រាជធានីភ្នំពេញ ៖ ករណីអគ្គិភ័យឆាបឆេះក្រណាត់ ក្នុងសិប្បកម្មមួយកន្លែង បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅជួយអន្តរាគមន៍ភ្លាមៗទាន់ពេលវេលា កាលពីវេលាម៉ោង៩ និង ៣៥នាទីព្រឹកថ្ងៃទី ៤ខែធ្នូ ឆ្នាំ ២០២១ ស្ថិតនៅត្រង់ចំណុចសិប្បកម្មផលិតក្រដាសមួយកន្លែង នៅភូមិតាឡីសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់សិប្បកម្មមានឈ្មោះ ឡាយ សុខ អាយុ ៤៦ឆ្នាំស្នាក់នៅកន្លែងកើត ។
ប្រភពព័ត៌មានពីម្ចាស់សិប្បកម្មខាងលើបានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានហៅជាងផ្សារដែកប្រមាណជា ៥ ទៅ ៦ នាក់ មកផ្សារជញ្ជាំងដែលខូច ខណៈដែលកំពុងផ្សារ ស្រាប់តែធ្លាក់ផ្កាភ្លើងមកលើកម្ទេចក្រណាត់ ដែលនៅខាងក្រោម ក៏បានឆាបឆេះហ៊ុយផ្សែង ទើបទំនាក់ទំនងទៅសមត្ថកិច្ចដើម្បីចុះមកជួយអន្តរាគមន៍។
ក្រោយពីទទួលបានព័ត៌មានថា មានអគ្គិភ័យបានឆេះសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ក៏បានរាយការណ៍ទៅខាងរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការរាជធានីភ្នំពេញ ដែលប្រចាំការនៅសាលាខណ្ឌដង្កោ បានចុះទៅដល់ទីតាំងកន្លែងកើតហេតុចំនួន ៣ គ្រឿង ធ្វើការបាញ់ពន្លត់អគ្គីភ័យខាងលើអស់ទឹកចំនួន២គ្រឿង ទើបរលត់ទៅវិញជាស្ថាពរ។
សមត្ថកិច្ចជំនាញនៃការិយាល័យពន្លត់អគ្គីភ័យស្នងការរាជធានីភ្នំពេញបានបញ្ជាក់ថា មូលហេតុដែលឲ្យមានអគ្គិភ័យឆាបឆេះនេះ គឺមកពីជាងផ្សារដែកមិនប្រយ័ត្នធ្វើឲ្យធ្លាក់លើផ្កាភ្លើងទៅលើកម្ទេចក្រណាត់ដែលនៅខាងក្រោម ហើយក៏បានឆាបឆេះបែបនេះ តែគ្មាននរណាម្នាក់ របួសទេ ខូចខាតតែកម្ទេចក្រណាត់មួយចំនួនតែប៉ុណ្ណោះ ៕ មេសា