អភិបាលរាជធានី ជំរុញឲ្យអាជ្ញាធរខណ្ឌទាំងអស់បង្កើតកម្មវិធីផ្ដល់អាវរងា ភួយ ក្រមានិងថវិកា ជូនដល់មនុស្សចាស់កុំឲ្យហួសថ្ងៃអាទិត្យសប្តាហ៍នេះ
ព័ត៌មានជាតិ
185

រាជធានីភ្នំពេញ ៖ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានជំរុញឲ្យអាជ្ញាធរខណ្ឌ១៣ទៀតបង្កើតកម្មវិធី ដើម្បីផ្ដល់អំណោយរបស់សម្ដេចតេជោនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុន សែន ដែលមានដូចជា អាវរងា ភួយ ក្រមានិងថវិកា ជូនដល់មនុស្សចាស់នៅក្នុងមូលដ្ឋានរបស់ខ្លួនអោយបានលឿននិងទាន់ពេលវេលា ពោលគឺកម្មវិធីនេះត្រូវរៀបចំឡើង កុំឲ្យហួសពីថ្ងៃអាទិត្យសប្តាហ៍នេះ ខណៈដែលអាកាសធាតុបាននឹងកំពុងចុះត្រជាក់បណ្តើរៗហើយនោះ។

ការជំរុញបែបនេះរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើឡើងក្នុងពិធីប្រគល់អំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ជូនសមាជិក សមាជិកា សមាគមមនុស្សចាស់ដែលមានជីវភាពក្រីក្រនៅក្នុងខណ្ឌដង្កោនាព្រឹកថ្ងៃទី ០១ខែធ្នូឆ្នាំ២០២១នេះ នៅសាលាខណ្ឌដង្កោ។

សមាជិក សមាជិកាសមាគមមនុស្សចាស់ មានជីវភាពក្រីក្រនៅក្នុងខណ្ឌដង្កោ ដែលទទួល

អំណោយនេះ មានចំនួន១២០នាក់ ដែលក្នុងម្នាក់ៗ ទទួលបានថវិកា ចំនួន៥ម៉ឺនរៀល អាវរងា១ ភួយ១ និងក្រមា១។

លោកឃួង ស្រេងបានមានប្រសាសន៍លើកឡើងថា សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានឆ្លងទន្លេមេគង្គនៅស្ទឹងត្រង់កាលពីថ្ងៃទី២៣ខែវិច្ឆិកាកន្លងមកនេះ សម្ដេចបានណែនាំឲ្យអាជ្ញាធររាជធានី ខេត្តត្រូវយកចិត្តទុកដាក់ផ្ដល់នូវអាវរងា ភួយជូនមនុស្សចាស់ ដោយសារតែអាកាសធាតុនឹងចុះត្រជាក់នៅប៉ុន្មានថ្ងៃខាងមុខនេះ ។ អនុវត្តទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ថ្ងៃនេះរដ្ឋបាលរាជធានីភ្នំពេញ បាននាំនូវអំណោយរបស់សម្ដេចតេជោនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតមកចែកជូនបងប្អូនសមាជិកសមាជិកាសមាគមមនុស្សចាស់នៅក្នុងខណ្ឌដង្កោចំនួន១២០នាក់។

លោកឃួង ស្រេងបានបញ្ជាក់ផងដែរថា សម្រាប់ថ្ងៃនេះ សមាជិកសមាជិកានៅក្នុងសមាគមមនុស្សចាស់នៅក្នុងខណ្ឌដង្កោ ទទួលបាននូវអំណោយរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតហើយ។

ដូច្នេះលោកស្នើឲ្យអាជ្ញាធរខណ្ឌ១៣ផ្សេងទៀតត្រូវបង្កើតកម្មវិធីផ្ដល់អំណោយជូនមនុស្សចាស់ដែលមានទាំងថវិកា អាវរងា ភួយក្រមា កុំឱ្យហួសថ្ងៃអាទិត្យសប្តាហ៍នេះ ដោយសារតែអាកាសធាតុបានចាប់ផ្ដើមចុះត្រជាក់ហើយ។

លោកឃួង ស្រេងក៏បានមានប្រសាសន៍បញ្ជាក់ផងដែរថា នៅរាជធានីភ្នំពេញ យើងបានកសាង សមាគមមនុស្សចាស់ បានទាំង១០៥សង្កាត់ហើយ។ ដូច្នេះ

អាជ្ញាធរខណ្ឌ សង្កាត់ត្រូវ ចុះពិនិត្យតាមដាននិង

សួរសុខទុក្ខមនុស្សចាស់នៅក្នុងមូលដ្ឋានរបស់ខ្លួនដោយសារតែមនុស្សចាស់ ជាអ្នកមានគុណរបស់យើង ហើយប្រពៃណីដូនតារបស់យើងក៏បានបន្សល់ទុក ដោយអោយយើងត្រូវតែមានកត្តញ្ញូចំពោះមនុស្សចាស់ផងដែរ៕


Telegram