ខេត្តមណ្ឌលគិរី ៖ អកពស់ព្រៃចំនួន ០១ ក្បាល ត្រូវបានដោះលែងចូលក្នុងព្រៃនៃដែនជម្រករបស់ពួកវាវិញ ។ នេះបើយោងតាមផេក មន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី ។
ក្នុងនោះ កាលពីថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០២១ មន្រី្តឧទ្យានុរក្សនៃការិយាល័យដែនជម្រកសត្វព្រៃភ្នំព្រេច លំផាត់ ប្រចាំស្នាក់ការរង អូររវាក់ បានធ្វើការចុះល្បាត លុះដល់ចំណុច ជើងព្រៃចាស់តូន ដែលស្ថិតនៅ ភូមិ រវាក់ ឃុំ រយ៉ ស្រុក កោះញែក ខេត្ត មណ្ឌលគិរី បានប្រទះឃើញ សត្វអកពស់ព្រៃ១ក្បាល ហើរមិនរួច នឹងមានរបួសដោយសារពស់ចឹក បន្ទាប់ពីការពិនិត្យរួចឃើញថាមិនមានបញ្ហាចំពោះវា ក៏មន្រ្តីឧទ្យានុរក្ស បានធ្វើការដោះលែង សត្វអកពស់ព្រៃអោយមានសេរីភាពវិញ។
គួរបញ្ជាក់ផងដែរថា អកពស់ព្រៃដែលមានឈ្មោះជាភាសាអង់គ្លេសថា Crested serpent eagle
ឈ្មោះគ្រួសារ Accipitridae
ឈ្មោះវិទ្យាសាស្រ្ត Spilornis cheela
វាគឺជាបក្សីមួយប្រភេទមានស្លាប ពណ៌ត្នោតក្រម៉ៅ ពេលហើរមានឆ្នូតគែមក្រោមនៃស្លាបពណ៌ខ្មៅ បន្ទាប់មកពណ៌ស ដងខ្លួន មានអុជៗ ស ពាសពេញ និងមានកំប៉ោយក្រាស់ មានឆ្នូត ទទឹងខ្មៅធំចុងកន្ទុយ ។
អកពស់ព្រៃជាប្រភេទបក្សី ជាទូទៅរស់នៅព្រៃស្រោង ព្រៃល្បោះ និងដំណុះព្រៃខ្ចី ព្រៃជាំទឹកជាដើម ហើយបន្តពូជ ចាប់ពីខែមករា ដល់ ខែ តុលា និងមានពងចំនួន ០១ គត់។
សូមអរគុណដល់មន្រី្ត ឧទ្យានុរក្សមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដែលខិតខំប្រឹងប្រែងទប់ស្កាត់បទល្មើស ធនធម្មជាតិ និងក្រុមសិក្សាស្រាវជា្រវជីវ:ចម្រុះ ដែលការពារថែរក្សាធនធានធម្មជាតិជាពិសេសសត្វព្រៃ ដែលកម្រនិងជិតផុតពូជ អោយនៅគង់វង្ស ក្រោមការគាំទ្រ ពីគម្រោងកាំប៉ាស់នៃក្រសួងបរិស្ថាន
និងអង្គការ Birdlife ៕