្រយ័ត្នអោយបានទ្វេដងជាងមុន ក្នុងការថែទាំសុខភាពផ្ទាល់ខ្លួន ហើយចូលរួមទប់ស្កាត់ការឆ្លងរាលដាល នៃវីរុសបម្លែងថ្មី កូវីដ-១៩ ដោយត្រូវអនុវត្តវិធានការអនាម័យស្អាត ៣ យ៉ាង , ការលាងសម្អាតដៃជាប្រចាំ, ការពាក់ម៉ាស់ ឬ ប្រើក្រម៉ា ត្រូវអនុវត្តកាតព្វកិច្ចគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ពិសេសអនុវត្តអោយបានខ្ជាប់ខ្ជួន តាមវិធានសុខាភិបាល " ៣ការពារ ៣កុំ " និង សូមចូលរួមចាក់វ៉ាក់សាំង អោយបានគ្រប់គ្នា ។
សូមបញ្ជាក់ថា អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនពលរដ្ឋរងគ្រោះទាំង ៨៥គ្រួសារ , ក្នុង ១គ្រួសារ ទទួលបាន ៖ អង្ករ ២៥គីឡូក្រាម , មី ១កេស ,ទឹកត្រី ១យួរ ,ទឹកស៊ីអ៊ីវ ១យួរ ត្រីខ ១០កំប៉ុង, ឃីត ១ , អាវយឺតចំនួន ៤ និង ថវិកា ១០០,០០០ រៀល ។ ជាមួយនោះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានអញ្ជើញ ប្រគេនព្រះចៅអធិការវត្តទួលរកា នូវ អង្ករ ១០០គក្រ , មី ៤កេស, ត្រីខ ៤យួរ និង បច្ច័យ ២០០,០០០ រៀល ផងដែរ ៕