សម្ដេចតេជោ ហ៊ុន សែន ថ្លែងដោយមោទនភាពថា ការបើកប្រទេសលើកនេះ គឺមិនថយក្រោយនោះទេ
ព័ត៌មានជាតិ
337

ខេត្តកំពង់ចាម៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាន៍ ដោយមានជំនឿទុកចិត្តថា ចំពោះការបើកប្រទេសលើកនេះ គឺមិនថយក្រោយ នោះទេ ព្រោះសម្តេច ជឿជាក់លើចំនួនប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំង ក្នុងខណៈការចាក់វ៉ាក់សាំងជូនពលរដ្ឋនៅទូទាំងប្រទេសបានជាង ១៤លាននាក់ហើយ ក្នុងចំណោមប្រជាជនជាង ១៦លាននាក់នោះ។ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ជាមួយឯកឧត្ដម Wang Wentian ឯកអគ្គរដ្ឋទូចិនប្រចាំនៅកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ឬហៅថា«ស្ពានភ្ជាប់និស្ស័យ» និងបើកការដ្ឋានគម្រោងសាងសង់ផ្លូវលេខ៧១C ក្រោមហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកាឆ្នាំ២០២១ សម្ដេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា បន្ទាប់ពីស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ រួមជាមួយនឹងផ្លូវជាតិ៧១C ដែលនឹងត្រូវសាងសង់រួចក្នុងពេលខាងមុខ ស្ពាននិងផ្លូវនេះ ត្រូវបានរំពឹងថានឹងជួយលើកកម្ពស់ប្រសិទ្ធភាពនៃការនាំចេញ ផលិតផលកសិកម្ម កសិឧស្សាហកម្ម ព្រមទាំងអាចជួយទាក់ទាញទេសចរណ៍ និងវិនិយោគិនបន្ថែមទៀតមកកាន់តំបន់នេះ សំដៅធ្វើឱ្យប្រសើរឡើងជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ។

សម្ដេចតេជោថ្លែងបន្តថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន និងគម្រោងដទៃទៀតនៅកម្ពុជា កើតឡើងដោយមានការជ្រោមជ្រែងពីរដ្ឋាភិបាលនិងប្រជាជនចិន ដើម្បីសម្រួលនិងជួយដោះស្រាយទុក្ខលំបាករបស់ប្រជាជនកម្ពុជា សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចគ្រួសារ និងសុខមាលភាពប្រជាពលរដ្ឋ។

ក្នុងនាមប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោបានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប ដែលតែងតែបានជួយដល់កម្ពុជានៅគ្រប់កាលៈទេសៈ និងតាមគម្រោងជាទិភាពរបស់កម្ពុជាដែលចង់បាន ដោយគ្មានលក្ខខណ្ឌ។

ឯកឧត្ដម Wang Wentian ឯកអគ្គរដ្ឋទូចិនប្រចាំនៅកម្ពុជាបានថ្លែងថា តំណាងឱ្យភាគីចិនចូលរួមអបអរសាទរយ៉ាងកក់ក្តៅជូនចំពោះការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពានមិត្តភាពកម្ពុជា-ចិន និងការចាប់ផ្តើមគម្រោងការដ្ឋានសាងសង់ផ្លូវជាតិលេខ៧១C។ ឯកឧត្ដមបន្តថា ចិនតែងមានសុភាសិតមួយពោលថា «ចង់ឆ្លងទន្លេត្រូវសង់ស្ពានជាមុន»។ប្រទេសកម្ពុជាសម្បូរធនធានទឹក ទន្លេតូចធំខ្វាត់ខ្វែងជាបណ្ដាញ ហើយស្ពានមានតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនៅក្នុងប្រទេស។

