រាជធានីភ្នំពេញ ៖ រថយន្តព្រូសមួយគ្រឿង បើកដោយស្រី្ដម្នាក់ បានបុកជាមួយម៉ូតូមួយគ្រឿង ហើយបន្ដទៅបុកនឹងស្លាកសញ្ញាហាមចត រួចបន្តបុកចូលកន្លែងលក់រថយន្តមួយទៀត បណ្ដាលរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង ១២យប់ឈានចូលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវ២០០៤ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីសន្តិសុខម្នាក់ បានប្រាប់ក្រុមការងារ TVFB ឲ្យដឹងថា មុនពេលកើតហេតុ គាត់បានឃើញស្រ្តីម្នាក់ បើករថយន្តព្រូស មួយគ្រឿង ដែលពាក់ស្លាកលេខ ភ្នំពេញ 2BA-5467 ធ្វើដំណើរតាមបណ្ដោយផ្លូវ២០០៤ ក្នុងទិសដៅពីលិចមកកើត លុះមកដល់ចំណុចកើតហេតុ ក៏មានម៉ូតូឌ្រីមសេ១២៥ មួយគ្រឿង បានឆ្លងកាត់បុកពីក្រោយពេញមួយទំហឹង បណ្ដាលឲ្យរថយន្តនោះ ជ្រុលទៅបុកចូលកន្លែងលក់រថយន្តមួយកន្លែង បណ្ដាលឲ្យរងការខូចខាត រថយន្ត ៣គ្រឿង និងបុកប៉ះត្រូវនឹងស្លាកចរាចរណ៍ហាមចត បណ្ដាលឲ្យបាក់ថែមទៀត សំណាងណាស់គ្មាននរណាម្នាក់ រងរបួសនោះទេ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងឲ្យសមត្ថកិច្ចជំនាញចរាចរណ៍របស់ស្នងការនគរបាលរាជធានីភ្នំពេញ បានយករថយន្តស្ទូច មកស្ទូចយករថយន្ដនិងម៉ូតូ ដែលពាក់ព័ន្ធ យកទៅរក្សាទុក រង់ចាំដោះស្រាយគ្នាបន្តទៀត ៕ Mrr Ka
.