រដ្ឋបាលខេត្តសៀមរាប បន្តស្វែងរកអ្នកដែលជាប់ពាក់ព័ន្ធនឹងការកាប់ទន្រ្ទានដីព្រៃលិចទឹក មកផ្តន្ទាទោសតាមផ្លូវច្បាប់
ព័ត៌មានជាតិ
172

ខេត្តសៀមរាប ៖ អភិបាលខេត្តសៀមរាប បានព្រមានមន្ត្រីរាជការក្រោមឱវាទនិងបងប្អូនប្រជាពលរដ្ឋ ដែលបានជាប់ពាក់ព័ន្ធនិងករណី ទន្រ្ទានព្រៃលិចទឹក សូមចូលខ្លួនសារភាព និងប្រគល់ដីជូនរដ្ឋវិញ ដើម្បីចៀសវាសមានទោសកំហុស នៅពេលក្រុមការងារចុះពិនិត្យរកឃើញជាក់ស្តែង។

ថ្លែងក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានថ្មថ្មីទី២ វត្តពោធិ៍បន្ទាយជ័យ ស្ថិតក្នុងភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប មានប្រសាសន៍ថា ក្រៅពីផ្ទៃដីដែលបានកាត់ឆ្វៀលឱ្យប្រជាពលរដ្ឋអាស្រ័យផល ផ្ទៃដីព្រៃលិចទឹក ទំហំជាង១២ម៉ឺនហិកតា ក្នុងភូមិសាស្ត្រខេត្តសៀមរាប ក្រោយពេលចុះពិនិត្យស្ថានភាពជាក់ស្តែងរកឃើញថា មានការកាប់ទន្រ្ទានប្រមាណជាង១,០០០ហិកតា យកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ក្នុងរូបភាពធ្វើកសិកម្ម ភ្លើងឆេះព្រៃ និងសកម្មភាពផ្សេងៗគ្នាជាច្រើនទៀតដែលជនខិលខូចមួយចំនួនបានទន្ទ្រាន។

ឯកឧត្តមបន្តទៀតថា អនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពិនិត្យ នឹងស្រាវជ្រាវលើករណីជនល្មើស ដែលបានកាប់ទន្ទ្រានរំលោភយកដីព្រៃលិចទឹកធ្វើជាកម្មសិទ្ធិ ហើយការអនុវត្តន៍នេះត្រូវធ្វើឱ្យបានហ្មត់ចត់ និងឆាប់រហ័ស ព្រមទាំងស្វែងរករាល់ជនល្មើស ដែលបានកាប់បំផ្លិចបំផ្លាញព្រៃលិចទឹកទាំងនេះ ហើយត្រូវដកហូតមកធ្វើជាកម្មសិទ្ធិរបស់រដ្ឋ ព្រមទាំងការដាំដើមឈើទាំងនោះឡើងវិញ ដើម្បីជាជម្រកត្រីពងកូន បរិស្ថាន និងជាប្រយោជន៍ដល់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍ រួមទាំងសក្តានុពលទេសចរណ៍ខេត្តសៀមរាបទាំងមូលទៀតផង។ ក្នុងន័យនេះក៏សូមអំពាវនាវដល់មន្ត្រីរាជការក្រោមឱវាទទាំងអស់ មិនថាឋានៈតួនាទីណាឡើយ រួមទាំងបងប្អូនប្រជាពលរដ្ឋផង ដែលជាប់ពាក់ព័ន្ធនឹងករណីទន្ទ្រានព្រៃលិចទឹក សូមចូលខ្លួនសារភាព និងប្រគល់ដីជូនរដ្ឋ ដើម្បីរដ្ឋ ពិចារណាមិនយកទោសឬក៏សម្រាលទោសជូន។

ឯកឧត្តមបន្តថា រហូតមកដល់ពេលនេះទំហំផ្ទៃដីព្រៃលិចទឹក ដែលបានទន្រ្ទានកន្លងមកអាចមានទំហំច្រើន ព្រោះថាក្រុមការងារចម្រុះរបស់រដ្ឋបាលខេត្ត ដោយសហការជាមួយក្រុង ស្រុកទាំង៦ នឹងបន្តតាមដានស្រាវជ្រាវអ្នកដែលមកទន្រ្ទាន ដីព្រៃលិចទឹក ហើយមិនយូរទេ នឹងរកឃើញ និងចាត់វិធានការតាមផ្លូវច្បាប់។

