អាជ្ញាធរខេត្ដសៀមរាប ៖ បាននឹងកំពុងស្រាវជ្រាវ និងស៊ើបអង្កេតជនខិលខូចដែលកាប់ទន្ទ្រានយកដីព្រៃលិចទឹកតំបន់បឹងទន្លេសាប ក្នុងភូមិសាស្ដ្រខេត្ដសៀមរាប ត្រូវចូលខ្លួនសារភាព និងធ្វើលិខិតប្រគល់ដីជូនរដ្ឋឡើងវិញឱ្យបានឆាប់ បើពុំនេះទេអាជ្ញាធរនឹងចាត់វិធានការផ្លូវច្បាប់ដោយមិនអាចលើកលែងបានឡើយ។
ឯកឧត្ដម ទៀ សីហា អភិបាលខេត្ដសៀមរាប បានលើកឡើងបែបនេះ នៅក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានថ្មីទី២ ឆ្លងស្ទឹងសៀមរាប នៅវត្ដពោធិបន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប នាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១នេះ។
ឯកឧត្ដមមានប្រសាសន៍ថា ដីព្រៃលិចទឹកនៅក្នុងខេត្ដនេះ មានជាង ១២៦.៨០០ហិកតា ដែលក្នុងនោះមានតំបន់មួយចំនួន ត្រូវបានកាត់ឆ្វៀលជូនប្រជាពលរដ្ឋ សម្រាប់បង្កបង្កើនផលស្រូវប្រាំងរួចហើយ ប៉ុន្ដែមានជាងជាង ១ពាន់ហិកតាផ្សេងទៀត ត្រូវបានជនល្មើសកាប់ទន្ទ្រានយក ដែលក្នុងនោះ អ្នកជាប់ពាក់ព័ន្ធបំផ្លាញព្រៃលិចទឹកកន្លងមកមានទាំងមន្ដ្រីរាជការ ឈ្មួញខិលខូច និងប្រជាពលរដ្ឋនៅមូលដ្ឋាន និងមកពីខេត្ដផ្សេងៗផងដែរ ហើយពួកក្រុមជនល្មើសទាំងនោះ បានទិញពីប្រជាពលរដ្ឋ ដោយកាប់ទន្រ្ទានយកថែមទៀត៕ប្រភពមន្ទីរព័ត៍មានខេត្តសៀមរាប
ឯកឧត្ដមអភិបាលខេត្ត បានសង្កតធ្ងន់ថា អ្នកពាក់ព័ន្ធដែលបានទន្ទ្រានព្រៃលិចទឹកកន្លងមកនោះ មិនថាអភិបាលខេត្ដ ឬថ្នាក់ឯកឧត្ដម ប្រជាពលរដ្ឋនោះទេ ត្រូវចូលខ្លួនសារភាព និងធ្វើលិខិតប្រគល់ដីព្រៃលិចទឹកប្រគល់ជូនប្រមុខរាជរដ្ឋាភិបាលវិញឱ្យបានឆាប់ ។ ប៉ុន្ដែទោះជាយ៉ាងណា អាជ្ញាធរខេត្ដមិនបានបញ្ជាក់ថា អ្នកជាប់ពាក់ព័ន្ធនឹងបទល្មើសព្រៃលិចទឹកនេះ មានចំនួនប៉ុន្មាននាក់នៅឡើយទេ ដោយថា ការទន្ទ្រានព្រៃលិចទឹកនេះ មានសំណុំរឿងជាង១៣០ករណី និងបានបញ្ជូនសុំណុំទៅតុលាការរួចហើយដែរ។
ឯកឧត្ដម ទៀ សីហា បានបញ្ជាក់ថា ដីព្រៃលិចទឹកនៅក្នុងខេត្ដសៀមរាប ក្នុងចំណោម ៥ស្រុក និងមួយក្រុង មានចំនួនជាង ១២៨.២០០ហិកតា ក្នុងនោះ ស្រុកជីក្រែង មានចំនួនជាង ៤៤.៧០០ហិកតា, ស្រុកក្រុឡាញ់ជាង ៨.៣០០ហិកតា, ស្រុកពួកជាង ២.៨០០ហិកតា, ស្រុកប្រាសាទបាគងជាង ៨.៥០០ហិកតា, ក្រុងសៀមរាបជាង ១ម៉ឺនហិកតា និងស្រុកសូទ្រនិគមជាង ២.៦០០ហិកតា។ ឯកឧត្ដមបន្ថែមថា មកដល់ពេលនេះ នៅខេត្ដសៀមរាប ទើបមានតែមនុស្សម្នាក់គត់ ដែលបានចូលសារភាព និងសុំទោសរាជរដ្ឋាភិបាលហើយប្រគល់ដីព្រៃលិចទឹកជូនរដ្ឋវិញ៕