ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រតិកម្មចំពោះឧត្តមសេនីយ៍វៀតណាមម្នាក់ ដែលវាយប្រហារ មកលើកម្ពុជា ថាជាអ្នកនាំកូវីដ-១៩ ចូលវៀតណាម ដូចទឹកជំនន់ទន្លេមេគង្គ
ព័ត៌មានជាតិ
312

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចកម្ពុជាបាន ប្រតិកម្មចំពោះឧត្តមសេនីយ៍វៀតណាមម្នាក់ ឈ្មោះ Hoang Xuan Chien ដែលវាយប្រហារ មកលើកម្ពុជាថាជាអ្នកនាំកូវីដ-១៩ ចូលវៀតណាម ដូចទឹកជំនន់ទន្លេមេគង្គនោះ។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង ប្រវែងសរុប ៩៦,៤៨គីឡូម៉ែត្រ ចាប់ពីអ្នកលឿង(ចំណុចប្រសព្វផ្លូវជាតិលេខ១) ខេត្ត ព្រៃវែង ដល់ថ្នល់ទទឹង(ចំណុចប្រសព្វផ្លូវជាតិលេខ៧) ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០ ៦ ខែធ្នូ ឆ្នាំ២០២១ នៅខេត្តព្រៃវែង សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ ផ្ដាំឱ្យអនុរដ្ឋ មន្រ្តី វៀតណាមម្នាក់ សុំទោសប្រជាជនកម្ពុជា ពាក់ព័ន្ធនឹងពាក្យសម្តីថា ឱ្យកងទ័ព និង ប្រជាជនវៀតណាម តាមព្រំដែនមានការប្រុងប្រយ័ត្នចំពោះការឆ្លងជំងឺកូវីដ-១៩ ពីកម្ពុជា ចូលទៅប្រទេសវៀតណាម។

សម្ដេចតេជោបានថ្លែងឱ្យដឹងថា មេបញ្ជាការវៀតណាម Hoang Xuan Chien ទទួលកិច្ចការនៅព្រំដែនរូបនេះ បាននិយាយថា បើគ្មានប្រុងប្រយ័ត្នទេ ជំងឺកូវីដ-១៩ ពីកម្ពុជាទៅវៀតណាម ដូចជំនន់ទន្លេមេគង្គនេះ ក្នុងសន្និសីទព័ត៌មាន នៅទីក្រុងហូជីមិញ កាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២០កន្លងមក។ សម្តេចនាយករដ្ឋ មន្រ្តី រម្លឹកថា លោក Hoang Xuan Chien និយាយថា «បើយើងមិនធ្វើការប្រុងប្រយ័ត្ន ជំងឺឆ្លង ពីកម្ពុជា ចូលទៅក្នុងវៀតណាម ដូចជំនន់ទឹកទន្លេមេង្គ ពិតជាគ្រោះថ្នាក់»។ ក្រោយការ និយាយបែបនេះហើយ សារព័ត៌មានវៀតណាម បានចេញផ្សាយជាហូរហែរ។ សម្តេច តេជោបានលើកជាសំណួរថា តើពិត ឬមិនពិត ដែលបុគ្គលនេះ ហ៊ាននិយាយអីចឹង។

សម្តេចតេជោបានសង្កត់ធ្ងន់ថា សម្តីមេទ័ពព្រំដែនវៀតណាម ដែលបច្ចុប្បន្នជាអនុរដ្ឋ មន្ត្រី ការពារជាតិវៀតណាមបានផ្តល់នូវការឈឺចាប់ដ៏ខ្លាំងសម្រាប់សម្តេច។

សម្តេចតេជោបាន បញ្ជាក់ទៀតថា សម្តេចមិនប្រឆាំងនឹងរដ្ឋាភិបាលវៀតណាមទេ តែសម្តីរបស់មេទ័ពវៀត ណាម រូបនេះ ជាការប្រមាថចំពោះប្រជាពលរដ្ឋកម្ពុជា។ សម្តេចតេជោបានសួរទៅមេទ័ព ព្រំដែនរបស់វៀតណាមរូបនេះថា គួរសូមទោសប្រជាពលរដ្ឋកម្ពុជាដែរទេ សម្តេចចង់ ឃើញអនុរដ្ឋមន្ត្រីការពារជាតិវៀតណាម កែតម្រូវសម្តីរបស់ខ្លួនដែលធ្លាប់និយាយថា កម្ពុជា ជាប្រភពនាំចូលកូវីដ-១៩។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងបន្ដថា ប្រទេសកម្ពុជាតូចពិតមែន តែមិនមែនជាប្រភពជំងឺឡើយ។ ដូច្នេះពាក្យសម្តីរបស់ ឧត្តម សេនីយ៍វៀតណាម Hoang Xuan Chien គឺជាការប្រមាថដល់ប្រជាជនកម្ពុជា។

សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់បន្ថែមថា សារនយោបាយរបស់ សម្ដេច នេះ មិនមែនជាការទិតៀន បក្ស រដ្ឋាភិបាល និងប្រជាជនវៀតណាមទេ តែជា ទិតៀនសំដៅទៅលើតែឧត្តមសេនីយ៍ Hoang Xuan Chien អនុរដ្ឋមន្រ្តីការពារជាតិវៀត ណាម ដែលទទួលកិច្ចការងារព្រំដែនប៉ុណ្ណោះ៕  ប្រភព៖ ក្រសួងព័ត៌មាន 


Telegram