រដ្ឋមន្រ្តីព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ បានបញ្ជាក់នឹងសំណួរថា ហេតុអ្វីបានជាគេនិយាយរាប់ឆ្នាំពីរឿងការពារសុវត្ថិភាពអ្នកកាសែត តែស្ថានភាពអ្នកកាសែតមិនបានប្រសើរ ? នោះដោយសារតែ៨០% នៃអ្នកនិយាយពីរឿងការពារអ្នកកាសែត សុទ្ធតែជាអ្នកមិនដែលធ្វើកាសែត ដែលបណ្តាលអោយកើតមានស្ថានភាព «ត្រីមួយត្រក ស្អុយមួយស្អុយទាំងអស់» ។
តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នាថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តម ខៀវ កាញារីទ្ធ បានសរសេរខ្លឹមសារយ៉ាងដូច្នេះថា «និយាយមួយបន្តពីសិក្ខាសាលានាថ្ងៃទី ១៦ វិច្ឆិកា ២០២១ នៅសណ្ឋាគារ សុខា ជ្រោយចង្វា ។ ខ្ញុំបាននិយាយហើយថា ហេតុអីបានជាគេនិយាយរាប់ឆ្នាំពីរឿងការពារសុវត្ថិភាពអ្នកកាសែត តែស្ថានភាពអ្នកកាសែតមិនបានប្រសើរ ? នោះគឺ ៨០% នៃអ្នកនិយាយពីរឿងការពារអ្នកកាសែត សុទ្ធតែជាអ្នកមិនដែលធ្វើកាសែត ហេតុនេះគាត់ប្រើរូបមន្ត«រាប់ក្បាលគិតលុយ» ដោយបញ្ចូលទាំងអ្នកកាសែតមានវិជ្ជាជីវៈ និង អ្នកបន្លំប្រើរូបភាពអ្នកកាសែតដើម្បីផលប្រយោជន៍ផ្សេង ដែលបណ្តាលអោយកើតមានស្ថានភាព «ត្រីមួយត្រក ស្អុយមួយស្អុយទាំងអស់» ។
រដ្ឋមន្រ្តីព័ត៌មាន បានបន្ថែមថា «នៅវិជ្ជាជីវៈផ្សេងៗពេលមានកំហុសគេតែងមានវិន័យ លើកលែងតែនៅក្នុងវិស័យសារព័ត៌មាន គេមិនដែលឃើញមានការដាក់វិន័យណាមួយទៅលើអ្នកកាសែតដែលប្រព្រឹត្តខុសពីវិជ្ជាជីវៈរបស់ខ្លួន ក្នុងពេលដែលប្រទេសកម្ពុជាយើងមានសមាគមអ្នកកាសែតដល់ទៅជាង ៥០ ទៅហើយ ! នេះជាគំនិតត្រួសៗគ្រាន់ពិចារណាទាំងអស់គ្នា ដើម្បីស្ថានភាពសង្គម ( Social Status ) របស់អ្នកកាសែតពិតប្រាកដត្រូវបានការទទួលស្គាល់ និង គោរព »៕ ប្រភព៖ ក្រសួងព័ត៌មាន