ខេត្តសៀមរាប ៖ កម្លាំងនគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងនៃប៉ុស្តិ៍រដ្ឋបាលចុងឃ្នៀស ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឈន សុខេន ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរគ្មាន ទីលំនៅបច្ចុប្បន្នភូមិទី៦ សង្កាត់ចុងឃ្នៀស ក្រុង/ខេត្តសៀមរាប នៅកាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១២និង៥០នាទីរសៀល ពាក់ព័ន្ធករណីអំពើលួចម៉ូតូ និងបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។ នេះបើយោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ ។
លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌបានបញ្ជាក់ថា កាលពីថ្ងៃទី0៦ ខែធ្នូ ឆ្នាំ ២០២១ វេលាម៉ោង៣រសៀល នៅចំណុចក្នុងរោងប្រក់តង់មាត់ទឹក ស្ថិតនៅភូមិទី៦ សង្កាត់ចុងឃ្នៀស ក្រុង/ខេត្តសៀមរាប ជនរងគ្រោះឈ្មោះ ឈើត សាវ័ន្ត ភេទស្រី អាយុ២៩ឆ្នាំ មុខរបរមេផ្ទះ មានទីលំនៅភូមិទី២ សង្កាត់ចុងឃ្នៀស ក្រុង/ខេត្តសៀមរាប បានយកម៉ូតូរបស់គាត់ចំនួន០១គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1AG-3017 ចតទុកនៅចំណុចខាងលើ ដោយមិនបានចាក់សោរក ឬសោរសុវត្ថិភាពអ្វីទេ ហើយបានចូលទៅគេងនៅក្នុងផ្ទះលើផែបណ្តែតទឹក រហូតឈានដល់វេលាម៉ោង០២និង១០នាទី ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ ជនសង្ស័យឈ្មោះ ឈន សុខេន បានធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះខាងលើ រួចហើយជិះគេចខ្លួនបាត់។
ក្រោយកើតហេតុ ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលចុងឃ្នៀស ហើយកម្លាំងសមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវ នៅជុំវិញកន្លែងកើតហេតុ រហូតឈានដល់កំណត់មុខសញ្ញា និងធ្វើការឃាត់ខ្លួនជនសង្ស័យ ។
តាមចម្លើយសារភាព ជនសង្ស័យថារូបគេពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះខាងលើពិតប្រាកដមែន ហើយបានយកម៉ូតូខាងលើទៅដោះដូរគ្រឿងញៀនជាមួយនឹងឈ្មោះ អន ហេងគង់ ភេទប្រុស អាយុប្រហែល២៥ឆ្នាំ មានទីលំនៅបច្ចុប្បន្នខាងមុខផ្សារដើមក្រឡាញ់ថ្មី ស្ថិតនៅភូមិភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប ។ បន្ទាប់មកសមត្ថកិច្ចក៏បានធ្វើការស្រាវជ្រាវ និងដកហូតម៉ូតូរបស់ជនរងគ្រោះខាងលើ បានមកវិញ ដោយឡែកឈ្មោះ អន ហេងគង់ បានគេចខ្លួនបាត់ ។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យខាងលើទៅកាន់សាលាដំបូងខេត្តសៀមរាប ដើម្បីបន្ដតាមនីតិវិធីច្បាប់ ៕