សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ផ្ដល់ជែល ៨០០កេស ជូនសាខាកាកបាទក្រហមខេត្ត រួមនឹងមន្ទីរពេទ្យចំនួន៨ នៅក្នុងខេត្តសៀមរាប
ព័ត៌មានជាតិ
399

ខេត្តសៀមរាប៖ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានប្រគល់ជែលលាងដៃចំនួន ៨០០កេសស្មើនឹង ១២,៨០០ដប ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឺទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដល់ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប រួមនឹងមន្ទីរពេទ្យចំនួន៨ នៅក្នុងខេត្តសៀមរាប ដែលការប្រគល់នេះដែរ ធ្វើនៅសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប។

មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវ ពុំ ចន្ទីនី បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងការកោតសរសើរ ចំពោះសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដែលបាននឹងកំពុងចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ-១៩ ក៏ដូចជាការផ្តល់អំណោយមនុស្សធម៌ដូចភ្លៀងរលឹម ជួយសម្រាលការលំបាកផ្នែកជីវភាពដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ ទឹកជំនន់ ខ្យល់កន្ត្រាក់។ល។ ចំពោះគោលបំណងធំបំផុត របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់ជូនជែលលាងដៃ ដល់មន្ទីពេទ្យនិងមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិ នាពេលនេះ គឺថាមន្ទីរពេទ្យគឺជាកន្លែងទទួលពិនិត្យ-ព្យាបាលជំងឺ រួមទាំងអ្នកជំងឺកូវីដ-១៩ ដែលជាអ្នកជួរមុខក្នុងការចូលរួមចំណែកទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩»។

លោកជំទាវ ពុំ ចន្ទីនី មានប្រសាសន៍ថា នេះគឺជាសក្ខីភាពនៃការរួមសុខរួមទុក្ខនៃសម្តេចកិត្តិព្រឺទ្ធបណ្ឌិតប្រធាន ឆ្ពោះមកកាន់ស្ថាប័នថ្នាក់ក្រោមជាតិ និងឆ្ពោះមករកប្រជាពលរដ្ឋនៅសហគមន៍ ក្នុងកាលៈទេសៈដែលរាជរដ្ឋាភិបាល បន្តការអំពាវនាវ សូមឲ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់រឹងប៉ឺង ចូលរួមចលនាសកម្មភាព ប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ-១៩ បើទោះជាកម្ពុជា បានបើកប្រទេសពេញលេញយ៉ាងណាក៏ដោយ តែការប្រុងប្រយ័ត្ន គឺជាកត្តាពង្រឹងភាពឈ្នះ បន្តនិរន្តរភាព នៃក្តីសង្ឃឹមសម្រាប់អនាគតដ៏វែងឆ្ងាយ លើដំណើរនៃការស្តារសេដ្ឋកិច្ចសង្គមជាតិឡើងវិញ បន្ទាប់ពីជំងឺកូវីដ-១៩ បង្កើតវិបត្តិអស់ជិត២ឆ្នាំ កន្លងមកនេះ។ ក្នុងនោះបញ្ហាកូវីដ-១៩ មិនអាចស្ថិតក្នុងទស្សនៈ សក់អ្នកណា ក្បាលអ្នកហ្នឹង បាននោះទេ ដោយសារតែវាជាប្រភេទជំងឺឆ្លងកាចសាហាវ ចេញពីមនុស្សម្នាក់ បន្តឲ្យទៅមនុស្សម្នាក់ទៀត និងរាលដាលពេញសហគមន៍ បើសិនជាមិនមានការប្រុងប្រយ័ត្នទេនោះ។ ភាពស៊ាំនៅក្នុងសហគមន៍ដោយការចាក់វ៉ាក់សាំងបង្ការ គឺជាមហាកំផែងដ៏រឹងមាំ ដែលប្រមុខនៃរាជរដ្ឋាភិបាល បានចាត់ទុកជាយុទ្ធសាស្រ្តគន្លឺះ ក្នុងការការពារអាយុជីវិតប្រជាជន ចំណែកឯ វិធានសុវត្ថិភាព ៣ការពារនិង៣កុំ គឺជាយ័ន្តដ៏ស័ក្តិសីទ្ធ។ ការធ្វើអនាម័យ និងការព្យាយាមធ្វើលំហាត់ប្រាណ គឺជាការថែបំប៉នសុខភាព ឲ្យបានរឹងមាំ គ្រួសារមានសុភមង្គល។

សូមជម្រាបថា អំណោយជាជែលលាងដៃដែលប្រគល់ជូននាពេលនេះរួមមាន៖ សាខាកាកបាទក្រហមកម្ពុជាខេត្ត ទទួលបានចំនួន ១០០កេស ,មន្ទីរពេទ្យគន្ធបុប្ផាចំនួនន ៥០កេស ,មន្ទីរពេទ្យអង្គរ ចំនួន ៥០កេស ,មន្ទីពេទ្យយោធភូមិភាគ៤ ចំនួន ៥០កេស ,មន្ទីរពេទ្យខេត្តសៀមរាប ចំនួន ១៥០កេស ,មន្ទីរពេទ្យបង្អែកស្រុកពួក ចំនួន ១០០កេស ,មន្ទីរពេទ្យបង្អែកស្រុកក្រឡាញ់ ចំនួន ១០០កេស ,មន្ទីរពេទ្យបង្អែកស្រុកអង្គរជុំ ចំនួន ១០០កេស និងមន្ទីរពេទ្យបង្អែកស្រុក សូទ្រនិគម ទទួលបានចំនួន ១០០កេសផងដែរ៕  


Telegram