ពលរដ្ឋទៅចុះឈ្មោះថ្មីជាង២៦ម៉ឺននាក់ ខណៈក្នុងផែនការគ្រោងជាង១លាន ៦៣ម៉ឺននាក់
ព័ត៌មានជាតិ
96

រាជធានីភ្នំពេញ ៖ រយៈពេល២៣ថ្ងៃ នៃការពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ គឺមានប្រជាពលរដ្ឋខ្មែរសរុប ២៦២.៥៨៥នាក់ហើយ ដែល បានទៅចុះឈ្មោះបោះឆ្នោតថ្មីនៅតាមការិយាល័យក្នុងឃុំ-សង្កាត់ទាំង១.៣៩២នៅទូទាំងប្រទេស ខណៈក្នុងផែនការគ្រោងឱ្យបានជាង១លាន ៦៣ម៉ឺននាក់ បន្ថែមលើបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០២០ ដែល មានជាង៨លាន៨៣ម៉ឺននាក់។ នេះបើតាមរបាយការណ៍ បណ្ដោះអាសន្នរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប គិតត្រឹមថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១។ ថ្លែងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីលទ្ធផលបណ្ដោះអាសន្ន នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ នៅថ្ងៃទី៥ ខែវិច្ឆិកានេះ ឯកឧត្តម ឌុច សុន សមាជិក គ.ជ.ប បានឱ្យដឹងថា ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១នេះ មាន បញ្ហាប្រឈមដូចជានៅឃុំសង្កាត់មួយចំនួនទទួលរងនូវជំនន់ទឹកភ្លៀង និងភូមិមួយចំនួនធំមាន ភ្លៀងធ្លាក់ខ្លាំង។ ចំណែកឯទីជនបទខ្លះទៀតផ្លូវរអិល ទឹកលិចផ្លូវ ដែលជាហេតុនាំឱ្យប្រជាពលរដ្ឋមានការលំបាកក្នុងការធ្វើដំណើរមកពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ខណៈខេត្តខ្លះទៀតនៅតាមព្រំដែនកម្ពុជា-ថៃ ស្ថានការណ៍ជំងឺកូវីដ-១៩ មានសភាពធ្ងន់ធ្ងរ ហើយប្រជាពលរដ្ឋខ្លះ ត្រូវសម្រាកព្យាបាលជំងឺកូវីដ-១៩ និងខ្លះទៀតជាប់ចត្តាឡីស័ក គួបផ្សំនឹងម៉ាស៊ីន កុំព្យូទ័រ សម្ភារៈ បរិក្ខារអេឡិចត្រូនិក និងឧបករណ៍បច្ចេកទេសមួយចំន្ទនមានសភាពចាស់ និងតំបន់មួយចំនួនពុំមានសេវាអ៊ិនធើណិតប្រើប្រាស់គ្រប់គ្រាន់ដែលបង្កលក្ខណៈងាយស្រួលដល់ក្រុមការងារចុះឈ្មោះបោះឆ្នោត។ លទ្ធផលបណ្ដោះអាសន្ន នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ បានបង្ហាញថា ចាប់ពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៤ ខែវិច្ឆិកា មាន ប្រជាពលរដ្ឋបានទៅកែតម្រូវទិន្នន័យមានចំនួន៩១.៨៩៣នាក់, អ្នកបានផ្ទេរទីលំនៅចូលក្នុងឃុំសង្កាត់ថ្មីសរុប៧៨.១៥៩នាក់ និងអ្នកគ្រោងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតសរុប១២៩.១៩៨នាក់។ គ.ជ.ប បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរឱ្យប្រញាប់រួសរាន់ទៅពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយ ដើម្បីស្នើសុំកែតម្រូវទិន្នន័យ ប្រសិនបើមានកំហុសឆ្គង។ ចំណែកប្រជាពលរដ្ឋដែលទើបគ្រប់អាយុ១៨ឆ្នាំ ឬប្រជាពលរដ្ឋដែលបានផ្លាស់ប្ដូរលំនៅឋាន ឬទីសំណាក់ ឬដែលមិនធ្លាប់ចុះឈ្មោះបោះឆ្នោតពីមុនមក រួសរាន់ទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ខណៈការពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកានេះហើយ។ យោងតាមស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មានឆ្នាំ២០២១នេះ គ.ជ.ប មានផែនការចុះឈ្មោះអ្នកបោះឆ្នោតថ្មីចំនួនជាង១លាន៦៣ម៉ឺននាក់ និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតចំនួនជាង៨ម៉ឺន៣ពាន់នាក់បន្ថែមទៀត ដើម្បីបម្រើឱ្យការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខណៈគិតត្រឹមឆ្នាំ២០២០ មានពលរដ្ឋខ្មែរជាង៨លាន៨៣ម៉ឺន៕ប្រភពក្រសួងព័ត៍មាន


Telegram