អ្នកបម្រើសេវាកម្មទេសចរណ៍ នៅខេត្តសៀមរាប ពេញចិត្តចំពោះរាជរដ្ឋាភិបាល ដែលអនុញ្ញាតឲ្យភ្ញៀវទេសចរណ៍អន្តរជាតិ ចូលមកទស្សនាក្នុងប្រទេសកម្ពុជា ពិសេសនៅខេត្តសៀមរាប ក្នុងខែមករា ឆ្នាំ២០២២នេះ ក្នុងក្របខណ្ឌនៃកម្មវិធីទេសចរណ៍វ៉ាក់សាំង
ព័ត៌មានជាតិ
140

ខេត្តសៀមរាប ៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ម្សិលមិញនេះ បានចេញសេចក្ដីជូនដំណឹងមួយ ស្ដីពីការបើកទទួលទេសចរណ៍វ៉ាក់សាំង ដោយយោងតាមការសម្រេចអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយបញ្ជាក់ថា កម្ពុជានឹងចាប់ផ្ដើមបើកទទួលភ្ញៀវទេសចរអន្តរជាតិដែលមានបំណងចង់មកទស្សនា កម្សាន្តនៅកម្ពុជាចាប់ពីថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១ នេះតទៅ ដោយការចាប់ផ្តើមដំបូងនៅ ក្រុងព្រះសីហនុ ក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ និងតំបន់តារាសាគរនៃខេត្តកោះកុង និងបន្ទាប់មកនៅខេត្តសៀមរាប នៅក្នុងខែមករា ឆ្នាំ២០២២ នៅក្នុងក្របខណ្ឌនៃកម្មវិធីទេសចរណ៍វ៉ាក់សាំង ដែលអនុញ្ញាតឱ្យភ្ញៀវទេសចរអន្តរជាតិស្នាក់នៅ និងទស្សនាក្នុងតំបន់ ឬគោលដៅទេសចរណ៏សុវត្ថិភាព ក្នុងរយៈពេល ០៥ថ្ងៃ ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័ក ក្នុង សណ្ឋាគារ។

សេចក្ដីជូនដំណឹងបានបញ្ជាក់ទៀតថា ចំពោះភ្ញៀវទេសចរដែលមកក្នុងកម្មវិធីទេសចរណ៍វ៉ាក់សាំងនេះ គឺតម្រូវឱ្យធ្វើតែតេស្គរហ័សរកអង់ទីហ្សែនក្ខវីដ-១៩ ប៉ុណ្ណោះនៅពេលមកដល់អាកាសយានដ្ឋាន ហើយក្នុងករណីទទួលបានលទ្ឋផលអវិជ្ជមាន ភ្ញៀវទេសចរអាចដើរកម្សាន្តដោយសេរីនៅក្នុងតំបន់ ឬគោលដៅទេសចរណ៍សុវត្ថិភាព ដោយមូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់សុទ្ធតែត្រូវបានត្រួតពិនិត្យការអនុវត្តតាមនីតិវិធីប្រតិបត្តិស្តង់ដា និងវិធានសុវត្ថិភាពទេសចរណ៍ជាមុន ហើយភ្ញៀវទេសចរអន្តរជាតិដែលមកតាមកម្មវិធីទេសចរណ៍វ៉ាក់សាំង អាចស្នើសុំប្រភេទទិដ្ឋាការទេសចរណ៍(ប្រភេទ T) នៅតាមស្ថានទូត/ ស្ថានកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅបរទេស ឬអាចស្នើសុំទិដ្ឋាការ អេឡិចត្រូនិច (E-Visa) ហើយត្រូវមកតាមកញ្ចប់ទស្សនកិច្ចទេសចរណ៍ចាក់វ៉ាក់សាំងកូវី-១៤ ឬជាទេសចរមកជាលក្ខណៈគ្រួសារ ឬក្រុមតូចៗ ជាទេសចរកម្រិតខ្ពស់ ដែលបានចាក់វ៉ាក់សាំងគ្រប់ដូស និង ភ្ញៀវទេសចរត្រូវអនុវត្តតាមលក្ខខណ្ឌនៃកម្មវិធីបើកទទួលទេសចរណ៍វ៉ាក់សាំង ដោយត្រូវស្នើសុំលិខិតអនុញ្ញាតចូលកម្ពុជា ដោយផ្សារភ្ជាប់ជាមួយនីតិវិធីនៃការស្នើសុំទិដ្ឋាការដែលមានស្រាប់ ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក ចិន្ដា ជាអ្នកបើកបររថយន្ដដឹកភ្ញៀវទេសចរណ៍ ក្នុងខេត្តសៀមរាប បានសម្ដែងនូវក្ដីសប្បាយរីករាយ ចំពោះការបើកទទួលភ្ញៀវទេសចរណ៍វ៉ាក់សាំងក្នុងពេលឆាប់ៗខាងមុខនេះ ខណៈរូបលោក ក៏ដូច ជាអ្នកបម្រើសេវាកម្មទេសចរណ៍ទាំងអស់នៅខេត្តសៀមរាប កំពុងទទួលរងនូវផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយលោកសង្ឃឹមក្នុងចិត្តថា ការបើកទទួលភ្ញៀវទេសចរណ៍វ៉ាក់សាំងឡើងវិញនេះ នឹងធ្វើឲ្យជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងខេត្តកាន់តែប្រសើរឡើង ដូច្នេះក្នុងឱកាសនេះ សូមអំពាវនាវឲ្យប្រជាពលរដ្ឋជាអាជីវករបម្រើសេវាកម្មទេសចរណ៍នៅខេត្តសៀមរាប ត្រូវបន្ដចូលរួមអនុវត្តវិធានការសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ៣កុំ និង ៣ការពារឲ្យបានខ្ជាប់ខ្ជួនផងដែរ ។

