រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងការសាទរ និងមោទនភាពជាក្រៃលែង ក្រោយពីមានវត្តមានសិស្សានុសិស្ស និងកូនចៅតូចៗបានចូរៀវិញដោយភ្ជាប់មកជាមួយប័ណ្ណចាក់វ៉ាក់សាំងកូវីដ១៩។
តាមរយៈការបង្ហោះសារនៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដោយភ្ជាប់ជាមួយនូវកុមារាតូចមួយ ដែលបានចូលរៀន ដោយមានពាក់ជាប់នូវកាតចាក់វ៉ាក់សាំងនៅនឹងក សម្តេចតេជោបានលើកឡើងថា «ទោះជារូបភាពមួយសន្លឹកនេះខ្ញុំមិនដឹងថា នៅទីណា?និងចៅតូចនេះឈ្មោះអី អាយុប៉ុន្មាន? តែខ្ញុំពិតជាមានមោទនភាពចំពោះ ចៅៗដែលចង់រៀនសូត្រ។ ប័ណ្ណចាក់វ៉ាក់សាំងពាក់នៅកបង្ហាញថាខ្ញុំ បានចាក់វ៉ាក់សាំងរួចហើយនិងចូលរៀន ដោយគ្មានការភ័យខ្លាចជាមួយនិងការពាក់ម៉ាស់បានត្រឹមត្រូវ។ ទោះចៅមិនមានស្បែកជើងពាក់តែតាជឿ ថាចៅច្បាស់ជាលាងដៃនិងរក្សាអនាម័យ បានល្អ។ សូមជូនពរចៅៗប្រកបដោយសេចក្តីសុខ សេចក្តីចំរើននិងរៀនសូត្របានល្អ។»
គួរម្លឹកផងដែរថា នៅថ្ងៃចន្ទ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមិញនេះ សាលារៀនគ្រប់កម្រិតទាំងអស់ ទាំងសាលារដ្ឋ និងឯកជនទូទាំងប្រទេស បានចាប់ផ្តើមបើកដំណើរការសិក្សាក្នុងថ្នាក់រៀនឡើងវិញ។
បើយោងតាមឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា ការសម្រេចពង្រីកវិសាលភាពបើកដំណើរការបង្រៀន និងរៀនតាមបណ្ដុំ (ក្នុងថ្នាក់) សម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅគ្រប់កម្រិត គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជន និងគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ ធ្វើឡើងយោងលើលទ្ធផល អាចទទួលយកបាន នៃការបើកដំណើរការសាលារៀនសាកល្បងកន្លងមក។
ឯកឧត្តមបន្តថា បើទោះបីជាមានការអនុញ្ញាតឱ្យបើកដំណើរការ ការបង្រៀន និងរៀនក្នុងថ្នាក់ឡើងវិញក្តី ប៉ុន្តែវិធានសុខភាពត្រូវបានប្រកាន់ភ្ជាប់ និងអនុវត្តន៍ឱ្យម៉ឺងម៉ាត់ នៅតាមសាលារៀនទាំងអស់។ ការរៀន និងបង្រៀនត្រូវបន្តអនុវត្តន៍តាមបែបចម្រុះ គឺរៀនក្នុងថ្នាក់ផង រៀនតាមអនឡាញផង អមដោយសន្លឹកកិច្ចការជំនួយ ដោយកំណត់សិស្សពី ១៥ ទៅ ២០នាក់ ក្នុងមួយថ្នាក់ និងរៀនឆ្លាស់វេនគ្នា។
ជាមួយគ្នានេះ ដោយសារតែការបើកដំណើរការសាលារៀនឡើងវិញ ធ្វើឱ្យចរាចរណ៍មមា ញឹកខ្លាំង ។ អ្នកនាំពាក្យក្រសួងអប់រំ បានអំពាវនាវដល់មាតាបិតាសិស្សានុសិស្ស បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍ គោរពនូវវិធានសុខាភិបាល និងអនុវត្តន៍វិធានការ ៣ការពារ និង ៣កុំ ឱ្យបានខ្ជាប់ខ្ជួន៕