ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃអង្គារ ៥កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំពិធីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ (០៩ វិច្ឆិកា ១៩៥៣ -០៩ វិច្ឆិកា ២០២១) ក្រោមអធិបតីភាព ឯកឧត្តម សូ ជុងហួរ ប្រធានស្តីទីក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្ត្រីរាជការ ឧត្តមសេនីយ៍ ឧត្តមនាវី នាយនគរបាលជាតិ និងនាយទាហាន នៃកងយោធពលខេមរភូមិន្ទ។
ការប្រារព្ធពិធីខួបអនុស្សាវរីយ៍លើកទី៦៨ គឺជាការរំឭកនឹកដល់គុណូបការដ៏ធំធេងរបស់យុទ្ធជន យុទ្ធនារី និងវីរជនស្នេហាជាតិ ដែលបានរួមគ្នាជាមហាកម្លាំងសាមគ្គីជាតិដ៏ធំធេងនៅក្រោមព្រះរាជបូជនីយកិច្ចដឹកនាំទាមទារឯករាជ្យជាតិដ៏ឧត្តុងឧត្តម នៃព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះអង្គបានលះបង់ព្រះកាយពល ដោយមិនខ្លាចនឿយហត់ ដើម្បីទាមទារនូវឯករាជ្យពីអាណានិគមនិយមបារាំងបានពេញបរិបូរណ៍ ជូនជាតិមាតុភូមិ ជាទីស្នេហានៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។ ហើយថ្ងៃនេះក៏ជាថ្ងៃកំណើតនៃកងយុទ្ធពលខេមរភូមិន្ទ គម្រប់ខួប ៦៨ឆ្នាំផងដែរ។ យើងខ្ញុំទាំងអស់គ្នាជាកូនចៅ ចៅទួតនៅចងចាំជានិច្ចមិនអាចបំភ្លេចបាននូវមហាព្រះគុណដ៏ធំធេង នៃព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ។ ខួបអនុស្សាវរីយ៍ នៃទិវាដ៏មានតម្លៃជាប្រវត្តិសាស្ត្រនាឆ្នាំនេះ ទោះបីមិនបានប្រព្រឹត្តទៅដោយទូលំទូលាយ ព្រោះត្រូវអនុវត្តនូវវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ក្តី ប៉ុន្តែក៏បានបង្ហាញឱ្យឃើញការសប្បាយរីករាយស្និទ្ធស្នាលក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍដែលជាមនុញ្ញផលដ៏ត្រចេះត្រចង់ នៃការដឹកនាំសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
សូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបថា ពិធីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ប្រារព្ធធ្វើឡើងនៅបរិវេណខាងមុខអាគារសាលាខេត្តព្រះសីហនុ ស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដូច្នេះសូមស្វាគមន៍បងប្អូនប្រជាពលរដ្ឋដែលមានបំណងអញ្ជើញ មកដុតធូប និងដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ៕