អ្នកស្រី ភីណា ជាមគ្គុទេសក៏ទេសចរណ៍ភាសាជប៉ុននៅខេត្តសៀមរាប បានឲ្យដឹងថា ចំពោះ ព័ត៌មានស្ដីពីការបើកទទួលទេសចរណ៍វ៉ាក់សាំងនេះ ទាំងរូបអ្នកស្រី ក៏ដូចជាអ្នកបម្រើសេវាកម្មទេសចរណ៍ទាំងអស់នៅខេត្តសៀមរាប ពិតជាមានអារម្មណ៍រំភើប និង សប្បាយរីករាយក្នុងចិត្តជាខ្លាំង ព្រោះជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប គឺមួយផ្នែកធំពឹងផ្អែកលើភ្ញៀវទេសចរណ៍អន្តរជាតិ ក្នុងពេលដែលពួកគាត់ចូលមកកម្សាន្តក្នុងខេត្តសៀមរាបយើងនេះ ប៉ុន្តែការព្រួយបារម្ភនៅតែមានចំពោះករណីដែលអាចនាំចូលវីរុសកូវីដ-១៩ ចូលក្នុងប្រទេស ជាពិសេសវីរុសបំប្លែងខ្លួនថ្មីប្រភេទឌែលតាជាដើម ដូច្នេះក្នុងឱកាសនេះ សូមអំពាវនាវដល់ម្ចាស់អាជីវកម្មទេសចរណ៍ទាំងអស់ ជាពិសេសម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ និង ភោជនីយដ្ឋាន ត្រូវអនុវត្តវិធានការ ៣កុំ ៣ការពារឲ្យម៉ឺងម៉ាត់ ពីព្រោះកន្លែងទាំងនោះ ជាតម្រូវការចាំបាច់បំផុតសម្រាប់ភ្ញៀវទេសចរណ៍ទូទៅ ។

គួររំលឹកថា ដើម្បីអនុវត្តតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ស្ដីពីការរៀនរស់ក្នុងជីវភាពធម្មតា តាមបែបគន្លងថ្មីក្នុងសម័យកូវីដ-១៩នោះ កាលពីពេលថ្មីៗកន្លងទៅនេះ រដ្ឋបាលខេត្តសៀមរាប បានចេញនូវសេចក្ដីណែនាំចំនួន ១០ចំណុច ស្ដីពីការពង្រឹងការអនុវត្តវិធានការនានា និងការធានាប្រក្រតីភាពក្នុងការរស់នៅ តាមបែបគន្លងថ្មី នៃបរិបទជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ជាពិសេស បានបែងចែកក្រុមការងារ ដែលដឹកនាំដោយលោក លោកស្រី ជាអភិបាលរងខេត្ត ចុះពន្យល់ និង ណែនាំដល់បងប្អូនប្រជាពលរដ្ឋ និង អាជីវករ ឲ្យយល់ដឹងកាន់តែច្បាស់អំពីរបៀបនៃការរស់នៅក្នុងជីវភាពធម្មតា តាមបែបគន្លងថ្មីក្នុងសម័យកូវីដ-១៩ ។

សូមបញ្ជាក់ថា ក្រសួងទេសចរណ៍ នឹងរៀបចំពីធីប្រកាសផ្សព្វផ្សាយជាផ្លូវការដាក់ឲ្យអនុវត្ត ផែនការណ៍យុទ្ធសាស្រ្តស្ដីពីការបើកទទួលទេសចរណ៍វ៉ាក់សាំង និង វិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ឆ្នាំ២០២១-២០២៣ នៅថ្ងៃទី២៨ ខែតុលាឆ្នាំ២០២១ខាងមុខនេះ ដើម្បីឆ្លើយតបទៅនឹង ផែនការយុទ្ធសាស្រ្តស្ដីពីការបើកទទួលទេសចរណ៍វ៉ាក់សាំង ដែលត្រូវបានអនុម័តដោយរាជរដ្ឋាភិបាលកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ទទួលបានជោគជ័យ ៕  



Telegram