រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកចំនួន ៣នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ច្បារអំពៅ២ ធ្វើការចាប់ឃាត់ខ្លួនបាន ក្រោយជនសង្ស័យរូបនេះ រួមទាំងបក្ខពួក បានជិះម៉ូតូ១គ្រឿង និងរទេះអូសសម្រាប់ធ្វើសំណង់ លើកសែងកៅអីឈើ របស់គេជិះរត់ កាលពីវេលាម៉ោង២ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចមុខផ្ទះលេខ៦៣២D ផ្លូវ ៣៥៨ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ហៀ រិទ្ធី ភេទ ប្រុស អាយុ ៣៨ឆ្នាំ មុខរបរនគរបាល ស្នាក់នៅផ្ទះកើតហេតុ។ ចំណែក ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ អ៊ុង សុភ័ក្រ្ត ភេទ ប្រុស អាយុ ៣១ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិដើម ស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
សូមបញ្ជាក់ថា មុនពេលកើតហេតុជនរងគ្រោះទុកកៅអីឈើចំនួន០១ នៅចំណុចកើតហេតុ រួចក៏ចូលក្នុងផ្ទះ ស្រាប់តែ មានជនសង្ស័យ ០៣នាក់ ឈ្មោះ អ៊ុង សុភ័ក្រ្ត, ឈ្មោះ ប៉ា លី និងម្នាក់ទៀតមិនស្គាល់ឈ្មោះ ជិះម៉ូតូ ០១គ្រឿង ម៉ាក Suzuki Nex ពណ៌ស ផ្លាកលេខ ភ្នំពេញ 1IT-1481 មានសណ្តោងរទេះតូច ពណ៌ទឹកមាស មកឈប់កន្លែងកើតហេតុ រួចនាំគ្នាធ្វើ សកម្មភាពលួចកៅអីឈើផ្អែករបស់ជនរងគ្រោះដាក់លើរទេះនាំគ្នាជិះគេចខ្លួន រួចជនសង្ស័យឈ្មោះ ប៉ា លី និងម្នាក់ទៀតមិន ស្គាល់ឈ្មោះជាអ្នកយកកៅអីទៅលាក់ទុក។ លុះដល់ថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០២១ ម៉ោង១១និង៣០នាទី សមត្ថកិច្ចបានធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ឈ្មោះ អ៊ុង សុភ័ក្រ្ត នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រួមនិងវត្ថុតាងម៉ូតូ ០១គ្រឿង ម៉ាក ខាងលើ និងរទេះតូចចំនួន០១ បញ្ជូនមកទីស្នាក់ការប៉ុស្តិ៍ច្បារអំពៅ២ ចាត់ការតាមផ្លូវច្បាប់។ ចំណែកបក្ខពួកជនសង្ស័យ ឈ្មោះ ប៉ា លី និងម្នាក់ទៀតមិនស្គាល់ឈ្មោះ បានរត់គេចខ្លួនបាត់។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់បន្តទៀត ៕ មេសា