ឯកឧត្តម ខៀវ កាញារីទ្ធ៖ បើគ្មានសារព័ត៌មានមួយសេរី ឯករាជ្យ គឺមិនអាចមានសង្គមប្រជាធិបតេយ្យបានទេ
ព័ត៌មានជាតិ
383

ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកឡើងថា នៅក្នុងសង្គមប្រជាធិបតេយ្យ សារព័ត៌មានដើរតួនាទីសំខាន់ណាស់ បើគ្មានសារព័ត៌មានមួយសេរី ឯករាជ្យ គឺមិនអាចមានសង្គមប្រជាធិបតេយ្យបានទេ។ ការលើកឡើងរបស់ឯកឧត្ដមរដ្ឋមន្រ្ដីនេះ ក្នុងឱកាសអញ្ជើញចូលរួមបើកសិក្ខាសាលាស្ដីពី "ការអនុវត្តវិជ្ជាជីវៈ និងសេរីភាពសារព័ត៌មានក្នុងក្របខ័ណ្ឌច្បាប់នៃព្រះរាជាណាចក្រកម្ពុជា" នាព្រឹកថ្ងៃអង្គារ ១២កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ។

ឯកឧត្តម ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា សិទ្ធិសារព័ត៌មានត្រូវបានប្រគល់ជូនប្រជាជនកម្ពុជាគ្រប់រូប ព្រោះនាពេលកន្លងមក មានការច្រឡំថា ច្បាប់ស្តីពីរបបសារព័ត៌មានគឺជាច្បាប់សម្រាប់អ្នកកាសែត ប៉ុន្តែមិនមែននោះទេ ច្បាប់នោះគឺសម្រាប់គ្រប់គ្នា។ ឯកឧត្ដមបានគូសបញ្ជាក់ថា អ្នកណាក៏អាចធ្វើកាសែតបានដែរ ព្រោះវិជ្ជាជីវៈសារព័ត៌មានគឺជាវិជ្ជាជីវ:សេរី ឥតកំណត់លក្ខខណ្ឌ សញ្ញាបត្រឡើយ ប៉ុន្តែត្រូវតែមានក្រឹត្យក្រមដែលត្រូវអនុវត្តន៍។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តីបានចាត់ទុកសិក្ខាសាលានាថ្ងៃនេះជាថ្ងៃប្រវត្តិសាស្ត្រដែលអ្នកកាសែត អាជ្ញាធរ និងក្រសួងយុត្តិធម៌ ឈ្វេងយល់ពីគ្នា និងដឹងអំពីផ្លូវដែលត្រូវដើរ។ ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងអំពីការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន ក្នុងការធានាឱ្យសារព័ត៌មានកម្ពុជាមានសេរីភាព មានវិជ្ជាជីវៈ និងបម្រើការងារ ឱ្យសង្គមពិតប្រាកដ។

សូមជម្រាបជូនថា សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដោយក្រសួងព័ត៌មាន ក្នុងគោលបំណងឱ្យសិក្ខាកាមទាំងអស់យល់ដឹងកាន់តែច្បាស់ថា អ្វីទៅជាការអនុវត្តវិជ្ជាជីវៈសារព័ត៌មានពិតប្រាកដ និងចង់បង្ហាញបញ្ជាក់អំពីកម្រិតសេរីភាពសារព័ត៌មានដែលពាក់ព័ន្ធជាមួយក្របខ័ណ្ឌច្បាប់នៅព្រះរាជាណាចក្រកម្ពុជា។ លើសពីនេះទៀត សិក្ខាសាលានេះមានលក្ខណៈប្រវត្តិសាស្រ្តមួយដែលមានការពន្យល់ច្បាស់លាស់អំពីរបៀបរបបធ្វើការ និងការអនុវត្តវិជ្ជាជីវ:សារព័ត៌មានដែលត្រឹមត្រូវ មានក្រមសីលធម៌ខ្ពស់ ដែលស្របតាមច្បាប់ពាក់ព័ន្ធនៃព្រះរាជាណាចក្រកម្ពុជា៕ ប្រភព ​៖ ក្រសួងព័ត៌មាន 


Telegram