ខេត្តព្រះសីហនុ ៖ កាលពីថ្ងៃទី0២ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាន អញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសពាក់ព័ន្ធរបស់ក្រសួង អញ្ជើញចុះពិនិត្យគុណភាព និង សកម្មភាព ការងារសាងសង់នៃការដ្ឋានស្ថាបនាកំណាត់ផ្លូវខេត្តលេខ១៤៨ និងប្រព័ន្ធលូបង្ហូរ ដោយមានការចូលរួមពី ក្រុមការងារបច្ចេកទេសមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ តំណាងក្រុមហ៊ុនសាងសង់ ទីប្រឹក្សាបច្ចេកទេស និងភាគីពាក់ព័ន្ធ ដើម្បីធានាថាសំណង់ដែលសាងសង់ រួចមានគុណភាពរឹងមាំ ស្របតាមស្តង់ដាបច្ចេកទេស ដែលបានកំណត់ ប្រើប្រាស់ជាប់បានយូរ និងកាត់បន្ថយការចំណាយ ថវិកាជាតិក្នុងការជួសជុលថែទាំ។ នេះបើយោងតាមផេក ក្រសួងសាធារណៈការ និងដឹកជញ្ជូន ។
ថ្លែងក្នុងដំណើរចុះពិនិត្យកំណាត់ផ្លូវនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានណែនាំឱ្យក្រុមហ៊ុនទទួលម៉ៅការសាង សង់យកចិត្តទុកដាក់ដោយស្មារតីទទួលខុសត្រូវខ្ពស់លើការងារសាងសង់ប្រព័ន្ធលូបង្ហូរ ដោយអនុលោម តាមស្តង់ដាបច្ចេកទេសដែលបានកំណត់ ធ្វើយ៉ាងណាធ្វើម្តងឱ្យហើយកុំធ្វើម្តងទៀតនាំឱ្យខាតបង់ពេល វេលា និងថវិកា ដែលរាជរដ្ឋាភិបាលរកបានដោយលំបាក។
ការស្ថាបនាផ្លូវនេះមានការប្រើប្រាស់ម៉ាស៊ីនអ៊ុតបេតុង (Concrete Paving Machine)ទំនើប ដែលធ្វើឱ្យ ផ្ទៃផ្លូវមានភាពរាបស្មើល្អ និងរក្សាបានគុណភាពបេតុង ដែលជួយឱ្យផ្លូវរឹងមាំជាប់បានយូរ និងជាផ្លូវទី១ នៅកម្ពុជាដែលប្រើម៉ាស៊ីនឆូតកាត់ធ្វើក្រឡាផ្ទៃបេតុង ដើម្បីកុំឱ្យយានយន្តរអិលក្នុងពេលបើកបរ និងគ្រប់ គ្រងស្នាមប្រេះបានល្អ ដែលកន្លងមកការឆូតកាត់ផ្លូវបេតុង (ទទឹងផ្លូវ) ត្រូវបានធ្វើឡើងដោយដៃប៉ុណ្ណោះ។
កំណាត់ផ្លូវនេះសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) ដោយប្រើប្រាស់ថវិកាសន្សំ របស់ជាតិ ក្រោមការត្រួតពិនិត្យបច្ចេកទេសដោយ នាយកដ្ឋានផ្លូវថ្នល់ នាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធ សាធារណ: និងនាយកដ្ឋានបច្ចេកទេសសាធារណការ និងដឹកជញ្ជូន នៃអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលគ្រោងចំណាយពេលសាងសង់ចំនួន២៨ខែ។ គម្រោងនេះ បានចាប់បើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ហើយគិតមកត្រឹមសប្តាហ៍ទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ ការងារសាងសង់សម្រេចបានប្រមាណ ៤០,៨៩% ដែលលឿនជាងផែនការប្រមាណ ១,៥៥%។
សូមជម្រាបជូនថា៖ ផ្លូវខេត្តលេខ១៤៨ ចាប់ពីរង្វង់មូលស្ទឹងហាវ ដល់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ស្ថាបនាដោយក្រាលបេតុងសរសៃដែក ប្រវែង២២,៣៤៧គីឡូម៉ែត្រ ទទឹង១១ម៉ែត្រ កម្រាស់២៦សង់ទីម៉ែត្រ និងចិញ្ចើមក្រួសក្រហម ០,៥០ម៉ែត្រសងខាង ចាប់ពីPK២៤+៣៥០ ដល់ PK៤៣ +០២៥ (មានស្រទាប់Sub Base ១៥សង់ទីម៉ែត្រ និងស្រទាប់ Base Course កម្រាស់ ៣០ សង់ទីម៉ែត្រ)។
កំណាត់ផ្លូវនេះគឺជាផ្លូវវាងក្រុងដ៏មានសក្ដានុពលសម្រាប់បម្រើឱ្យការដឹកជញ្ជូន ទំនិញនាំចេញ-ចូលតាម នាវា កសិផល និងជលផលរបស់បងប្អូនប្រជាពលរដ្ឋ នៅស្រុកស្ទឹងហាវ ក៏ដូចជាបងប្អូនរស់នៅតំបន់ ទំនប់រលកចាស់នៃក្រុងព្រះសីហនុទៅកាន់ទីផ្សារ កាន់តែមានលក្ខណៈ ងាយស្រួល ឆាប់រហ័ស និង ចំណាយ តិច និងចូលរួមចំណែកដល់ការកាត់បន្ថយការកកស្ទះចរាចរណ៍ យានយន្តដឹកជញ្ជូនទំនិញធុន ធ្ងន់តាមផ្លូវជាតិលេខ៤ផងដែរ៕