ដើម្បីការពារអាយុជីវិតក៏ដូចជាគិតគូរពីសុខទុក្ខប្រជាពលរដ្ឋកម្ពុជានៅក្រៅប្រទេសនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាបានស្នើឱ្យមន្ដ្រីសុខាភិបាលរបស់កម្ពុជាសហការជាមួយភាគីថៃ គឺមានបំណងបញ្ជូនវ៉ាក់សាំងកូវីដ-១៩ ដើម្បីទៅចាក់ជូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ។
ថ្លែងក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់អ្នកមានអាយុ ៦ ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់កុមារមានអាយុ៥ឆ្នាំ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅវិមានសន្ដិភាព សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា “ខ្ញុំកំពុងឱ្យមន្ដ្រីរបស់យើងសហការជាមួយភាគីថៃ គឺមានបំណងបញ្ជូនវ៉ាក់សាំងពីកម្ពុជាទៅក្នុងប្រទេសថៃ ដើម្បីស្នើឱ្យអាជ្ញា ធរថៃ ជួយយកវ៉ាក់សាំងយកពីយើង ចាក់ជូនប្រជាជនយើងនៅទីនោះ (ពលករខ្មែរនៅថៃ) ក្នុងពេលប្រជាជនថៃមិនទាន់មានវ៉ាក់សាំងគ្រប់គ្រាន់”។
សម្ដេចតេជោ បានបន្ដថា ការបញ្ជូនវ៉ាក់សាំងកូវីដ-១៩ ទៅប្រទេសថៃបានលុះត្រាតែមានការអនុញ្ញាត ពីរដ្ឋាភិបាលថៃ ទើបកម្ពុជាបញ្ជូនវ៉ាក់សាំងទៅបាន ព្រោះកម្ពុជា ត្រូវអនុវត្តន៍តាមច្បាប់របស់ថៃ។
សម្ដេចតេជោបានលើកឡើងថា ពិតណាស់ប្រជាជនថៃចាក់វ៉ាក់សាំងបានយ៉ាងច្រើន ក៏ប៉ុន្ដែសម្រាប់កម្ពុជា មានប្រជាពលរដ្ឋជាង១៦លាននាក់ ហើយក្នុងចំណោមជាង១៦លាននាក់ គឺមានប្រជាជនខ្មែរ ធ្វើការនៅប្រទេសក្រៅ និងមានអ្នកចាក់វ៉ាក់សាំងរួចរាល់មួយចំនួន ផងដែរ។ ជាមួយគ្នានោះដែរ សម្តេចតេជោបានគូសបញ្ជាក់ថា “យើងមិនដែលបានភ្លេចពលរដ្ឋរបស់យើង ដែលធ្វើការនៅក្រៅប្រទេសនោះទេ ជាពិសេសនៅក្នុងព្រះរាជាណាចក្រថៃ ប៉ុន្តែ បាន ឬមិនបានយ៉ាងណានោះក៏សូមឱ្យបងប្អូនជាពលករនៅក្នុងប្រទេសថៃមានការ យោគយល់ ព្រោះ បើនៅក្នុងទឹកដីរបស់យើងអ្នកស្ម័គ្រចិត្តចាក់ គឺត្រូវបានចាក់ជូន”៕ ប្រភព៖ ក្រសួងព័ត៌មាន