រាជធានីភ្នំពេញ៖ លោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣០ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១១ខែវិច្ឆិកានេះ បានសម្ដែងនូវការកោតសរសើរ ចំពោះអាជ្ញាធររាជធានីភ្នំពេញ កងកម្លាំងប្រដាប់អាវុធនិងអាជ្ញាធរ ខណ្ឌ សង្កាត់ទាំងអស់ ដែលបានពុះពារជំនះរាល់ការលំបាក ទាំងការទប់ស្កាត់បទល្មើសផ្សេងៗ ការរៀបចំសណ្ដាប់ធ្នាប់សាធារណៈពិសេសលើការទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ ដែលបានឈានទៅដល់ការចូលរួមបើកប្រទេសឱ្យដំណើរការជាប្រក្រតីឡើងវិញនាពេលបច្ចុប្បន្ននេះ។
ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣០ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១១ខែវិច្ឆិកានេះដែរ ក្រៅពីការកោតសរសើរចំពោះអាជ្ញាធររាជធានីភ្នំពេញ ជុំវិញបញ្ហាទាំងប៉ុន្មានខាងលើនេះហើយ លោកម៉ប់ សារិន ក៏កោតសរសើរចំពោះអាជ្ញាធររាជធានីភ្នំពេញផងដែរ លើការងារពន្ធដា ដោយអាជ្ញាធររាជធានីភ្នំពេញបានប្រមូលចំណូលពន្ធ១០ខែកន្លងមកបានលើសផែនការនឹងសូមលើកទឹកចិត្ត បន្តបង្កើនការប្រមូលពន្ធចំណូលពីរខែចុងឆ្នាំនេះឲ្យអស់លទ្ធភាពថែមទៀត ព្រោះនេះគឺជាចំណូលដ៏ធំរបស់រដ្ឋបាលរាជធានីភ្នំពេញ។ បន្ថែមពីលើនេះទៀត ប្រធានក្រុមប្រឹក្សារាជធានីរូបនេះ ក៏បានថ្លែងនូវការកោតសរសើរផងដែរ ចំពោះអាជ្ញាធរក៏ដូចជាកងកម្លាំងប្រដាប់អាវុធ ដែលបានបង្ក្រាបបទល្មើសផ្សេងៗ បានយ៉ាងល្អប្រសើរពិសេសគឺការយកចិត្តទុកដាក់បង្ក្រាបក្មេងទំនើងបាន ៤៧ករណី ឃាត់ខ្លួនជនពាក់ព័ន្ធបាន៦០នាក់។ ក្រៅពីនេះទៀតការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការជួសជុលផ្លូវ លប់សំបុកមាន់បានច្រើនកន្លែង ច្រើនផ្លូវ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍និងគ្រោះថ្នាក់ចរាចរណ៍ ។
លោកម៉ប់ សារិន ក៏បានសម្តែងការកោតសរសើរផងដែរ ចំពោះសកម្មភាពការងាររបស់រដ្ឋបាលរាជធានីភ្នំពេញលើការស្ដាអណ្ដូងលូ ការកាយសំរាម បើកផ្លូវទឹកអោយហូរដល់ស្ថានីយ បានទាន់ពេលវេលា ធ្វើឲ្យការជន់លិច មានរយៈពេលខ្លី ។បន្ថែមលើនេះទៀតផងដែរ ការគ្រប់គ្រង ការងារបរិស្ថាន អនាម័យនិងការគ្រប់គ្រងសំណង់សំណង់រឹងរដ្ឋបាលរាជធានីភ្នំពេញក៏បានអនុវត្តបានយ៉ាងល្អប្រសើរផងដែរ។
ក្នុងឱកាសនោះលោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានលើកឡើងថា សម្រាប់រាជធានីភ្នំពេញពាក់ព័ន្ធនឹងបញ្ហាសំរាម តែងតែមានប្រឈម។ប៉ុន្តែទោះបីជាយ៉ាងណាក្តី អាជ្ញាធររាជធានីភ្នំពេញនៅតែបន្តការគ្រប់គ្រងទុកដាក់សំរាមនេះបានល្អប្រសើរ ពិសេសនៅក្នុងដំណាក់កាលចុងក្រោយនេះ ពោលគឺ ក្រោយពីបើកអោយមានការប្រកួតប្រជែង
ការប្រមូលសំរាមពីក្រុមហ៊ុនចំនួន៣នោះ ឃើញថាសំរាមនៅរាជធានីភ្នំពេញ មានលក្ខណៈល្អប្រសើរជាងមុន ។ ទោះជាយ៉ាងណាក្តី អាជ្ញាធររាជធានីភ្នំពេញ នៅតែបន្តធ្វើយ៉ាងណា អោយបញ្ហាសំរាមនេះ មានភាពល្អប្រសើរជាងមុន ពិសេសធ្វើយ៉ាងណាអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមលើការ
ទុកដាក់សម្រាប់នេះឲ្យបានល្អប្រសើរ។
លោកឃួង ស្រេងបន្តទៀតថា គ្រប់កិច្ចការងារទាំងអស់ បើមិនមានការចូលរួមពីប្រជាពលរដ្ឋទេ គឺមិនអាចទទួលបានជោគជ័យឡើយ។ ដូច្នេះហើយទើប រដ្ឋបាលរាជធានីភ្នំពេញតែងធ្វើការផ្សព្វផ្សាយ ណែនាំដល់បងប្អូនប្រជាពលរដ្ឋធ្វើយ៉ាងណាអោយប្រជាពលរដ្ឋបានចូលរួមជាមួយអាជ្ញាធររាជធានីភ្នំពេញយើង។
ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការបង្ក្រាបបទល្មើសគ្រប់ប្រភេទអាជ្ញាធររាជធានីភ្នំពេញនឹងបន្តការខិតខំប្រឹងប្រែងបន្តទៀត ដើម្បីបង្កភាពកក់ក្តៅជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ។
គួរបញ្ជាក់ថា លោកម៉ប់ សារិន ត្រូវបានប្រកាសឲ្យចូលកាន់តំណែងជាប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញជាថ្មីម្ដងទៀត នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣០ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១១ខែវិច្ឆិកានេះ ជាមួយសមាជិក សមាជិការក្រុមប្រឹក្សាចំនួន២៦រូបទៀត៕