ក្នុងរង្វង់១២ម៉ឺនជាងហិកតានេះ ដែលរដ្ឋបាលខេត្តយើងគ្រប់គ្រង ដែលមាននៅក្នុងក្រុងស្រុកទាំង៦ ជាប់បឹងទន្លេសាបយើងនេះ យើងបានចុះទៅពិនិត្យផ្ទាល់ហើយ យើងឃើញការកាប់ទន្រ្ទាន់ព្រៃមួយចំនួន កន្លែងខ្លះយើងកាត់ជូនបងប្អូនប្រជាពលរដ្ឋ យើងក៏បានឃើញហើយ ប៉ុន្តែខ្ញុំថាយកកម្មវិធីនេះមកលើករឿងព្រៃលិចទឹកក៏វាម្យ៉ាងដែរ ព្រោះសង្ឈឹមថាបងប្អូនប្រជាពលរដ្ឋជាពិសេសមន្ត្រីរាជការរបស់ខ្ញុំនេះតែម្តង កុំឱ្យមានការប៉ះពាល់ពាក់ព័ន្ធ នឹងការទន្រ្ទានព្រៃនេះ បើសម្តេចនាយកគាត់បានប្រកាសហើយថា សូមឱ្យសារភាពខ្លួនទៅ មន្ត្រីគ្រប់ជាន់ថ្នាក់ មិនថាអភិបាលខេត្ត ឬឯកឧត្តមណាក៏ដោយ រហូតដល់ប្រជាពលរដ្ឋអ្នកដែលទន្រ្ទានព្រៃលិចទឹក សូមឱ្យសារភាពជាមួយសម្តេច ហើយសម្តេចនឹងពិចារណាសម្រាលទោសឬបន្ធូរបន្ថយទោសជូន ក៏ប៉ុន្តែក្នុងអន្តរកាលនេះ បើសិនមិនមានអ្នកណាលេចមុខមកសារភាព ឬប្រគល់ដីមករដ្ឋវិញ ថ្ងៃក្រោយនឹងមានបញ្ហាធំ ដោយសារខ្ញុំបាទ ជាមួយរដ្ឋបាលក្រុង និងរដ្ឋបាលស្រុកទាំង៥ផ្សេងទៀត នឹងបន្តតាមដានស្រាវជ្រាវអ្នកមកទន្រ្ទានព្រៃលិចទឹក ក្រៅពីតំបន់ដែលកាត់ឆ្វៀលអាស្រ័យផល ឱ្យប្រជាពលរដ្ឋធ្វើកសិកម្ម តាមរបាយការណ៍មកឃើញថា បាត់បង់ព្រៃលិចទឹកនេះប្រហែលជាង១០០០ហិកតាទៀត ប៉ុន្តែខ្ញុំជឿជាក់ថាវាអាចលើសពីហ្នឹងច្រើនណាស់ ព្រោះការចុះពិនិត្យជាក់ស្តែង គឺបាត់ព្រៃច្រើនណាស់ ក្រោមរូបភាពធ្វើស្រែទន្រ្ទានបន្ថែម ក្រោមរូបភាពឆេះព្រៃ មានច្រើនចំណុចណាស់ តែខ្ញុំជឿជាក់ថាយើងមិនអាចលាក់បានទេ អ្នកទន្រ្ទាននោះយើងនឹង រកឃើញឆាប់ៗនេះ។

សូមជម្រាបផងដែរថា ខេត្ដសៀមរាបមានទំហំផ្ទៃដីព្រៃលិចទឹក ចំនួនជាង១២ម៉ឺនហិកតា ក្នុងនោះ មាននៅក្នុង ក្រុងសៀមរាប ស្រុកជីក្រែង ស្រុកសូទ្រនិគម ស្រុកប្រាសាទបាគង ស្រុកពួក និងស្រុកក្រឡាញ់។ក្នុងនោះតាំងពីឆ្នាំ២០១៤ យោងតាមអនុក្រឹត្យ រាជរដ្ឋាភិបាល រដ្ឋបាលខេត្តបានកាត់ឆ្វៀលដីព្រៃលិចទឹក ក្នុងទំហំចំនួន៨៨០០ហិកតា ជូនប្រជាពលរដ្ឋដើម្បីការងារបង្កបង្កើន ផលកសិកម្ម៕ ប្រភព៖ ក្រសួងព័ត៌មាន


Telegram