ឯកឧត្តម ឃួង ស្រេង ហាមមិនឱ្យបើកខារ៉ាអូខេ និងក្លឹបកម្សាន្ត ឡើយ
ព័ត៌មានជាតិ
606

រាជធានីភ្នំពេញ ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១--

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុត ដោយជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត ជុំវិញវិធានការនៃការហាមមិនឱ្យបើកអាជីវកម្ម ខារ៉ាអូខេ និងក្លឹបកម្សាន្តនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ បើទោះបីអាហារដ្ឋាន ប៊ៀហ្គាឌិន ត្រូវបានបើកឱ្យដំណើរការជាប្រក្រតីឡើងវិញក៏ដោយ។

ការដាក់នូវបទបញ្ជាបែបនេះបានធ្វើឡើង នៅក្នុងកិច្ចប្រជុំស្ដីពី ការជំរុញការងារចាក់វ៉ាក់ សាំងបង្ការជំងឺកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីផ្ដល់ជូន បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ដែលត្រូវការវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ តាមរយៈការបញ្ជូនរូបភាពនិងសំឡេង (Video Conference ) នារសៀលថ្ងៃ១២រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី០២ ខែវិច្ឆិកាឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីអាជ្ញាធរខណ្ឌទាំង១៤ និង មន្ទីរពាក់ព័ន្ធមួយចំនួនទៀត។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានបើកប្រទេសឱ្យដំណើរការឡើងវិញលើគ្រប់វិស័យហើយ ប៉ុន្តែចំពោះក្លឹបកម្សាន្ត និងខារ៉ាអូខេ គឺមិនអនុញ្ញាតឱ្យបើកដំណើរការនោះទេ ពោលគឺឱ្យបើកដំណើរការតែភោជនីយដ្ឋាន និងបៀរហ្គាឌិន ប៉ុណ្ណោះ។ ដូច្នេះអាជ្ញាធរខណ្ឌទាំង១៤ និងកងកម្លាំងពាក់ព័ន្ធ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតចំពោះការលួចបើកក្លឹបកម្សាន្ត និងខារ៉ាអូខេ ដោយសារទីតាំងពីរនេះ មានហានិភ័យខ្ពស់បំផុតនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

ពាក់ព័ន្ធទៅនឹងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ឯកឧត្តម ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា ទោះបីជាប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ទទួលបាននូវការចាក់វ៉ាក់សាំងបានច្រើនលើសផែនការយ៉ាងណាក្តី ក៏នៅមានបងប្អូនប្រជាពលរដ្ឋមួយចំនួនមិនទាន់ទទួលបានការចាក់វ៉ាក់សាំងផងដែរ ហើយអ្នកមិនទាន់ទទួលបានការចាក់វ៉ាក់សាំងនេះភាគច្រើន គឺជាប្រជាពលរដ្ឋដែលមានអាយុច្រើន ចាស់ជរា និងស្ត្រីពរពោះ ឆ្លងទន្លេជាដើម។

ឯកឧត្តម ឃួង ស្រេង បានជំរុញឱ្យអាជ្ញាធរខណ្ឌ ពិសេសមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ត្រូវរៀបចំ អនុវត្តការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនេះឱ្យបានល្អ ខណៈដែលពួកគាត់ទៅទទួលការចាក់វ៉ាក់សាំង ។

ឯកឧត្តម ឃួង ស្រេង បានបន្ថែមទៀតថា ប្រមុខរាជរដ្ឋាភិបាល បានសម្តែងនូវការកោត សរសើរ និងអរគុណយ៉ាងខ្លាំងចំពោះអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ កងទ័ពអាវស លោកគ្រូពេទ្យ អ្នកគ្រូពេទ្យទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្ត ដើម្បីចូលរួមទប់ស្កាត់ការរីក រាលដាលជំងឺកូវីដ-១៩នារយៈពេលកន្លងមកនេះ ។ ដូច្នេះអាជ្ញាធរ កម្លាំងពាក់ព័ន្ធទាំងអស់ ត្រូវបន្តអនុវត្តកិច្ចការងារនេះឱ្យកាន់តែល្អប្រសើរថែមទៀត ដោយសារថា យើងជិតទទួលបានជោគជ័យទាំងស្រុងហើយ ជុំវិញការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩នេះ។

ជាមួយនឹងការដាក់ឱ្យដំណើរការប្រទេសឡើងវិញនេះ ឯកឧត្តម អភិបាលរាជធានីភ្នំពេញ ក៏បានជំរុញឱ្យអាជ្ញាធរខណ្ឌ កងកម្លាំងពាក់ព័ន្ធទាំងអស់ ត្រូវរៀបចំសណ្ដាប់ធ្នាប់ឱ្យបានល្អប្រសើរផងដែរ ។ ពិសេសការរៀបចំចិញ្ចើមផ្លូវ ការគ្រប់គ្រងការទុកដាក់សំរាមឱ្យបានល្អ ព្រោះការបើកឱ្យដំណើរការប្រទេសឡើងវិញ វានឹងធ្វើឱ្យចរាចរណ៍កកស្ទះដូចធម្មតាឡើងវិញ ដែលនេះជាបញ្ហាប្រឈមដែលយើងត្រូវដោះស្រាយឱ្យបានល្អប្រសើរ៕


Telegram