ដូចនេះ ក្នុងនាមជាមិត្តពិតប្រាកដរបស់កម្ពុជា ភាគីចិនបានផ្តល់ជំនួយសាងសង់ស្ពានជាបន្តបន្ទាប់ជូនកម្ពុជាចាប់តាំងពីឆ្នាំ២០០៧ រហូតមកដល់បច្ចុប្បន្ននេះមានស្ពាន ឆ្លងកាត់ទន្លេចំនួនសរុប៨។ ស្ពាននីមួយៗមិនត្រឹមតែតភ្ជាប់បណ្ដាទីកន្លែងក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ថែមទាំងផ្សារភ្ជាប់បេះដូងនៃប្រជាជនទាំងពីរយ៉ាងស្អិតរមួត វាបានក្លាយជាស្ពានចំណងមិត្តភាកម្ពុជានិងចិនយ៉ាងពិតប្រាកដ។ ឯកឧត្ដមឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា ការសម្ពោធជាផ្លូវការនៃស្ពានស្ទឹងត្រង់-ក្រូចឆ្មារ និងគម្រោងសាងសង់ផ្លូវជាតិលេខ៧១C នឹងតភ្ជាប់បណ្ដាញផ្លូវដែលមានស្រាប់ នៅតំបន់សងខាងនៃទន្លេមេគង្គ ជួយពង្រឹងសមត្ថភាពចរាចរណ៍ដឹកជញ្ជូននៅប្រទេសកម្ពុជា ពង្រឹងការប្រាស្រ័យទាក់ទងរវាងខេត្តត្បូងឃ្មុំ និងតំបន់កណ្ដាលនៃប្រទេសកម្ពុជា ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញអភិវឌ្ឍន៍វិស័យទេសចរណ៍។ ធនធានព្រៃឈើ និងកសិកម្មដ៏សម្បូរបែបដែលមាននៅក្នុងតំបន់នៃគម្រោង នឹងទទួលបានការអភិវឌ្ឍកាន់តែល្អប្រសើរឡើង។ ទាំងនេះមិនត្រឹមតែជាសមិទ្ធផលផ្លែផ្កាសំខាន់ៗ នៃកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិន និងកម្ពុជាប៉ុណ្ណោះទេ តែក៏ជាការគាំទ្រវិធានការជាក់លាក់ជំរុញលើកកម្ពស់ស្ដារសេដ្ឋកិច្ចតាម«គន្លងថ្មី»ដែលលើកឡើងដោយសម្ដេចតេជោកាលពីថ្មីៗនេះ ហើយក៏ជាការបង្ហាញយ៉ាងជាក់ស្តែងមួយទៀតស្តីអំពីការកសាងសហគមន៍វាសនារួម រវាងចិន-កម្ពុជា។ គួរបញ្ជាក់ដែរថា បើតាម ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តីរដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ចាប់ផ្តើមនៅត្រង់គីឡូម៉ែត្រលេខ៥៨+២០០ ត្រើយខាងលិច ស្ថិតលើផ្លូវខេត្តលេខ២៧១៤ នៅចំណុចភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ភ្ជាប់ទៅត្រើយខាងកើតទន្លេមេគង្គ នៅចំណុចភូមិក្តុលកណ្តាល ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ តួស្ពានសុទ្ធសាធមានប្រវែង ១ ១៣១ ម៉ែត្រ ទទឹង ១៣,៥ម៉ែត្រ ក្រាលបេតុងកៅស៊ូកម្រាស់ ៥សង់ទីម៉ែត្រ មានផ្លូវរថយន្តចំនួន ២គន្លង ផ្លូវម៉ូតូចំនួន ២គន្លង ផ្លូវថ្មើរជើងចំនួន ២គន្លង សម្រាប់ទៅមក។ ផ្លូវមេសងខាងស្ពាន តភ្ជាប់ទៅផ្លូវជាតិលេខ៧១C មានប្រវែង ៨ ៣២៣ ម៉ែត្រ។ សរុបរួមទាំងស្ពាន និងផ្លូវតភ្ជាប់មានប្រវែងសរុប ៩ ៤៥៤ ម៉ែត្រ បានបើកការដ្ឋានកាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដោយត្រូវប្រើប្រាស់រយៈពេលសាងសង់ចំនួន៤២ខែ សាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ (SCG) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ចំណាយថវិកាអស់ ៥៦,៩៩៨ លានដុល្លារអាម៉េរិក។

 ឯកឧត្ដមបន្តថា ចំពោះគម្រោងសាងសង់ផ្លូវជាតិលេខ៧១C មានប្រវែងសរុប ១១៤,៦២ គីឡូម៉ែត្រ ចាប់ផ្តើម ពីគីឡូម៉ែត្រលេខ១៥៤+៧០០ ផ្លូវជាតិលេខ៧ ស្ថិតក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងបញ្ចប់នៅគីឡូម៉ែត្រលេខ៣០ +៤០០ ផ្លូវជាតិលេខ៧១ ស្ថិតក្នុងឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។ គម្រោងសាងសង់នេះ រួមមាន ផ្លូវមេ ប្រវែង ៩២,៤៤៦ គីឡូម៉ែត្រ ទទឹងផ្លូវ១១ម៉ែត្រ ក្រាលកៅស៊ូបេតុងAC កម្រាស់ ៧សង់ទីម៉ែត្រ មានកន្លែងសម្រាប់បត់ត្រឡប់២កន្លែង (U-Turn), ផ្លូវតភ្ជាប់ មានប្រវែង ១៥,៨២១ គីឡូម៉ែត្រ ទទឹងផ្លូវ១១ម៉ែត្រ ក្រាលកៅស៊ូបេតុងAC កម្រាស់ ៧សង់ទីម៉ែត្រ, ផ្លូវខ្នែង ចំនួន៩ខ្សែ ប្រវែង ៦,៣៥៣ គីឡូម៉ែត្រទទឹងតួផ្លូវ៩ម៉ែត្រ ក្រាលកៅស៊ូDBST ស្ពានចំនួន១១កន្លែង ប្រវែង ៨៧៥មែត្រ និងដាក់លូគ្រប់ប្រភេទចំនួន២០២កន្លែង ដែលនឹងប្រើប្រាស់រយៈពេលសាងសង់ចំនួន៤២ខែ សាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ (SCG) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ដែលគ្រោងចំណាយថវិកាសាងសង់ប្រមាណ ១២៩,៩៨លានដុល្លារអាមេរិក៕ ប្រភព៖ ក្រសួងព័ត៌មាន



Telegram